(កំពង់ធំ)៖ លោក ដៀប ពិរី សមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំ និងលោកស្រី អ៊ុក គឹមអ៊ុន ជាម្ចាស់ជំនួយ នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ បានសម្ពោធអគារសិក្សាថ្មីមួយខ្នងនៅសាលាបឋមសិក្សាបញ្ញាជី ឃុំត្បូងក្រពើ ស្រុកសន្ទុក ដែលចំណាយថវិកាជាង៦ម៉ឺនដុល្លារ។
លោក គៀង សេងគី មេឃុំត្បូងក្រពើ បានឲ្យដឹងថា ដោយមើលឃើញពីការលំបាករបស់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងចូលរួមចំណែកជាមួយរាជរដ្ឋភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន លោកស្រី អ៊ុម គឹមអ៊ុន ដែលជាភរិយារបស់លោក ពិត តាំងសាន្ត អតីតនាយករងខុទ្ទកាល័យសម្តេច បានជួយឧបត្ថម្ភគាំទ្រអគារសិក្សាមួយខ្នងដែលមាន៥បន្ទប់ ប្រក់ក្បឿងនិងបន្ទប់ទឹកមយយខ្នង២បន្ទប់ បានកសាងចាប់ពីខែកុម្ភៈ រហូតដល់ខែមិថុនា ឆ្នាំ២០២៣ ចំណាយថវិកាអស់៦៣,០០០ដុល្លារអាមេរិក។
លោកស្រី អ៊ុក គឹមអ៊ុន លើកលើកឡើងថា ដោយសាររូបគាត់និងក្រុមគ្រួសារគឺជាអ្នកមានស្រុកកំណើតនៅទីនេះស្រេចហើយ ក៏ធ្លាប់បានជួយជាហូរហែមកដែរហើយនៅពេលនេះដោយមើលឃើញពីការលំបាកលោកស្រី និងក្រុមគ្រួសារបានជួយឧបត្ថម្ភដល់អគារសិក្សាមួយខ្នងនេះ ដើម្បីជាប្រយោជន៍រួម ជាពិសេសគឺបានឲ្យសិស្សានុសិស្សបានសិក្សារៀនសូត្រមានទីកន្លែងសមរម្យ។
លោកស្រីបានជ្រើសរើសសាលាបឋមសិក្សានេះ ពីព្រោះសាលាមួយនេះមានភាពចាស់ទ្រុឌទ្រោមនិងចង្អៀតដែលជាហេតុធ្វើឲ្យសិស្សសាលាមានភាពលំបាកក្នុងការសិក្សា ហើយអាចបណ្តាលឲ្យសិស្សៗបោះបង់ចោលការសិក្សានៅដំណាក់កាលដំបូងនៃការអប់រំរបស់ពួកគេឥឡូវនេះ ដោយការសាងសង់ឡើងវិញបានសម្រេចជាស្ថាពរ បានប្រែក្លាយមុខមាត់ថ្មី ក៏ដូចជាបន្ទប់សិក្សាគ្រប់គ្រាន់ ដែលជួយឲ្យសិស្សនុសិស្សអាចផ្តោតលើវគ្គសិក្សារបស់ពួកគេបានប្រសើរជាងមុន។
ជាមួយគ្នានេះ លោក ដៀប ពិរី បានថ្លែងអំណរគុណដល់លោកស្រី អ៊ុក គឹមអ៊ុន និងក្រុមគ្រួសារដែលបានលះបង់ថវិកាជួយសាងសង់អគារសិក្សាថ្មីមួយខ្នងនេះទុកជាគុណប្រយោជន៍រួម ពិសេសបានឆ្លើយតបទៅនឹងតម្រូវការរបស់សាលារៀនបានទាន់ពេលវេលា។
លោកបន្តថា ការបើកសម្ពោធអាគារសិក្សាថ្មីនេះគឺពិតជាមានសារៈសំខាន់ណាស់ដល់កុមារមានឱកាសបានចូលសិក្សារៀនសូត្រ ជាថ្នាលបណ្ដុះបណ្ដាលកសាងធនធានមនុស្ស ហើយការបង្ហាត់បង្រៀនកុមារមិនត្រឹមតែជាតួនាទីរបស់លោកគ្រូអ្នកគ្រូប៉ុណ្ណោះទេ តែទាមទារឲ្យមានការសហការគ្នាជាមួយមាតាបិតាគ្រប់ៗរូបចូលរួមក្នុងការបង្ហាត់បង្រៀនកូនៗបន្ថែមទៀត ព្រោះមាតាបិតាគឺជាអ្នកដែលរស់នៅផ្ទាល់ជាមួយពួកគាត់ ដែលយើងត្រូវបង្រៀនពួកគាត់ទាំងអាកប្បកិរិយា ចេះគ្រប់គ្រងដោយខ្លួនឯង បង្ហាត់បង្រៀនមេរៀនបន្ថែមនៅឯផ្ទះចំពោះកិច្ចការផ្ទះដែលលោកគ្រូអ្នកគ្រូបានដាក់ឲ្យកុមារប្រៀបដូចជាក្រដាសសមួយសន្លឹកដែលងាយនឹងប្រឡាក់ បើមិនធ្វើការហាត់ពុតលុតដុំពួកគាត់តាំងពីតូចទេនោះ នោះយើងនឹងពិបាកក្នុងការទូន្មានប្រៀនប្រដៅគាត់នាពេលអនាគត។
លោក ដៀប ពិរី បានផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ត្រូវខិតខំប្រឹងប្រែងរៀនសូត្រឲ្យក្លាយខ្លួនទៅជាកូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អទៅថ្ងៃអនាគត ជាពិសេសគឺចូលរួមគោរពច្បាប់ចរាចរណ៍ និងចៀសឲ្យឆ្ងាយពីគ្រឿងញៀនផងដែរ៕