(បន្ទាយមានជ័យ)៖ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកស្រី ម៉ៅ ម៉ាល័យ នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ បានសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុងប្រវែង៧គ.ម តភ្ជាប់ពីផ្លូវជាតិលេខ៦ ឃុំឈ្មួរមានជ័យ ដល់វត្តប្រាសាទស្រះកណ្តាល (ខ្ចាស់) ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដែលជាចំណងដៃថ្មីរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនអ្នកបន្ទាយមានជ័យ។

ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខជូនពរជ័យពីសម្ដេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំកំពូលជាតិកោតសរសើរ ​និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ បងប្អូនអតីតយុទ្ធជន និវត្តន៍ជន និងប្រជាពលរដ្ឋមហាគ្រួសារអ្នកបន្ទាយមានជ័យ ពិសេសអ្នកស្រុកព្រះនេត្រព្រះដែលបានចូលរួមរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សង្គមអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ការទប់ស្កាត់ជំងឺកូវីដ-១៩ អភិវឌ្ឍស្តារហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត លើកកម្ពស់បានជីវភាពសមរម្យជូនប្រជាពលរដ្ឋ និងសូមស្វាគមន៍ចំពោះបងប្អូនដែលធ្លាប់មាននិន្នាការគណបក្សនយោបាយផ្សេងៗទៀត ដែលបានមកចូលរួមគាំទ្រ និងរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនដើម្បីរួមគ្នាកសាងជាតិនិងសូមអញ្ជើញប្រជាពលរដ្ឋទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាទាំងអស់គ្នាដើម្បីបន្តមានសន្តិភាពនិងការអភិវឌ្ឍ។

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកស្រី ម៉ៅ ម៉ាល័យ បានអំណោយឧបត្ថម្ភដល់នគរបាល កងរាជអាវុធហត្ថ ប្រជាការពារ សឹករង ពេទ្យប្រចាំការ មណ្ឌលកុមារកំព្រាវិសាខា កងវិស្វកម្ម សាលាបឋមសិក្សាខ្ចាស់  ប្រគេនបច្ច័យវត្តខ្ចាស់ មេគុណខេត្តបន្ទាយមានជ័យ ព្រមទាំងឧបត្ថម្ភថវិកា និងសម្ភារប្រើប្រាស់ដល់អតីតយុទ្ធជន ប្រជាពលរដ្ឋ និងឧបត្ថម្ភជាថវិកា គ្រឿងឧបភោគ បរិភោគដល់មនុស្សវ័យចាស់សរុបជាថវិកាចំនួន៩០លាន៤០០ពាន់រៀល៕