(កំពង់ធំ)៖ ក្រោមកិច្ចគាំទ្រសហការពីសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ធំ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ធំ មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ និងសហគ្រិនវ័យក្មេងខេត្ត បានរៀបចំកម្មវិធីទេពកោសល្យស្នាដៃយុវជនដែលបង្ហាញពីបំណិននៃការធ្វើចំណីអាហារ៣០មុខ ដែលមានការចូលរួមបង្ហាញពីយុវជនមកពីសាលាជុំវិញក្នុងខេត្តកំពង់ធំចំនួន៧សាលា និងសាកលវិទ្យាល័យនៅមណ្ឌលភូមិអាស៊ី ដែលមានទីតាំងស្ថិតនៅភូមិព្រៃបន្លិច សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន។

កម្មវិធីនេះធ្វើឡើងនាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣។ លោក ជា វ៉ាន់ចាន់ អភិបាលរងខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ធំ បានឲ្យដឹងថា កម្មវិធីនេះចង់បង្ហាញនូវថ្វីដៃរបស់សិស្សានុសិស្សនៅតាមសាលារៀននៅក្នុងខេត្តកំពង់ធំ ក្នុងបំណងបណ្ដុះផ្នត់គំនិតរបស់យុវជនឱ្យមានភាពជាសហគ្រិន ឱ្យសិស្សានុសិស្សបង្កើតនូវមុខម្ហូបអាហាររបស់ខ្លួនដោយផ្ទាល់ប្រចាំសាលារៀន ក៏ដូចជាប្រចាំក្រុមរបស់ខ្លួនដើម្បីយកមកដាក់បង្ហាញ ក៏ដូចជាដាក់លក់ជូនសិស្សានុសិស្សដែលមកទស្សនាកម្សាន្ត ហើយក្រៅពីនេះក៏មានសិស្សានុសិស្សជនជាតិដើមភាគតិចកួយមកចូលរួមបង្ហាញម្ហូបអាហារបែបប្រពៃណីផងដែរ។

លោកបន្តថា ថ្ងៃនេះសិស្សានុសិស្សពិតជាមានអារម្មណ៍រំភើប ដោយសារនេះជាលើកដំបូងដែលបានមកចូលរួមគឺអារម្មណ៍គិតតែផ្ដោតទៅលើការធ្វើការចម្អិនម្ហូបអាហាររបស់ខ្លួន ដើម្បីបំពេញតម្រូវការរបស់អ្នកមកទស្សនាប៉ុណ្ណោះ ដូច្នេះហើយទើបសហភាពសហព័ន្ធយុវជនបានធ្វើការផ្ដល់នូវគំនិតយោបល់ជាច្រើនពាក់ព័ន្ធនឹងសហគ្រិនភាព មានន័យថា ក្រៅពីម្ហូបអាហារមានរសជាតិឆ្ងាញ់ ហើយសិស្សានុសិស្សត្រូវតែផ្ដោតទៅសោភ័ណភាពរបស់ម្ហូបអាហារ ក៏ដូចជាយុទ្ធទីផ្សារ ដើម្បីធ្វើយ៉ាងណាឱ្យផលិតផលរបស់ខ្លួនអាចលក់ដាច់នៅលើទីផ្សារបាន។

លោកបានបញ្ជាក់ទៀថា សម្រាប់ផែនការនាពេលអនាគត សហគ្រិនវ័យក្មេងរបស់សហភាពសហព័ន្ធយុវជនខេត្តនឹងធ្វើការរៀបចំកិច្ចការងារនេះ ឱ្យមានជារៀងរាល់៣ខែម្ដងដើម្បីជាការផ្ដល់ឱកាសឱ្យសិស្សានុសិស្សយុវជននៅតាមសាលារៀនមកបង្ហាញថ្វីដៃ ក៏ដូចជាស្នាដៃដោយមិនត្រឹមតែធ្វើតាមរយៈម្ហូបអាហារប៉ុណ្ណោះទេ ដោយសារនៅតាមសាលារៀននីមួយៗសិស្សានុសិស្សដែលបានរៀនផ្នែកសិល្បៈ របាំផ្សេងៗដោយមានការជួយសម្របសម្រួល ក៏ដូចជាបង្រៀនដោយមន្ទីរវប្បធម៌ខេត្ត មានន័យថា យើងមានទាំងម្ហូបអាហារ ទាំងការបញ្ចេញថ្វីដៃផ្នែកសិល្បៈរបាំ ចម្រៀងជាដើម។

