(បាត់ដំបង)៖ កម្ពុជា ក្រោមដំបូលនៃសុខសន្តិភាព ស្ថិរភាពនយោបាយពេញផ្ទៃប្រទេស បានអនុញ្ញាតឱ្យប្រជាពលរដ្ឋគ្រប់រូប មានសិទ្ធិគ្រប់បែបយ៉ាង ស្របទៅតាមច្បាប់ដែលបានកំណត់ ខណៈព្រៃឈើ និងធនធានធម្មជាតិ ក៏ត្រូវទទួលបានការការពារយ៉ាងត្រឹមត្រូវ ក្រោមច្បាប់ការពារធនធានធម្មជាតិ។ ប៉ុន្តែ នៅមានការគំរាមកំហែងមួយចំនួន ដែលបង្កឡើងដោយកត្តាមនស្សជាដើម។
ក្រសួងបរិស្ថាន ក្នុងនាមសេនាធិការនៃរាជរដ្ឋាភិបាល និងមន្ត្រីរបស់ខ្លួន មានការទទួលខុសត្រូវក្នុងភាពជាម្ចាស់ ក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន លើការការពារ និងអភិរក្សធនធានធម្មជាតិ ដោយឈរនៅលើមូលដ្ឋានច្បាប់ជាធរមាន។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានយុទ្ធនាការអន្ទាក់សូន្យ បានថ្លែងថា «អ្វីៗដែលបានកើតឡើងពីអតីតកាល ដែលប្រជាជនធ្លាប់ចូលព្រៃបរបាញ់សត្វមកធ្វើជាម្ហូប គឺដោយសារតែកត្តាសេដ្ឋកិច្ច សង្គមរបស់កម្ពុជា មិនទាន់មានការរីកចម្រើនខ្លាំង តែបច្ចុប្បន្ននេះ ក្រោមសម័យតេសជោ សន្តិភាព គឺកម្ពុជា យើងបានបោះជំហានទៅមុខលើការអភិវឌ្ឍសេដ្ឋកិច្ច ការងារក៏មានច្រើន ការវិនិយោគក៏យើងមានច្រើន ប្រភពចំណូលតាមរយៈការងារ ដែលស្របច្បាប់ក៏យើងមានច្រើន ដែលជាពេលវេលាមួយត្រូវតែផ្លាស់ប្តូរ នូវទម្លាប់ចាស់របស់យើង»។
លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា ធនធានធម្មជាតិ សត្វព្រៃ និងមនុស្សសុទ្ធតែមានតួនាទីយ៉ាងសំខាន់សម្រាប់ភពផែនដី។ ដូច្នេះ ប្រសិនបាត់បង់ជីវៈចម្រុះណាមួយនោះនឹងបាត់បង់តុល្យភាពប្រព័ន្ធអេកូឡូស៉ី។ ប្រសិនបើមិនអាចការពារបាននូវជីវៈចម្រុះនោះម្ហូបអាហាររបស់យើងក៏នឹងបាត់បង់ផងដែរ។ លោកបានលើកឡើងថា ការបរិភោគសាច់សត្វព្រៃ គឺជាការលុបបំបាត់ប្រភពចំណីអាហាររបស់ខ្លួនឯង ពីព្រោះធម្មជាតិ ជាអ្នកផ្តល់ចំណីអាហារដល់មនស្សគ្រប់ៗរូប។
អ្នកនាំពាក្យរូបនេះ បានគូសបញ្ជាក់ថា៖ «ការដឹកនាំធ្វើយុទ្ធនាការអន្ទាក់សូន្យនេះ ដើម្បីផ្តល់សុវត្ថិភាពទៅដល់សត្វព្រៃ ហេតុអ្វីបានជាយើងនិយាយដល់សុវត្ថិភាពដល់សត្វព្រៃ នៅពេលដែលយើងនិយាយដល់សុវត្ថិភាពសម្រាប់មនុស្ស សត្វព្រៃក៏ត្រូវការសុវត្ថិភាព សត្វព្រៃក៏ត្រូវការភាពសុខសាន្ត សត្វព្រៃក៏ត្រូវការជម្រក ដើម្បីអាចបន្តពូជ»។
