(ភ្នំពេញ)៖ លោក ឱម យ៉ិនទៀង ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ខណ្ឌទួលគោក រាជធានីភ្នំពេញ បានអញ្ជើញគណៈអធិបតី ក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ចំនួន ២១១២នាក់ ដែលពិធីនេះត្រូវបានធ្វើឡើងនៅមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣។

ក្នុងឱកាសនោះ លោក ឱម យ៉ិនទៀង បានលើកឡើងថា សម្រាប់លោកផ្ទាល់ថ្ងៃចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា គឺជាថ្ងៃដែលលោករីករាយណាស់ ដែលប្រៀបបាននឹងថ្ងៃខួបកំណើតមួយដែរ។ លោកក៏បង្ហាញក្តីរីករាយ ដែលឃើញយុវជនយុវនារីដល់ទៅជាង ២០០០នាក់ ត្រូវបានប្រកាសបញ្ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា នៅពេលនេះ។

បើតាមលោក ឱម យ៉ិនទៀង ការកសាងបក្ស គឺជាចលនាមិនឈប់ឈរ ហើយសម្រាប់គណបក្សប្រជាជនកម្ពុជា ឲ្យតែឃើញមនុស្សល្អ ត្រូវតែបញ្ចូលជាសមាជិក។ លោកបន្តថា បើការកសាងបក្ស យកតែបក្ខពួក នឹងធ្វើឲ្យមានមនុស្សអាក្រក់ក្នុងបក្សជាក់ជាមិនខាន។

លោក ឱម យ៉ិនទៀង បានលើកឡើងទៀតថា ការបញ្ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា មិនមែនចេះតែចាប់ដាក់ទេ គឺមានការគិតគូរច្បាស់លាស់ណាស់ ដោយយកមនុស្សមានលក្ខណៈសម្បត្តិត្រឹមត្រូវ។

ក្នុងឱកាសនោះដែរ លោក ឱម យ៉ិនទៀង ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់គ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។ លោកបានផ្តាំថា ក្នុងនាមជាសមាជិកគណបក្សប្រជាជនកម្ពុជា ត្រូវតែបោះឆ្នោតឲ្យគណបក្សប្រជាកម្ពុជា គាំទ្រសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បន្តធ្វើជានាយករដ្ឋមន្ត្រី ក៏ដូចជាគាំទ្រលោក ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រីនាពេលអនាគតផងដែរ៕