(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ដរាបណាសង្គ្រាមរុស្ស៉ី និងអ៊ុយក្រែន មិនទាន់បញ្ចប់ ការដាក់ទណ្ឌកម្មហួសហេតុនៅតែមាន ភាពមិនច្បាស់លាស់នៃវិបត្តិសេដ្ឋកិច្ចសកលមិនទាន់បញ្ចប់នោះទេ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជួបកម្មករជាង ២ម៉ឺននាក់ នៅក្រុងបាវិត ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាត្រូវតែដាក់ចេញគោលនយោបាយនៃការផលិត ដើម្បីទប់នឹងវិបត្តិសេដ្ឋកិច្ច។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ដរាបណាសង្គ្រាមរុស្ស៉ីនិងអ៊ុយក្រែនមិនទាន់បញ្ចប់ ហើយនយោបាយដាក់ទណ្ឌកម្មជាឯកតោភាគី មិនទាន់បានបញ្ចប់ទេ ភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចសកល គឺនៅតែមាន។ សម្រាប់យើង យើងត្រូវតែជម្នះឡើង»

សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ ក៏បានព្យាករណ៍ថា ដរាបណាសង្គ្រាមនៅអ៊ុយក្រែន មិនបញ្ចប់ទេ វិបត្តិសេដ្ឋកិច្ចមិនអាចល្អប្រសើរនោះឡើយ។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ឥលូវមិនថា ប្រទេសកម្ពុជា រងផលប៉ះពាល់ទេ អ្នកដែលរងផលប៉ះពាល់ពិតប្រាកដ គឺប្រជាជននៅអ៉ីរ៉ុប។ ឯប្រជាជននៅអ៉ឺរ៉ុបប៉ះពាល់ គឺពាក់ព័ន្ធដល់កម្ពុជាផងដែរ។ សម្ដេចបន្ដថា ហេតុអ្វីបានជាពាក់ព័ន្ធជាមួយកម្ពុជា គឺប្រព័ន្ធទីផ្សារនៅលើពិភពលោក គឺពាក់ព័ន្ធគ្នា។

បន្ថែមពីនោះទៀត សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ថា ពាក់ព័ន្ធជាមួយកម្ពុជា​ ទាក់ទងជាមួយនឹងការបញ្ជាទិញ​ ដូចជា តម្រូវការរបស់មនុស្សម្នាក់គេទិញអាវ៤កំប្លេ ក្នុងមួយឆ្នាំ ប៉ុន្ដែនៅពេលប្រាក់ចំណូលធ្លាក់ចុះ គឺការបញ្ជាទិញនោះ កាត់បន្ថយមកទិញអាវត្រឹម១កំប្លេ ឬ២កំប្លេ ដូច្នេះការបញ្ជាទិញ ពីប្រទេសផ្គត់ផ្គង់ ក៏តាមនឹងផងដែរ។

សម្ដេចតេជោ បានឲ្យដឹងថា រាជរដ្ឋភិបាល បានខិតខំប្រឹងប្រែង មិនត្រឹមតែរកទីផ្សារអាមេរិក និងអ៉ឺរ៉ុបនោះទេ កម្ពុជាត្រូវបើកទីផ្សារ ផ្សេងៗទៀត ដូចជាទីផ្សារ៖ ជាមួយចិន, កូរ៉េខាងត្បូង, ជប៉ុន, អារ៉ាប់ និងជាមួយទីផ្សារទាំងអស់ ដែលកម្ពុជាត្រូវបើក ដើម្បីធានាថា ទំនិញដែលផលិតនៅកម្ពុជា ទាំងក្នុងវិស័យកាត់ដេរ-ស្បែកជើង និងវិស័យដទៃទៀត ទាក់ទងជាមួយនឹងការផលិតនៅកម្ពុជា៕