(កំពង់ធំ)៖ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានរៀបចំពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីចំនួន៥០០នាក់ ក្រោមអធិបតីភាពលោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ ពិធីនេះត្រូវធ្វើឡើងនៅស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំកំពង់ស្វាយ នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣។
លោកស្រី ឃួន ឃុនឌី បានលើកឡើងអំពីប្រវត្តិនិងស្នាដៃរបស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សមានវ័យចំណាស់មានភាពចាស់ទុំ បានដាក់ចេញនូវកម្មវិធីនយោបាយដ៏ត្រឹមត្រូវ និងមានគុណបំណាច់ បានកសាង សមិទ្ធផលជាច្រើនក្នុងបុព្វហេតុជាតិ មាតុភូមិ ព្រមទាំងបានឆ្លងកាត់ការលំបាកគ្រប់បែបយ៉ាងជាមួយប្រជាពលរដ្ឋ រហូតនាំឲ្យប្រទេសមានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍដូចសព្វថ្ងៃ។
លោកស្រីបានបន្តថា គណបក្សប្រជាជនកម្ពុជាជាគណបក្សដែលមានធនធានមនុស្សគ្រប់គ្រាន់ និងតែងតែគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង និងគ្រប់កាលៈទេសៈ ទោះជាស្ថិតក្នុងដំណាក់កាលណាក៏ដោយ ជាពិសេសក្នុងដំណាក់កាលនៃការប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺកូវីដ១៩ ក្រោមការដឹកនាំរបស់សម្តេចប្រធានគណបក្ស ក្នុងការកំណត់យកការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដើម្បីកាត់បន្ថយការឆ្លង ការឈឺធ្ងន់ ធានាបានភាពសាំក្នុងសហគមន៍ និងការរស់នៅតាមបែបគន្លងថ្មី ដោយទទួលបានជោគជ័យ ព្រមទាំងបើកប្រទេសឡើងវិញ។
លោកស្រីអរគុណសមាជិកទាំងអស់ដែលមានជំនឿជឿជាក់ ហើយបានសម្រេចចិត្តចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុត ពីព្រោះមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ដែលអាចផ្តល់សន្តិភាព និងការអភិវឌ្ឍដ៏រឹងមាំជូនប្រទេសជាតិ ពីពេលនេះនិងទៅថ្ងៃអនាគត ព្រមទាំងអំពាវនាវដល់សមាជិកទាំងអស់ ត្រូវរៀបចំឯកសារពាក់ព័ន្ធ ដូចជាអត្តសញ្ញាបណ្ណ និងលិខិតបញ្ជាក់ពីអាជ្ញាធរ ដើម្បីចូលរួមបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ជូនគណបក្សប្រជាជនកម្ពុជា នៅលេខរៀងទី១៨ ដែលមានមាននិមិត្តសញ្ញាទេវតាបាចផ្កាជាសម្គាល់៕