បន្ថែមពីនេះ លោក នេត្រ ភក្ត្រា បានបន្តថា ការបាត់បង់សត្វព្រៃ នឹងធ្វើឱ្យមនុស្សបាត់បង់អ្វីៗទាំងអស់ ដូច្នេះ យើងមិនចង់ឃើញមានតែព្រៃ ប៉ុន្តែ មិនមានវត្តមានសត្វព្រៃនោះទេ។ វត្តមានសត្វព្រៃ ជាផ្នែកមួយទាក់ទាញភ្ញៀវទេសចរ សម្រាប់ជាចំណូលដល់ប្រជាសហគមន៍នៅមូលដ្ឋាន។
លោក ផេង សិទ្ធី អភិលរងខេត្តបាត់ដំបង បានថ្លែងថា អាជ្ញាធរខេត្តបានប្តេជ្ញាចូលរួមលុបលំបាត់នូវការដាក់អន្ទាក់ ដែលជាការបំផ្លាញសត្វព្រៃដ៏មានតម្លៃ សម្រាប់ទឹកដីខេត្តបាត់ដំបង។
លោក ផេង សិទ្ធី បន្តថា ជាមួយគ្នាក្នុងព្រៃខេត្តបាត់ដំប ងត្រូវតែអស់អន្ទាក់ ព្រមជាមួយគ្នានៅតាមភោជនីយដ្ឋានមិនត្រូវមានការលក់មុខម្ហូប ធ្វើពីសត្វព្រៃផងដែរ។
បើតាមលោក គង់ មុនីច័ន្ទ នាយកមូលនិធិ MJP ប្រចាំនៅកម្ពុជា បានឱ្យដឹងថា សម្រាប់តំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត តាមការសិក្សា គឺមានវត្តមានសត្វព្រៃកម្រជាច្រើនប្រភេទ។ ខណៈដែលតំបន់នេះ ទទួលបានការស្រឡាញ់ពីសំណាក់លោកស្រី អេន ជីលីណា តារាហលីវូដ ម្ចាស់មូលនិធិម៉ាដក្សជូលីភីត (MJP) ដែលបង្កើតឡើងនៅឆ្នាំ២០០៣ និងពង្រីកសាខានៅកម្ពុជា ឆ្នាំ២០០៦ ដែលបានចំណាយថវិកាចូលរួមការពារ និងអភិរក្សសត្វព្រៃ ធនធានធម្មជាតិនៅសំឡតនេះ។
នាយកមូលនិធិ MJP ប្រចាំនៅកម្ពុជា បានអំពាវនាវឱ្យរួមគ្នាដើម្បីជំនះរាល់ឧបសគ្គនានា ដើម្បីការពារព្រៃឈើ និងសត្វព្រៃនៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត ហើយយុទ្ធនាការនានាពាក់ព័ន្ធនឹងកិច្ចគាំពារ អភិរក្សធនធានធម្មជាតិ មិនគួរបញ្ឈប់ត្រឹមយទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២នោះទេ គឺត្រូវធ្វើបន្តទៀត ដើម្បីធ្វើយ៉ាងណាឱ្យព្រៃឈើ និងសត្វព្រៃមានសុខសន្តិភាពដូចមនុស្ស។
គួរឱ្យដឹងថា មន្ត្រីក្រសួងបរិស្ថាន អាជ្ញាធរខេត្តបាត់ដំបង និងខេត្តប៉ៃលិន អង្គការផ្នែកអភិរក្ស មន្ទីរជំនាញពាក់ព័ន្ធ ព្រមទាំងសិស្សានុសិស្សជិត ៣០០នាក់ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣នេះ បានដង្ហែក្បួនបើកយុទ្ធនាការអន្ទាក់សូន្យលើកទី២ នៅទីខេត្តបាត់ដំបង។ យុទ្ធនាការអន្ទាក់សូន្យលើកទី២ លើទឹកដីខេត្តបាត់ដំបង ដឹកនាំដោយលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានយុទ្ធនាការអន្ទាក់សូន្យ ព្រមទាំងថ្នាក់ដឹកនាំខេត្តបាត់ដំបង និងប៉ៃលិន រួមជាមួយអង្គការ ដៃគូជាច្រើន ពិសេសមូលនិធិម៉ាដុក ជូលីភីត៕