(ភ្នំពេញ)៖ លោកកិត្តិនីតិកោសលបណ្ឌិតទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានគណៈកម្មាធិការគណបក្ស គ៧៨ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានខណ្ឌទួលគោក បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន មិនត្រឹមតែគិតពីកត្តាសុខសន្តិភាព និងការអភិវឌ្ឍរបស់ប្រទេសជាតិនោះទេ តែបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋ ក៏ជាកត្តាសំខាន់ដែលប្រមុខរាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់ផងដែរ។

លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង បានលើកឡើងយ៉ាងដូចនេះនាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣នេះ ក្នុងឱកាសដឹកនាំក្រុមការងារ និងក្រុមគ្រូពេទ្យមកពីមន្ទីពេទ្យមិត្តភាពខ្មែរ-សូវៀត ចុះផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ចាក់វាក់សាំងកូវីដ១៩ ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋប្រមាណ ៥ ០០០នាក់ ក្នុងសង្កាត់ទឹកល្អក់ទី១ ទឹកល្អក់ទី២ បឹងកក់ទី១ បឹងកក់ទី២ ក្នុងមូលដ្ឋានខណ្ឌទួលគោក។

លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង បានឱ្យដឹងដែរថា បញ្ហាភ្នែកគឺជាបញ្ហាសំខាន់ ហើយដើម្បីជាការចូលរួមកាត់បន្ថយការចំណាយ កាត់បន្ថយពេលវេលាដ៏មានតម្លៃរបស់ប្រជាពលរដ្ឋដើម្បីទៅមន្ទីពេទ្យ ទើបមន្ទីពេទ្យមិត្តភាពខ្មែរ-សូវៀត បានស្ម័គ្រចិត្តមកជួយពិនិត្យព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ហើយបើពិនិត្យឃើញមានបញ្ហា ដែលមិនអាចដោះស្រាយបានភ្លាមៗ មន្ទីពេទ្យនឹងបន្តយជួយរហូតដល់ការវះកាត់។

លោកទេសរដ្ឋមន្រ្តីបានឱ្យដឹងទៀតថា រាជរដ្ឋាភិបាល តែងតែចាត់ឱ្យក្រុមការងារចុះជួយមូលដ្ឋាន ចុះជួយសម្រាលការលំបាកជូនប្រជាពលរដ្ឋ តាមរយៈការចុះជួយព្យាបាលជំងឺដោយឥតគិតថ្លៃ និងសកម្មភាពផ្សេងៗជាច្រើនទៀត ដោយមិនទុកឱ្យមានប្រជាពលរដ្ឋណាដែលជួបការលំបាក ដោយមិនមានការយកចិត្តទុកដាក់ពីប្រមុខថ្នាក់ដឹកនាំនោះឡើយ ក្នុងនោះក្រោមការដឹកនាំពីគណបក្សប្រជាជនកម្ពុជា តែងតែយកចិត្តទុកពីសុខទុក្ខប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។
លោកកិត្តិនីតិកោសលបណ្ឌិតទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ក៏បានថ្លែងអរគុណដល់ក្រុមគ្រូពេទ្យនៅមន្ទីពេទ្យមិត្តភាពខ្មែរ- សូវៀត ដែលបានចំណាយពេលវេលាចុះពិនិត្យ និងព្យាបាលជំងឺជូនពលរដ្ឋនៅមូលដ្ឋានខណ្ឌទួលគោក នាពេលនេះផងដែរ។

សូមបញ្ជាក់ដែរថា នាឱកាសនោះមន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត ក្រៅពីការពិនិត្យ និងព្យាបាលភ្នែក ព្យាបាលបន្ត និងវះកាត់តាមការចាំបាច់ ក៏បានត្រៀមវ៉ែនតាចំនួន ២,០០០ សម្រាប់ប្រជាពលរដ្ឋដែលត្រូវប្រើប្រាស់វ៉ែនតា ថ្នាំពេទ្យ និងថ្នាំបន្តក់ភ្នែកចំនួន ៥០០ដប សម្រាប់ចែកជូនប្រជាពលរដ្ឋ និងថ្នាំបន្ទក់ភ្នែកជូនប្រជាពលរដ្ឋ តាមស្ថានភាពជាក់ស្តែងផងដែរ៕