(ព្រៃវែង)៖ លោក បេ​ ទាឡេង​ អនុរដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំអង្គរស នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣នេះ បានអញ្ជើញអធិបតីក្នុងកម្មវិធីប្រកាសដាក់ឲ្យប្រើប្រាស់អគារសិក្សាចំនួនមួយខ្នង​មាន ៤បន្ទប់​ របស់អនុវិទ្យាល័យ​ ហ៊ុន​ សែន​ សូរ ដែលជាអំណោយ​របស់អង្គការ​ School Aid Japan មានទីតាំងនៅភូមិសូរ​ ឃុំអង្គរស​ ស្រុកមេសាង​ ខេត្តព្រៃវែង។

សូមរំលឹកផងដែរថា​ កន្លង​មកអង្គការ​ School Aid Japan បានផ្តល់អគារសិក្សាមួយខ្នងមាន ៤ជូនអនុវទ្យាល័យ​ហ៊ុន​ សែន​ សូរ​ នេះរួចមកហើយ។

ក្នុងពិធី​ប្រកាសដាក់ប្រើប្រាស់អគារសិក្សា​នេះ​ ក៏មានការអញ្ជើញចូលរួមដោយ​លោកស្រី​ ព្រំ​ ចន្ថា​ អនុរដ្ឋលេខាធិការ​ ក្រសួង​មហាផ្ទៃ​ និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកមេសាង​ ទទួល​ជួយឃុំអង្គរស,​ លោក​ អ៊ុច​ ពង្ស​ ជាអនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកមេសាង​ ទទួល​ជួយឃុំអង្គរស​ និងសមាជិកសមាជិកា​ក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំអង្គរស​ ព្រមទាំងមានការអញ្ជើញចូលរួម ពីសំណាក់អាជ្ញាធរស្រុក​មេសាង អាជ្ញាធរឃុំអង្គរស​ អាជ្ញាធរភូមិទាំង៩​ លោកគ្រូអ្នកគ្រូបឋមសិក្សា​ និងអនុវិទ្យាល័យ​ ហ៊ុន​ សែន​សូរ​ មាតាបិតាអាណាព្យាបាលសិស្ស​ និងសិស្សានុសិស្ស​ សរុបចំនួន៧៥៤​រូប​ (​ស្រ្តី​៣១០រូប)។

ថ្លែងក្នុងឱកាសនោះ លោក បេ​ ទាឡេង​ បានជំរុញឱ្យក្មួយៗដែលជាសិស្សានុសិស្សខិតខំរៀនសូត្រ ដើម្បីអនាគតភ្លឺស្វាង និងជាសរសទ្រូងប្រទេសជាតិ។

លោកបានកោតសរសើរលោកនាយក លោកគ្រូ អ្នកគ្រូ ដែលបានគ្រប់គ្រងដឹកនាំអង្គភាព និងបង្ហាត់បង្រៀនសិស្សានុសិស្សប្រកបដោយវីជ្ជាជីវៈ ប្រកបដោយស្មារតីទទួលខុសត្រូវ។

លោកក៏បានណែនាំដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់ ប្រើប្រាស់សមិទ្ធផលថ្មីនេះ ប្រកបដោយការយកចិត្តទុកដាក់ថែទាំង ដើម្បីអាចប្រើប្រាស់បានយូរអង្វែង សម្រាប់ក្មេងៗជំនាន់ក្រោយៗទៀត។

លោកអនុរដ្ឋលេខាធិការ ក៏បានថ្លែងអំណរគុណដល់សប្បុរសជន ពិសេសអង្គការ School Aid Japan ដែលតែងតែជួយសាងសង់សាលារៀននៅស្រុកមេសាង ខេត្តព្រៃវែង និយាយដោយឡែក និងនៅទូទាំងប្រទេសកម្ពុជា និយាយជារួម ដោយបានរួមចំណែកយ៉ាងខ្លាំង ក្នុងការអភិវឌ្ឍន៍វិស័យអប់រំនៅកម្ពុជា។

ជាមួយគ្នានេះ លោកបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមត្រៀមនូវឯកសារ សម្រាប់បម្រើការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ហើយកុំភ្លេចចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ៕