(ស្វាយរៀង)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវឱ្យរួមគ្នារក្សាសុខសន្តិភាព កុំឲ្យកុមារ និងយុវវ័យសម័យថ្មី បាត់បង់ឱកាស និងជួយការលំបាកដូចមនុស្សជំនាន់មុន។

ការអំពាវនាវនេះ បានធ្វើឡើងក្នុងឱកាសអញ្ជើញជួបកម្មករជាង ២ម៉ឺននាក់ នៅក្រុងបាវិត ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣នេះ។

សម្តេចបានលើកឡើងថា៖ «កុំប្រថុយជាមួយសង្គ្រាម ហើយកុំគិតស្មានថា កើតសង្គ្រាមទៅស្រួល មិនស្រួលទេក្មួយអើយ ពូនេះជាមនុស្សដែលបាត់ឱកាស ព្រោះអីពេញវ័យឡើង ពេញកម្លោះ សង្គ្រាមកើត អញ្ចឹងទេភាពជាយុវជនរបស់ពូនេះ គឺពូអត់បានសប្បាយនឹងគេទេ ក្នុងពេលកុមារ និងយុវជន ខ្លួនត្រូវចំណាកស្រុកមករៀនសូត្រ បន្ទាប់ទៅប្រទេសធ្លាក់ក្នុងសង្គ្រាម»

សម្តេចតេជោ ហ៊ុន សែន បានបន្តថា៖ «អញ្ចឹងកុំឱ្យជោគវាសនារបស់កុមារ និងយុវជន អភ័ព្វដូចអ្នកជំនាន់មុន សំណាងរបស់ពូហើយ ដែលរបួស៥លើកតែមិនស្លាប់ តែក៏ធ្លាក់ខ្លួនពិការដែរ ប៉ុន្តែអ្នកដទៃទៀត បានស្លាប់ អ្នកខ្លះមិនដឹងសាកសពនៅឯងណាផងដែរទេ ជាពិសេសការស្លាប់ក្នុងរបបប៉ុល ពត»

សម្តេចបានអំពាវនាវឱ្យរួមគ្នារក្សាសន្តិភាពរបស់ប្រទេស។ សម្តេចតេជោ បង្ហាញពីបំណងរបស់សម្តេចដោយចង់បានឱ្យរោងចក្រនៅកម្ពុជាទាំងអស់ក្លាយទៅជាកន្លែងសុខសាន្ត គ្មានអំពើហិង្សាផងដែរ៕