(កំពង់ធំ)៖ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ ២៨ អនក្រ.បក ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ស្តីពីការកែសម្រួលផ្ទៃដីទំហំ ២៧,៧៧៤ហិកតា៧០អា ចេញពីតំបន់៣បញ្ចូលមកតំបន់២ នៃតំបន់ទន្លេសាប ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពង់ធំ និងអនុញ្ញាតឱ្យប្រជាពលរដ្ឋបន្តប្រើប្រាស់ និងអាស្រ័យផល ក្នុងនោះស្រុកតាំងគោកមានទំហំ ៦,៣៤៧ហិកតា៩១អា។
នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ធំ និងលោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានចុះផ្សព្វផ្សាយអនុក្រឹត្យនេះដោយផ្ទាល់ ជូនប្រជាពលរដ្ឋនៅស្រុកតាំងគោក ខេត្តកំពង់ធំ ដើម្បីឱ្យប្រជាពលរដ្ឋដែលបាន និងកំពុងអាស្រ័យផលលើដីនៅតំបន់៣នេះ បានយល់កាន់តែច្បាស់ អស់មន្ទិលសង្ស័យ និងមានភាពជឿជាក់ កក់ក្តៅមកលើក្រុមការងារជំនាញនៃខេត្តកំពង់ធំ។
នាឱកាសនោះ លោករដ្ឋមន្ត្រី ថោង ខុន បានជម្រាបជូនប្រជាពលរដ្ឋថា ដើម្បីដោះស្រាយបញ្ហាដីនៅតំបន់ជុំវិញនឹងទន្លេសាប រដ្ឋបាលខេត្តកំពង់ធំ តាមរយៈក្រុមការងាររាជរដ្ឋាភិបាល បានធ្វើលិខិតស្នើសុំទៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាបន្តបន្ទាប់។ ជាលទ្ធផលប្រកបដោយផ្លែផ្កា តាមរយៈការជំរុញដឹកនាំជាប្រចាំរបស់ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រាជរដ្ឋាភិបាលបានចេញសេចក្តីជូនដំណឹង និងអនុក្រឹត្យ ទាក់ទងនឹងការឆ្វៀលដីនៅតំបន់៣ ក្នុងឃុំស្រឡៅ ស្រុកតាំងគោក
លោកបានបន្តថា ឯកសារចំនួន ២ត្រូវបានចេញជាបន្តបន្ទាប់ ក្នុងនោះរួមមានសេចក្តីជូនដំណឹងលេខ ៧៧ សជណ.ដប ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ស្ដីពីករណីសំណើសុំកែសម្រួលផ្ទៃដីបង្កបង្កើនផលទំហំ ២៧,៧៧៤ហិកតា៧០អា រួមបញ្ចូលទាំងផ្ទៃអាងពន្លិចទឹកសរុបទំហំ ២,៥៤២ហិកតា ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពង់ធំចេញពីតំបន់៣មកតំបន់២ និងអនុញ្ញាតឱ្យប្រជាពលរដ្ឋចំនួន ៦,៩១២គ្រួសារ បន្តប្រើប្រាស់ និងអាស្រ័យផលជាធម្មតា ក្នុងនោះស្រុកតាំងគោកមានទំហំ ៦,៣៤៧ហិកតា៩១អា រួមបញ្ចូលទាំងផ្ទៃអាងពន្លិចទឹកទំហំ ៩៤៩ហិកតា៥៤អា។
ប៉ុន្តែដោយសារមានការស្នើសុំបន្ថែមរបស់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន រាជរដ្ឋាភិបាលក៏បានចេញអនុក្រឹត្យលេខ ២៨ អនក្រ.បក ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ស្តីពីការកែសម្រួលផ្ទៃដីទំហំ ២៧,៧៧៤ហិកតា៧០អា ចេញពីតំបន់៣បញ្ចូលមកតំបន់ ២នៃតំបន់ទន្លេសាបស្ថិតក្នុងភូមិសាស្រ្តខេត្តកំពង់ធំ និងអនុញ្ញាតឲ្យប្រជាពលរដ្ឋបន្តប្រើប្រាស់ និងអាស្រ័យផល។
លោក ថោង ខុន បានបន្តថា ដោយសារលោកជាអ្នកស្រុកនៅទីនោះផ្ទាល់ ទើបលោកដឹងថាអ្នកស្រុកអ្នកភូមិមានប្រវត្តិធ្វើស្រែចម្ការ អាស្រ័យផលនៅលើដីតំបន់ ៣នោះតាំងពីសម័យសង្គមរាស្ត្រនិយមមកម្ល៉េះ តួយ៉ាងដូចជានៅភូមិគោកត្របែក និងតំបន់កោះរះជាដើម ដូច្នេះទើបរាជរដ្ឋាភិបាលបានអនុគ្រោះដល់ប្រជាពលរដ្ឋឱ្យមានសិទ្ធិបន្តអាស្រ័យផលតទៅទៀត តាមរយៈការកាត់ឆ្វៀលផ្ទៃដីទំហំ ២៧,៧៧៤ហិកតា៧០អាខាងលើនេះ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ទាំងនេះជាការខិតខំយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងការជួយសម្រួលដល់ជីវភាព និងការបង្កបង្កើនផលរបស់ប្រជាពលរដ្ឋលើដីតំបន់៣ ក្នុងភូមិសាស្រ្តស្រុកតាំងគោក ខេត្តកំពង់ធំ។
ជាមួយគ្នានោះ លោកអភិបាលខេត្ត ងួន រតនៈ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលទទួលបានដីអាស្រ័យផលទាំងនេះថា នៅពេលបានបង្កបង្កើនផលលើដីទាំងនេះហើយ សូមកុំបន្តកាប់ឆ្ការព្រៃថែមទៀតឱ្យសោះ ព្រោះយើងត្រូវតែខិតខំការពារព្រៃនៅជុំវិញបឹងទន្លេសាប ដើម្បីជួយថែរក្សាធនធានធម្មជាតិ បន្តនិរន្តរភាពបឹងទន្លេសាបឱ្យគង់វង្សយូរអង្វែងសម្រាប់កូនចៅជំនាន់ក្រោយ។
លោកអភិបាលខេត្តបានផ្សព្វផ្សាយពីវិធានការទប់ស្កាត់ និងបង្ក្រាបការកាប់ទន្ទ្រានព្រៃ រំលោភយកដីរដ្ឋ ដែលជាអនុសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ជូនដល់ប្រជាពលរដ្ឋនាឱកាសនោះ ព្រមទាំងអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមទប់ស្កាត់បទល្មើសនេះទាំងអស់គ្នា។
ថ្នាក់ដឹកនាំទាំងពីរក៏បានស្នើសុំដល់ប្រជាពលរដ្ឋថា នៅពេលទទួលបានការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាល ពិសេសសម្ដេចតេជោ ហ៊ុន សែន យ៉ាងដូច្នេះហើយ ប្រជាពលរដ្ឋត្រូវជឿជាក់ទុកចិត្ត និងគាំទ្រចំពោះរាជរដ្ឋាភិបាល និងសម្ដេចតេជោបន្តទៀត៕