(ស្វាយរៀង)៖ កម្មការិនីម្នាក់ដែលចូលរួមក្នុងពិធីសំណេះសំណាលជាមួយសម្ដេចតេជោ ហ៊ុន សែន នៅក្រុងបាវិត ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣នោះ បានឈឺពោះឆ្លងទន្លេនៅមុនពេលចាប់ផ្ដើមកម្មវិធីបន្តិច ហើយក៏ត្រូវបានក្រុមគ្រូពេទ្យអន្តរាគមន៍ជួយសម្រាលជូន ខណៈបច្ចុប្បន្នទាំងម្ដាយនិងកូនស្រីគឺមានសុខភាពល្អធម្មតា។

បើតាមលោក គុជ ស៉ីថា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង បានឱ្យដឹងថា ការសម្រាលជូនកម្មការិនីរូបនេះ គឺធ្វើឡើងនៅមណ្ឌលសុខភាពបាវិត ខណៈទារិកានេះមានទម្ងន់២៥០០ក្រាម ជាកូនទី២របស់ម្ដាយឈ្មោះ ធឹម ស្រីនិត អាយុ២៤ឆ្នាំ អាសយដ្ឋានបច្ចុប្បន្ន ភូមិបឹងអណ្ដែង ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បម្រើការងារជាកម្មកររោងចក្រ សាន់ ហ្វេង។ ស្ត្រីសម្រាលកូនខាងលើមានប្ដីឈ្មោះ ខោល ខេន អាយុ២៥ឆ្នាំ ធ្វើការនៅរោងចក្រកង់ XBS ខ្ជាយ ក្រុងស្វាយរៀង។

ដោយទទួលបានគុណបុណ្យក្ដីសន្ដោស និងការណែនាំពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ឪពុកម្ដាយរបស់ទារិកានេះក៏សម្រេចដាក់ឈ្មោះឱ្យកូនស្រីខ្លួនថា «ខោល សែនចរណៃ» ដោយភ្ជាប់ទៅនឹងឧត្តមនាមរបស់សម្ដេចតេជោផងដែរ។

អាជ្ញាធរបាននាំយកថវិកាឧបត្ថម្ភជូនស្ត្រីជាម្ដាយ ក្នុងនោះមានថវិការបស់សម្ដេចតេជោ និងសម្ដេចកិត្តព្រឹទ្ធបណ្ឌិតចំនួន៥លានរៀល ថវិកា២០០ដុល្លារដែលទទួលបានក្នុងពិធីសំណេះសំណាលជាមួយសម្ដេចតេជោ ហ៊ុន សែន នៅក្រុងបាវិត ថវិការបស់លោក ព្រាប កុល ចំនួន១០០ដុល្លារ លោក យឹម ស៉ីណន ចំនួន១០០ដុល្លារផងដែរ។ នេះបើតាមលោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង បានបញ្ជាក់បន្ថែម។

ស្ត្រីជាម្ដាយឈ្មោះ ធឹម ស្រីនិត បានប្រណមម្រាមដៃលើកសំពះថ្លែងអំណរគុណសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងថ្នាក់ដឹកនាំជាសប្បុរជនពីចម្ងាយ ដែលបានផ្ដល់ក្ដីសន្តោសប្រពៃ យកចិត្តទុកដាក់ចំពោះរូបនាងនិងទារិកា ពិសេសគឺបានអនុញ្ញាតឱ្យភ្ជាប់ឈ្មោះកូនស្រីទៅនឹងឧត្តមនាមរបស់សម្ដេចតេជោថែមទៀត ដែលនេះគឺជាក្ដីករុណាយ៉ាងធំធេងសម្រាប់ប្រជាពលរដ្ឋ៕