(កំពង់ធំ)៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានក្រុមការងារចុះមូលដ្ឋានឃុំបន្ទាយស្ទោង ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ បានបើកការដ្ឋានស្ថាបនាផ្លូវក្រាលគ្រួសក្រហមមួយខ្សែ មានប្រវែង៧គឺឡូម៉ែត្រ ដែលឆ្លងកាត់ភូមិបន្ទាយស្ទោងទៅកាន់ភូមិបវែង ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។

លោក សូត្រ អ៊ុល មេឃុំបន្ទាយស្ទោង បានឱ្យដឹងថា ផ្លូវ១ខ្សែនេះ កន្លងមកផ្លូវនេះមានការខូចខាតយ៉ាងខ្លាំង លំបាកក្នុងការធ្វើដំណើររបស់ប្រជាជន ពិសេសក្នុងរដូវវស្សា ហើយផ្លូវនេះក្រោមគម្រោងឧបត្ថម្ភកញ្ចប់ថវិកាវិភាជន៍ពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង ខេត្តកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងថា ក្រោយពេលសាងសង់រួច ផ្លូវនេះនឹងជួយបង្កលក្ខណៈងាយស្រួលជូនដល់ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ងាយស្រួល និងដឹកជញ្ជូនដំណាំកសិផលផ្សេងៗក្នុងការផ្គត់ផ្គង់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋផងដែរ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋ ដែលបានសហការយ៉ាងល្អក្នុងការបង្កលក្ខណៈងាយស្រួល ជួយដោះស្រាយនូវរាល់ផលប៉ះពាល់នៃការពង្រីកផ្លូវថ្មីឲ្យមានភាពធំទូលាយ និងបានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ដែលប្រើប្រាស់ផ្លូវនេះសូមមេត្តាជួយថែរក្សាកុំឱ្យខូចខាត ដោយមិនត្រូវដឹកជញ្ជូនលើសទម្ងន់កំណត់ ដើម្បីធ្វើឲ្យផ្លូវនេះប្រើប្រាស់បានយូរអង្វែងសម្រាប់កូនចៅយើងជំនាន់ក្រោយៗទៀត ព្រមជាមួយនោះត្រូវគោរពច្បាប់ចរាចរណ៍ មិនត្រូវបើកបរលើសស្បឿនកំណត់ ដែលនាំឲ្យមានគ្រោះថ្នាក់ របួសពិការឬបាត់បង់ជីវិតឡើយ ព្រមទាំងបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមមេត្តាអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលតី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឲ្យបានគ្រប់ៗគ្នា៕