(ពោធិ៍សាត់)៖ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តពោធិ៍សាត់ បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ខាងមុខនេះ។
ជាមួយនឹងការអំពាវនាវនេះ លោក និងថ្នាក់ដឹកនាំ ព្រមទាំងសមាជិកសមាជិកនៅខេត្តពោធិ៍សាត់ បានប្រកាសគាំទ្រ សម្តេចតេជោ ហ៊ុន សែន ជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា និងគាំទ្រ លោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រី សម្រាប់ថ្ងៃអនាគត។
ការអំពាវនាវនេះ បានធ្វើឡើងក្នុងឱកាសដែលលោករដ្ឋមន្ត្រី អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរង្វង់មូលដំរី៥០៥ សួនច្បារគោព្រៃ និងរូបសំណាកព្រះគណេស ស្ថិតនៅឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
នៅក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានសម្តែងភាពរីករាយចំពោះសមិទ្ធផលថ្មី នៅក្នុងទឹកដីស្រុកវាលវែង។ លោកបានជម្រាបជូនប្រជាពលរដ្ឋអំពីស្ថានភាពនយោបាយនៅកម្ពុជា ខណៈដែលការបោះឆ្នោតកាន់តែខិតជិតចូលមកដល់ ដែលថ្នាក់ដឹកនាំ និងសកម្មជនគណបក្សប្រឆាំង បានប្រកាសចាកចេញ ហើយមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ប្រៀបដូចទឹកបាក់ទំនប់ មិនថានៅក្នុងប្រទេស និងនៅក្រៅប្រទេស ដែលជាការសម្រេចចិត្តត្រឹមត្រូវ ដើម្បីចូលរួមថែរក្សាការពារសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។
លោកបានលើកឡើងអំពីសមិទ្ធផលជាច្រើនរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ឈ្លៀសវៃរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជន ដែលធ្វើឱ្យមានការរីកចម្រើនលើគ្រប់វិស័យ និងមានកំណើនសេដ្ឋកិច្ចជាប្រចាំ៕