(សៀមរាប)៖​ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣នេះ​ បានដឹកនាំមន្ត្រីរាជការ ក្រោមឱវាទក្រសួង បំពេញកិច្ចបួងសួងនៅទីសក្ការៈព្រះអង្គចេកព្រះអង្គចម និងបន្តបំពេញកិច្ចតាមគន្លងប្រពៃណី ព្រះពុទ្ធសាសនា វេរប្រគេនទេយ្យវត្ថុ និងបវារណាចតុបច្ច័យ នៅតាមទីអារាមចំនួន ០៥ កន្លែងផ្សេងទៀត រួមមាន៖ វត្តព្រះព្រហ្មរ័ត្ន វត្តដំណាក់ វត្តព្រះរាជបូណ៌ វត្តអង្គរខាងជើង និងវត្តអង្គរខាងត្បូង និងថ្វាយគ្រឿងសក្ការៈ បដិមាលោកយាយទេព លោកតារាជ្យ និង លោកតាពេជ្រ។

ចំពោះពិធីបួងសួងនៅទីសក្ការៈព្រះអង្គចេកព្រះអង្គចម បានប្រព្រឹត្តិទៅតាមគន្លងប្រពៃណីសាសនា ដោយលោកទេសរដ្ឋមន្ត្រី ក៏បានបូជាទៀនធូប ផ្កាភ្ញី និងគ្រឿងសក្ការៈនានា រួមទាំងថ្វាយភ្លេងពិណពាទ្យ ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើន ជោគជ័យលើគ្រប់កិច្ចការងារ សូមឱ្យកើតមានចំពោះមហាគ្រួសារក្រសួងសាធារណការ និងដឹកជញ្ជូនទាំងមូល ក៏ដូចជាប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប។ នៅក្នុងឱកាសនោះ ក៏មានការនិមន្តព្រះសង្ឃ ដើម្បីបំពេញកិច្ចវេរប្រគេនទេយ្យវត្ថុ និងបវារណាចតុបច្ច័យ និងការធ្វើទានជូនចំពោះចាស់ព្រឹទ្ធាចារ្យ នៅទីតាំងនោះ។

បន្ទាប់ពីបញ្ចប់កិច្ចពិធីនៅ ទីសក្ការៈព្រះអង្គចេកព្រះអង្គចម រួចរាល់ គណៈប្រតិភូដឹកនាំដោយលោកទេសរដ្ឋមន្ត្រី បានបន្តដំណើរទៅកាន់ទីអារាមទាំង០៥កន្លែង ដើម្បីនាំយកនូវទេយ្យវត្ថុ និងបច្ច័យ ទៅវេរប្រគេនចំពោះព្រះសង្ឃផងដែរ។ ដែលក្នុងវត្តនីមួយៗទទួលបាន៖ អង្ករ ១០០គ.ក, ទឹកត្រី ០៥យួរ, ទឹកស៊ីអ៊ីវ ០៥យួរ, ត្រីខ ០៥ឡូ, ត្រីងៀត ០៥គ.ក, ទឹកដោះគោ ០៥ឡូ, តែ ០៥កញ្ចប់, ស្ករស ០៥គ.ក, ទឹកសុទ្ធ ១០កេស, ភេសជ្ជៈ ០៥កេស, ផ្កាឈូក ផ្កាម្លិះ និងបច្ច័យចំនួន ៥លានរៀលឦ

ក្រៅពីទីអារាមទាំង ០៥ និងទីសក្ការៈព្រះអង្គចេកព្រះអង្គចម លោកទេសរដ្ឋមន្ត្រី បានអញ្ជើញ ថ្វាយគ្រឿងសក្ការៈចំពោះ បដិមាលោកយាយទេព ដែលតម្កល់នៅក្រោមដើមពោធិព្រឹក្ស នៅក្បែរព្រះរាជតំណាក់ក្នុងក្រុងសៀមរាប ដើម្បីសុំបួងសួងសុំនូវសេចក្តីសុខ ក្នុងការធ្វើដំណើរទៅមក និងការបំពេញកិច្ចការងារក្នុងទឹកដីខេត្តសៀមរាប។ លោកទេសរដ្ឋមន្ត្រី និងគណៈប្រតិភូ ក៏បានបន្តដំណើរទៅទស្សនាប្រាង្គប្រាសាទអង្គរវត្ត និងបានថ្វាយគ្រឿងសក្ការៈបូជាចំពោះ បដិមាលោកតារាជ្យ និង បដិមាលោកតាពេជ្រ ផងដែរ។

សូមជម្រាបដែរថា បដិមាលោកលោកតារាជ្យ ជាបដិមាដៃប្រាំបីដ៏ធំមួយ ដែលបានតម្កល់នៅប្រាង្គកណ្តាល (បាកាណ) ហើយត្រូវបានគេរំកិលយកមកដាក់នៅបន្ទប់ខាងត្បូង នៃច្រកចូលខាងលិចរបស់ប្រាសាទអង្គវត្តវិញ។ ដោយឡែកចំពោះ បដិមាលោកតាពេជ្រ ជាបដិមាព្រះពុទ្ធប្រក់នាគ ដែលត្រូវបានពូនព័ទ្ធដោយដី ស្រោបឡើងតាំងពីក្រោមដល់លើ សល់ត្រឹមរាងដើមតិចតួចប៉ុណ្ណោះ សព្វថ្ងៃស្ថិតក្នុងបន្ទប់កណ្តាល ក្លោងទ្វារខាងត្បូង នៃប្រាសាទអង្គរ ត្រង់ជ្រុងអាគ្នេយ៍ធៀបនឹងវត្តអង្គរខាងត្បូង៕