(ភ្នំពេញ)៖ កញ្ញា តី បានអះអាងថា កាលខ្លួននៅពីក្មេងពេលឃើញគេទៅបោះឆ្នោត និងការធ្វើក្បួនដង្ហែរបស់គណបក្សប្រជាជនកម្ពុជា ដែលមនុស្សម្នាជាច្រើន គឺកញ្ញាតែងតែចង់ធ្វើដូចគេដែរ ហើយឥឡូវនេះក្តីស្រមៃបានក្លាយជាការពិតហើយ។
ការអះអាងរបស់កញ្ញា តី បានធ្វើឡើងក្នុងពិធីប្រកាសបញ្ចូល សមាជិកគណបក្សប្រជាជនកម្ពុជា សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ចំនួន ២១១២នាក់ ដែលពិធីនេះ ត្រូវបានធ្វើឡើងនៅមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក ឱម យ៉ិនទៀង ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ខណ្ឌទួលគោក រាជធានីភ្នំពេញ។
បើតាមកញ្ញា តី ការមកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារតែកញ្ញាមើលឃើញថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ប្រទេសជាតិមានការរីកចម្រើន និងមានសន្តិភាពពេញលេញ ធ្វើឲ្យប្រជាពលរដ្ឋងាយស្រួលប្រកបការងារ និងជីវភាពធូរធា។ តី ពេញចិត្តគណបក្សប្រជាជនកម្ពុជា តាំងពីនាងនៅក្មេងម្ល៉េះ។
ក្នុងកិច្ចសម្ភាសជាមួយ Fresh News កញ្ញា បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំស្រលាញ់ (បក្សប្រជាជន) តាំងពីក្មេង ព្រោះអីពីក្មេងឃើញគេបោះឆ្នោត គេហែបក្សអញ្ចឹង ក៏ចង់ដែរ ឥឡូវមានឱកាសហើយ»។
ជាមួយគ្នានេះ តី បានសំណូមពរប្រជាពលរដ្ឋទាំងអស់ ទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់គ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ និងបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍ៕