(ភ្នំពេញ)៖ លោក ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានថ្លែងថា អ្វីដែលជាមូលដ្ឋានគ្រឹះមិនអាចខ្វះ បានសម្រាប់វិស័យសារព័ត៌មាន រួមទាំងការប្រើប្រាស់បច្ចេកវិទ្យា ដែលបង្កើនវិសាលភាពនៃការផ្សព្វផ្សាយព័ត៌មាន ទៅគ្រប់មជ្ឈដ្ឋាន និងទូលំទូលាយនោះ គឺដោយសារប្រទេសជាតិមានសន្តិភាព ស្ថិរភាព សន្តិសុខ និងការបើកសិទ្ធិសេរីភាពគ្រប់បែបយ៉ាង ជូនដល់ប្រជាពលរដ្ឋ។
កាថ្លែងបែបនេះត្រូវបានធ្វើឡើងក្នុងពិធីសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយក្រុមការងារបណ្តាញផ្សព្វផ្សាយសង្គម ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ នៅសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ។
នាឱកាសនោះ លោកប្រធាន ហ៊ុន ម៉ាណែត បានថ្លែងថា «អ្វីដែលជាមូលដ្ឋានគ្រឹះមិនអាចខ្វះបានសម្រាប់វិស័យសារព័ត៌មាន រួមទាំងការប្រើប្រាស់បច្ចេកវិទ្យាដែលបង្កើនវិសាលភាពនៃការផ្សព្វផ្សាយព័ត៌មានទៅគ្រប់មជ្ឈដ្ឋាន និងទូលំទូលាយនោះ គឺដោយសារប្រទេសជាតិមានសន្តិភាព ស្ថិរភាព សន្តិសុខ និងការបើកសិទ្ធិសេរីភាពគ្រប់បែបយ៉ាងជូនដល់ប្រជាពលរដ្ឋ»។
លោកបានចាត់ទុកវិស័យព័ត៌មានគឺជាចលករនៃបណ្តុំគំនិត ស្មារតី និងទស្សនៈក្នុងការវិភាគពិចារណាប្រកបដោយហេតុផល និងការសម្រេចចិត្តរបស់ប្រជាពលរដ្ឋក្នុងនាមជាម្ចាស់ប្រទេស ព្រមទាំងជាកញ្ចក់ឆ្លុះបញ្ចាំងតថភាពពិតជាក់ស្តែងរបស់សង្គម ដែលរាជរដ្ឋាភិបាលត្រូវការជាចាំបាច់ ដើម្បីមានមូលដ្ឋានក្នុងការកែលម្អចំណុចខ្វះខាតនានា សំដៅធ្វើយ៉ាងណាឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែលឿន និងមានប្រសិទ្ធភាព។
ជាក់ស្តែងនៅក្នុងការកសាង និងអភិវឌ្ឍប្រទេសកន្លងមក វិស័យព័ត៌មានបានចូលរួមចំណែកដោយផ្អែកលើមុខងារសំខាន់ៗ រួមមាន៖ ទី១-ការចូលរួមពង្រឹងលទ្ធិប្រជាធិបតេយ្យផ្អែកលើមូលដ្ឋាននីតិរដ្ឋ ទី២-ជាអ្នកផ្តល់ព័ត៌មានពិត និងលឿនរហ័សពីលើដល់ក្រោម និងពីក្រោមឡើងលើ ទី៣-ជាអ្នកផ្តល់ព័ត៌មានបែបអប់រំ និងចំណេះដឹងសម្រាប់ប្រជាពលរដ្ឋ និងជាធាតុចូលសម្រាប់គោលនយោបាយរបស់រាជរដ្ឋាភិបាល ទី៤-ជាអ្នកឃ្លាំមើល និងត្រួតពិនិត្យតុល្យភាពសង្គមដ៏ស្មោះត្រង់ និងទី៥-ជាអ្នកចូលរួមកែលម្អសង្គមតាមរយៈការផ្តល់ព័ត៌មានពិតគ្រប់ជ្រុងជ្រោយ និងប្រកបដោយតម្លាភាព ដែលបៀបដូចជាថ្នាំពេទ្យដ៏ពិសិដ្ឋសម្រាប់បម្រើឱ្យការអភិវឌ្ឍសង្គម ខណៈដែលព័ត៌មានក្លែងក្លាយ គឺប្រៀបដូចជាថ្នាំពុលសម្រាប់សង្គមជាតិទៅវិញ។
លោកបានបន្តថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោជាប្រមុខនៅតែបន្តការបេ្តជ្ញាចិត្តក្នុងការគំាពារសិទ្ធិសេរីភាពនៃការបញ្ចេញមតិ សេរីភាពខាងសារព័ត៌មាន ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីរបបសារព័ត៌មានកម្ពុជា។
ទន្ទឹមនឹងនេះ សម្តេចតេជោក៏តែងបានយកចិត្តទុកដាក់ក្នុងការរក្សានូវបរិយាកាសល្អនៃការប្រកបវិជា្ជជីវៈសារព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា តាមរយៈការធានាបាននូវការគោរពសិទ្ធិសេរីភាពខាងសារព័ត៌មាន និងសេរីភាពខាងបោះពុម្ពផ្សាយដោយស្មើភាព គ្មានការរើសអើង គ្មានការគំរាមកំហែង និងមិនប្រកាន់និន្នាការនយោបាយឡើយ។
រាជរដ្ឋាភិបាល ក៏ដូចជាគណបក្សប្រជាជនកម្ពុជា គឺខិតខំប្រឹងប្រែងធ្វើអ្វីគ្រប់យ៉ាងដើម្បីផលវិជ្ជមានសម្រាប់ជាតិ និងប្រជាជន ដោយផ្តោតលើកិច្ចការសំខាន់ចំនួន២៖ ទី១-ការជួយគ្នាក្នុងផលវិជ្ជមាន និងទី២-ការកាត់បន្ថយ និងសំដៅឈានទៅលុបបំបាត់ចំណុចអវិជ្ជមាន។
លោក ហ៊ុន ម៉ាណែត បានបន្តទៀតថា ការចូលរួមចំណែកបង្កើនភាពវិជ្ជមានក្នុងសង្គមជាតិ ព្រមទាំងការកាត់បន្ថយ និងសំដៅឈានទៅលុបបំបាត់ភាពអវិជ្ជមាន គឺប្រៀបបាននឹងកម្លាំងចលករក្នុងការរុញច្រាននាវាកម្ពុជាឆ្ពោះទៅកាន់ត្រើយអភិវឌ្ឍ វឌ្ឍនភាពសង្គម និងការសម្រេចនូវក្តីស្រមៃសម្រាប់យុវជនទាំងក្នុងដំណាក់កាលបច្ចុប្បន្ន និងតទៅអនាគត។
លោកបានបន្ថែមថា វិស័យព័ត៌មាន គឺជាកាតាលីករយ៉ាងសំខាន់បំផុតក្នុងការបង្កើតខ្លឹមសារ និងជាអ្នកចែកចាយព័ត៌មានអំពីសង្គមជាតិ ការបង្ហាញអំពីតថភាពសង្គម ការអភិវឌ្ឍ ជាពិសេសជាកញ្ចក់ឆ្លុះយ៉ាងសំខាន់ ដើម្បីជាមូលដ្ឋានក្នុងការកែប្រែភាពអសកម្ម ភាពអវិជ្ជមាន ឬបញ្ហាខ្វះខាតផ្សេងៗ ដើម្បីនឹងកែលម្អឱ្យល្អប្រសើរ៕