(ស្វាយរៀង)៖ ថ្លែងចេញពីតំបន់ព្រំដែនរវាងកម្ពុជា-វៀតណាម ក្នុងជំនួបជាមួយកម្មការ កម្មការិនី នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអះអាងថា នយោបាយសន្ដិភាពរវាងកម្ពុជា និងវៀតណាម បានធ្វើឲ្យមានកិច្ចសហប្រតិបត្តិការល្អផ្នែកពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
ផ្ទុយពីអ្វីដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា, នយោបាយធ្វើសង្គ្រាមជាមួយប្រទេសជិតខាង ដែលជាការញុះញង់បង្កឲ្យមានការរើសអើង ដើម្បីតែសន្លឹកឆ្នោត មិនមែនជាគោលនយោបាយដែលគួរគាំទ្រនោះទេ ហើយនយោបាយជ្រុលនិយមបង្កអរិភាពបែបនេះ គឺជានយោបាយដ៏គ្រោះថ្នាក់សម្រាប់ប្រទេស។ នេះជាអ្វីដែលសម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ប្រសិនបើអ្នកដទៃ ដែលមួយថ្ងៃៗ គិតតែរករឿងវៀតណាម ជេរវៀតណាមឥតឈប់ សួរថា ថ្ងៃនេះមានវត្តមានរោងចក្រនៅទីនេះទេ? នយោបាយជ្រុលនិយម បោកប្រាស់តាមរយៈ នៃការញុះញង់ឲ្យមានអរិយភាពជាមួយប្រទេសជិតខាង វាជាគោលនយោបាយគ្រោះថ្នាក់បំផុតសម្រាប់ប្រទេស។ ពូ (សម្ដេចតេជោ) ក្នុងឋានៈជាមេដឹកនាំដែលបាននាំមកនូវការបញ្ចប់សង្គ្រាម ពូដាក់ចេញនូវគោលដៅពីរបន្ទាប់ពីសង្គ្រាមបានបញ្ចប់»។
បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន, ក្នុងឋានៈជាមេដឹកនាំដែលបាននាំមកនូវការបញ្ចប់សង្គ្រោះ បានដាក់ចេញនូវគោលនយោបាយពីរ រួមមាន៖ ទី១៖ ប្រែក្លាយតំបន់អតីតសមរភូមិឲ្យទៅជាអភិវឌ្ឍន៍ និងមានទីផ្សារ និងទី២៖ ប្រែក្លាយតំបន់ព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ ឲ្យទៅជាព្រំដែនសន្ដិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។ ផ្ដើមចេញពីគោលនយោបាយទាំងពីរនេះ តំបន់ព្រំដែនកម្ពុជា-វៀតណាម បានសម្រេចនូវជោគជ័យតាមរយៈចំនួនរោងចក្រ តំបន់ឧស្សាហកម្ម មានការកើនឡើង។
ស្របពេលជាមួយអ្វីដែលកំពុងមាននៅពេលបច្ចុប្បន្ននេះ សម្ដេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា ប្រសិនមានសង្គ្រាមព្រំដែនជាមួយប្រទេសជិតខាង តើអ្វីដែលជាផលប្រយោជន៍? សម្ដេចបានពន្យល់ថា ផលប្រយោជន៍នេះសង្គ្រាមបានមកត្រឹមតែការបាញ់សម្លាប់គ្នាតែប៉ុណ្ណោះ ហើយគ្មានឡើយនូវកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។
សម្ដេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា នយោបាយសន្ដិភាពរបស់កម្ពុជា ស្របគ្នាជាមួយនយោបាយសន្ដិភាពរបស់វៀតណាម ដែលត្រូវរិះរកការធ្វើពាណិជ្ជកម្មជាមួយគ្នា វិនិយោគទៅវិញទៅមក។ ក្នុងនោះ ទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាម បានដើរលើសជាង១០ពាន់លានដុល្លារ ខណៈទំនិញនាំចេញទៅវៀតណាម ពីមុនតិចជាងវៀតណាមនាំចូលមកកម្ពុជា ប៉ុន្ដែបច្ចុប្បន្នពេលខ្លះទំនិញកម្ពុជា ទៅវៀតណាម ច្រើនជាងវៀតណាមចូលមកកម្ពុជា ដែលនេះជាសេដ្ឋកិច្ចបំពេញឲ្យគ្នា។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា នយោបាយសន្ដិភាព មិនមែនអនុវត្តតែជាមួយវៀតណាមនោះទេ ពោលកម្ពុជា បានអនុវត្តដូចគ្នាជាមួយប្រទេសថៃ ហើយទីនោះមានទាំងតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តបន្ទាយមានជ័យ និងខេត្តកោះកុងជាដើម។ សម្ដេចបញ្ជាក់ថា ភាពប្រថុយប្រថាន និងគ្រាន់តែប្រជែងដើម្បីសន្លឹកឆ្នោត ហើយគំរាមធ្វើសង្គ្រាមណាមួយជាមួយប្រទេសជិតខាង មិនមែនជានយោបាយដែលត្រូវគាំទ្រតាមបែបជ្រុលនិយមនោះទេ៕