(កំពង់ចាម)៖ ប្រជាជន និងយុវជនក្នុងឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ចំនួន៧៤៩នាក់ ត្រូវប្រកាសចូលជាសមាជិកថ្មីនៃគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោក សោ សាវឿន សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម និងជាប្រធានក្រុមការងារចុះជួយឃុំព្រែកកក់។

ពិធីរៀបចំធ្វើនៅបរិវេណសាលាបឋមសិក្សាមាឃ ដោយមានការចូលរួមពីសមាជិកអចិន្រ្ដីយ៍គណបក្សស្រុកស្ទឹងត្រង់ អនុប្រធាន សមាជិក ក្រុមការងារ ប្រធាន អនុប្រធានគណៈកម្មាធិកាបក្សឃុំ និងប្រធាន អនុប្រធាន សាខាបក្សភូមិ។

បន្ទាប់ពីតំណាងសមាជិកថ្មីបានឡើងប្តេជ្ញាចិត្តថា នឹងដើរតាមគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជាដោយឥតងាករេ គាំទ្រសម្តេចជោ ហ៊ុន សែន និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាគ្រប់កាលៈទេសៈ។

លោក សោ សាវឿន ក៏បាននាំនូវការសួរ​សុខទុក្ខ​ពីលោក ហ៊ុន ម៉ានិត អនុប្រធានទី១ក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងារចុះជួយស្រុកស្ទឹងត្រង់ និងលោក អ៊ុន ចាន់ដាប្រធានគណៈកម្មាធិកាគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម ហើយក៏បានរំលឹកថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋក្នុងឃុំព្រែកកក់ទាំងអស់ ដែលបានគាំទ្រសម្តេចតេជោ ហ៊ុន សែន ជារៀងរហូតមក ពិសេសបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឲ្យឈ្នះការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នាពេលកន្លងទៅ ហើយសង្ឃឹមជឿជាក់ថា គណបក្សប្រជាជនកម្ពុជានឹងទទួលបានជ័យជម្នះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០២៣ខាងមុខ ដើម្បីបានដឹកនាំ និងអភិវឌ្ឍប្រទេសជាតិឲ្យបានរីកចម្រើនសម្បូរសប្បាយបន្តទៀត។

លោក សោ សាវឿន បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្រេចនូវសមិទ្ធផលជាច្រើន ដូចជា៖ ទី១-រក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម ផ្តល់ឱកាសដល់ការអភិវឌ្ឍលើគ្រប់វិស័យ ​ប្រជាពលរដ្ឋមានជីវភាពកាន់តែល្អប្រសើរ និងរស់នៅដោយភាពសុខក្សេមក្សាន្ត, ទី២-បានបញ្ចប់សង្គ្រាមតាមរយៈនយោបាយឈ្នះឈ្នះនាំមកនូវសន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងបានប្រែក្លាយតំបន់សង្គ្រាមទៅជាតំបន់អភិវឌ្ឍន៍,​ ទី៣-បានរៀបចំការបោះឆ្នោតជាច្រើនអាណត្តិប្រកបដោយជោគជ័យតាមលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ហើយគណបក្សប្រជាជនកម្ពុជាតែងតែឈ្នះគ្រប់ការបោះឆ្នោតជារៀងរហូតមក, ទី៤-ជោគជ័យនៃយុទ្ធនាការស្រោចវ៉ាក់សាំងកូវីដ១៩នៅទូទាំងប្រទេស ការពារអាយុជីវិតប្រជាជនពីការឆ្លងរោគដ៏សាហាវនេះ និងបានបើកប្រទេសឡើងវិញ ព្រមទាំងដំណើរការសេដ្ឋកិច្ចសង្គមជាប្រក្រតី, ទី៥-កសាងហេដ្ឋារចនាសម្ព័ន ផ្លូវ ស្ពានគ្រប់ទិសទី តាំងពីទីក្រុងរហូតដល់ជនបទដាច់ស្រយាលពីផ្លូវដីមកជាផ្លូវក្រាលកៅស៊ូ និងបេតុង, រួមទាំងការផ្គត់ផ្គង់ទឹកស្អាត់ និងបង្គន់អនាម័យ, ដោះស្រាយប្រកបដោយប្រសិទ្ធភាពនូវបញ្ហាកង្វះអាហារូបត្ថម្ភគ្រប់ទម្រង់ និងបានគិតគូពីជីវភាពរស់នៅរបស់កម្មករកម្មការិនី ដែលធ្វើឲ្យសន្ទុះនៃការគាំទ្ររបស់ពួកគេមកលើការដឹកនាំរបស់សម្តេចតេជោកាន់តែខ្លាំងក្លាឡើង, ទី៦-គឺជោគជ័យនៃការដឹកនាំកិច្ចប្រជុំកំពូលអាស៊ានប្តូរវេន និងការៀបចំព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលធ្វើឲ្យពិភពលោកមានការស្ងើចសរសើរដល់កម្ពុជាយ៉ាងខ្លាំង និងទី៧-ថ្មីៗនេះរាជរដ្ឋាភិបាលទើបអនុម័តគម្រោងស្តារព្រៃជីកហ្វូណនតេជោ ពីទន្លេបាសាក់ទៅសមុទ្រ ដែលផ្តល់នូវផលចំនេញយ៉ាងច្រើនផ្នែកសេដ្ឋកិច្ច។

សមិទ្ធផលទាំងនេះកើតឡើងដោយសារសមត្ថភាពដ៏ខ្ពង់ខ្ពស់ប្រកប​ដោយបញ្ញាញាណឈ្លាសវៃ និងប៉ិនប្រសព្វក្នុងការដឹកនាំប្រទេសជាតិរបស់សម្តេចតេជោ ហ៊ុ​ន សែន នាយករដ្ឋមន្ត្រី ដែលយើងទាំងអស់គ្នាត្រូវតែមានការជឿជាក់ និងបន្តគាំទ្រសម្តេតតេជោជានាយករដ្ឋរដ្ឋគ្រប់អាណត្តិ និងគាំទ្រលោក ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រីបន្តវេននាពេលអនាគត៕