(សៀមរាប)៖​ ឆ្លៀតក្នុងឱកាសបំពេញបេសកកម្មការងារ ក្នុងក្រុងសៀមរាប នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣នេះ​ លោក​ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូក្រសួងចុះសួរសុខទុក្ខលោក ប្រាក់ សុផាន់ណា ដែលជាជនមានពិការភាព ដែលពោរពេញដោយសមត្ថភាព និងទេពកោសល្យផ្នែកសិល្បៈតែងនិពន្ធ និងចម្រៀង​ ដែលបានសម្តែង បទចម្រៀង «មានដង្ហើម មានសង្ឃឹម» ក្នុងពិធីបើកអាស៊ានប៉ារ៉ាហ្គេម ២០២៣​ ។

ក្នុងជំនួបសំណេះសំណាលនេះ លោកទេសរដ្ឋមន្ត្រី ស៊ុន​ ចាន់ថុល​ បានកោតសរសើរដល់លោក ប្រាក់ សុផាន់ណា ដែលមិនរាថយក្នុងការតស៊ូ ជាមួយនឹងការរើសអើងនានា តាំងពីដើមរហូតមក។ នេះគឺជាកម្លាំងជំរុញចិត្ត ដល់អ្នកដែលជួបប្រទះនឹងបញ្ហាដូចរូបលោក ឱ្យមានកម្លាំងចិត្ត ក្នុងការបន្តដំណើរជីវិតទៅមុខ។

ជាមួយគ្នានេះដែរ លោកទេសរដ្ឋមន្ត្រី ក្នុងនាមក្រសួងសាធារណការ និងដឹកជញ្ជូន បានឧបត្ថម្ភថវិកាចំនួន ២៥០០ដុល្លារអាមេរិក ដោយឡែកក្រុមហ៊ុនជីបម៉ុង តាមរយៈលោកទេសរដ្ឋមន្ត្រី ក៏បានឧបត្ថមថវិកាចំនួន ២៥០០ដុល្លារអាមេរិកផងដែរ។ លើសពីនេះថ្នាក់ដឹកនាំក្រសួង ដែលបានចូលរួមនាឱកាសនោះ បានរួមគ្នាឧបត្ថម្ភថវិកាផ្ទាល់មួយចំនួនជូន លោក ប្រាក់ សុផាន់ណា ក្នុងការទ្រទ្រង់ជីវភាពគ្រួសារ។

ដើម្បីសម្រេចនូវគោលបំណងរបស់លោក ប្រាក់ សុផាន់ណា ក្នុងការមានផ្ទះ និងដីផ្ទាល់ខ្លួន ក្នុងការរស់នៅ ដោយមិនចាំបាច់ជួលគេ លោកទេសរដ្ឋមន្ត្រី ស៊ុន​ ចាន់ថុល​ក៏សម្រេចឧបត្ថម្ភផ្ទះ និងដីមួយកន្លែងជូនតាមសំណូមពរ។ ទន្ទឹមនឹងនេះ ដើម្បីឱ្យជីវភាពគ្រួសាររបស់លោក សុផាន់ណា កាន់តែប្រសើរលោកទេសរដ្ឋមន្ត្រី គ្រោងពិភាក្សាជាមួយនឹងផលិតកម្មបារមី ក៏ដូចជាក្រុមហ៊ុនជីបម៉ុង ក្នុងការនាំយកសមត្ថភាព និងទេពកោសល្យផ្នែកសិល្បៈតែងនិពន្ធ និងចម្រៀង របស់លោកទៅរៀបចំផលិត និងបង្ហាញជូនសាធារណជន នៅផ្សារទំនើបជីបម៉ុងមេហ្គាម៉ល៕