ក្នុងនាមជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ក៏ដូចជាគណៈអភិបាលខេត្តមានក្ដីសោមនស្សរីករាយក្រៃលែង ដោយមានការចូលរួមពីយុវជននៅតាមសាលារៀន និងមានការជួយជ្រោមជ្រែងគាំទ្រពីសំណាក់លោកគ្រូ អ្នកគ្រូ ក៏ដូចជានាយកសាលាផងដែរ ហើយជាពិសេសគឺអាណាព្យាបាលដែលបានមកចូលរួមភ្លក្សម្ហូបអាហាររបស់សិស្សានុសិស្សរបស់ខ្លួនដែលមកដាក់បង្ហាញ និងលក់នៅនៅទីនេះ។

លោកគ្រូម្នាក់បានលើកឡើងថា យុវជនចាប់ផ្ដើមមានភាពម្ចាស់ការដោយផ្ដើមចេញពីគម្រោងតូចៗនេះ ដើម្បីអនាគតរបស់ពួកគេនាពេលអនាគត ហើយគោលបំណងនៃការដឹកនាំសិស្សមកចូលរួមពិព័រណ៍ស្នាដៃម្ហូបអាហារនៅក្នុងថ្ងៃនេះ គឺចង់ឱ្យសិស្សយល់ដឹងពីការធ្វើម្ហូបជាក់ស្ដែងព្រោះពេលដែលយើងរៀននៅសាលា យើងមិនសូវបានអនុវត្តទេ យើងបានតែរៀនមេរៀនទ្រឹស្តី តែឥឡូវយើងបានមកទីនេះ យើងបានធ្វើឱ្យសិស្សមើលឃើញពីការធ្វើជាក់ស្ដែង ការធ្វើការងារជាក្រុម ហើយធ្វើឱ្យសិស្សចេះដឹងពីប្រាក់ចំណេញ ប្រាក់ចំណូល បន្ទាប់ពីលក់រួចរាល់នេះឆ្លុះបញ្ចាំងពីសកម្មភាពជាក់ស្ដែងក្នុងសង្គមផងដែរ។

តំណាងសិស្សានុសិស្សបានលើកឡើងថា ខ្ញុំមានចំណាប់អារម្មណ៍សប្បាយរីករាយ ដោយសារលើកយកមុខម្ហូប ដែលអ្នកគ្រូគេហវិជ្ជារបស់ខ្ញុំបានបង្រៀននៅសាលាមកបង្ហាញនៅភូមិអាស៊ីនេះដើម្បីអាជីវកម្មមកអនុវត្តជាក់ស្ដែងដើម្បីយើងមានចំណេះដឹង

ប្អូនបន្តថាយើងត្រូវមានភាពក្លាហាន មានទំនុកចិត្តទៅលើខ្លួនឯងនៅក្នុងការធ្វើអាជីវកម្ម ឬធ្វើរឿងផ្សេងៗ ដែលយើងគិតថាយើងចង់ធ្វើ យើងត្រូវតែមានទំនុកចិត្ត ភាពក្លាហាននៅលើខ្លួនឯង ជាពិសេសខិតខំសិក្សានិងចៀសឱ្យឆ្ងាយពីគ្រឿងញៀន ។

គួរបញ្ជាក់ថាការធ្វើម្ហូបអាហារ៣០មុខ មានដូចជា នំអន្សម នំគ្រួក បាយឆា មីឆា ពោះគោទឹកប្រហុក បាយដំណើប បុកល្ហុង បុកត្រី បុកល្ង បុកម្ជូក្រសាំង សាច់អាំង និងម្ហូបផ្សេងៗទៀត៕