(ស្វាយរៀង)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា គណបក្សប្រជាជនកម្ពុជា នៅតែជាជម្រើសរបស់ប្រជាពលរដ្ឋ ដែលធានានូវសន្តិភាព និងការអភិវឌ្ឍ មានថ្ងៃនេះគ្មានបក្សដទៃណាមួយមកជំនួសគណបក្សប្រជាជនកម្ពុជាធ្វើនោះទេ។

ការថ្លែងបែបនេះ របស់សម្តេចតេជោ ហ៊ុន​ សែន បានធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣នេះ ក្នុងឱកាសដែលសម្តេចបានបន្តអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោ ជិតប្រមាណ ២២,៣៥៨នាក់ មកពីរោងចក្រសហគ្រាចំនួន២៤ នៅក្នុងក្រុងបាវិត ខេត្តស្វាយរៀង។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «គណបក្សប្រជាជន នៅតែជាគណបក្សដែលអាចថាជម្រើសល្អសម្រាប់ក្មួយៗ ធានានូវសន្តិភាព និងការអភិវឌ្ឍសម្រាប់ប្រទេសនេះ។ មិនមែនជាការដើរឃោសនាទេ ក៏ប៉ុន្តែក្មួយៗ មានថ្ងៃនេះគ្មានបក្សដទៃណាមួយមកជំនួសគណបក្សប្រជាជនធ្វើទេ ការកសាងសន្តិភាពតាមរយៈនយោបាយឈ្នះឈ្នះ គឺអ៊ុនតាក់ ប្រើលុយ ២ពាន់លានដល្លារ អត់បញ្ចប់សង្គ្រាមនៅស្រកខ្មែរបានទេ តែទីចុងបំផុត គឺខ្មែរគ្នាឯងដោះស្រាយតាមរយៈនយោបាយឈ្នះឈ្នះ ដែលដឹកនាំដោយសម្តេច បានបង្កើតឱកាសសម្រាប់ការវិនិយោគក្នុងប្រទេសកម្ពុជា»

តាមរយៈសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ជាង៤០ឆ្នាំមកនេះ, សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ចង់បង្កើតការងារឱ្យបាន ៣០ម៉ឺននាក់ក្នុងមួយឆ្នាំ។ ដោយទាក់ទាញអ្នកវិនិយោគ ធ្វើយ៉ាងណាបង្កើតការងារ ឱ្យបាន៣០ម៉ឺននាក់។

បន្ថែមពីនេះ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា​បានលើកឡើងថា ដូច្នេះនៅក្នុងមួយអាណត្តិរបស់រដ្ឋសភា ត្រូវបង្កើតឱកាសការងារយ៉ាងហោចណាស់១លាន ទៅ១.៥លាននាក់ ដើម្បីឱ្យប្រជាពលរដ្ឋកម្ពុជា មានការងារធ្វើ។ ត្រង់ចំណុចនេះហើយរាជរដ្ឋាភិបាលកំពុងតែប្រឹងប្រែងកសាងរាល់មូលដ្ឋានទាំងផ្នែករឹង និងទន់ ដើម្បីទាក់ទាញការវិនិយោគនៅកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សម្រាប់ផ្នែករឹងដែលរដ្ឋាភិបាលខិតខំធ្វើនោះ គឺការស្ថាបនាផ្លូវ ថ្នល់ ស្ពាន កំពង់ផែ ព្រលានយន្តហោះ កសាងបណ្តាញអគ្គិសនី សម្រាប់បម្រើឱ្យការផ្គត់ផ្គង់ទៅលើវិស័យឧស្សាហកម្ម ព្រមទាំងវិស័យដទៃទៀត ដើម្បីធ្វើយ៉ាងសម្រួលដល់អ្នកវិនិយោគនៅកម្ពុជា ព្រមទាំងសម្រួលការលំបាកដល់ប្រជាជនផងដែរ។

សម្រាប់ផ្នែកទន់វិញ ត្រូវបានសម្តេចតេជោ ហ៊ុន សែន បញ្ជាក់ឱ្យដឹងថា គឺទាក់ទងនឹងច្បាប់ទម្លាប់ ត្រូវធ្វើយ៉ាងណាបង្កលក្ខណៈកាន់តែងាយស្រួល សាមញ្ញដើម្បីកុំឱ្យអ្នកវិនិយោគមានការលំបាក ជាមួយនឹងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈសម្រាប់កម្មករ កម្មការិនី ដែលចាប់ផ្តើមពីខែសីហា ឆ្នាំ២០២៣នេះទៅ រដ្ឋាភិបាលនឹងត្រូវបណ្តុះបណ្តាលយុវជនក្រីក្ររបស់យើង ចំនួន១លាន ៥សែននាក់ ដោយរដ្ឋជាអ្នកទទួលបន្ទុកសម្រាប់ផ្តល់ថវិកាទ្រទ្រង់ឱ្យការបណ្តុះបណ្តាលវិជ្ជាជីវៈដល់យុវជនក្រីក្រកម្ពុជា។

ទន្ទឹមនឹងនេះ សម្តេចតេជោ ហ៊ុន សែន បានអះអាងថា បើកម្ពុជា មានកម្មករជំនាញ កាន់តែខ្ពស់នោះនឹងធ្វើឱ្យអ្នកវិនិយោគបរទេសកាន់តែពេញចិត្តដាក់ទុនវិយោគនៅកម្ពុជា។ ដូច្នេះ កម្មករជំនាញ គឺជាចំណែកដ៏សំខាន់ក្នុងការទាក់ទាញអ្នកវិនិយោគ៕