(ព្រះសីហនុ)៖ សមាគមរាជសីហ៍សាខាខេត្តព្រះសីហនុ នារសៀលថ្ងៃសៅរ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២៣ បានរៀបពិធីសំណេះសំណាល និងចែកគោគួរប៉ានសម្រាប់ពិធីបុណ្យរ៉យ៉ាល់ហាជីក្រោមអធិបតីភាពលោក ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ និងគណៈអធិបតីរួមមាន លោក ឡាឡៃ ទីប្រឹក្សាផ្ទាល់របស់គណៈដឹកនាំជាន់ខ្ពស់សាសានាឥស្លាមកម្ពុជា លោក លី សារី អនុប្រធានប្រឹក្សាយោបល់សមាគមរាជសីហ៍ ព្រមទាំងថ្នាក់ដឹកនាំសមាគម និងថ្នាក់ដឹកនាំសមាជិកសាខារាជសីហ៍ ខេត្តព្រះសីហនុ។

គោគួរប៉ានចំនួន ៨៧ក្បាល និងពពែចំនួន១៣ក្បាលត្រូវប្រកាស និងចែកជូនសម្រាប់បុណ្យ រ៉យ៉ាល់ហាជី នៅថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ។

អំណោយត្រូវបានឧបត្ថម្ភមានដូចជា៖ ម៉ាស្ជិតចំនួន១១ភូមិ ដោយម៉ាស្ជិតនីមួយៗទទួលបានគោចំនួន០៣ក្បាល, អនុសាខាសមាគមរាជសីហ៍ នៃសាខាខេត្តព្រះសីហនុ ចំនួន០៦អនុសាខា ដោយអនុសាខានីមួយៗទទួល បានគោចំនួន០១ក្បាល, ផ្នែកយុវជននិងកីឡា ទទួលបានគោចំនួន ០១ក្បាល និងមួយចំនួនទៀតជូនសម្រាប់ទួនៗ និងសិស្សានុសិស្សសាលាឌើរ៉ូលម៉ូសតាសហ្វា និងសាលាតាស់ហ្វីសហាជីអាប់ឌុលរ៉ស់ម៉ាន។

សម្រាប់គោ ៨៧ក្បាល និងពពែ១៣ក្បាល សរុបចំនួន ១០០ក្បាល គិតជាគិតជាថវិកាអស់ចំនួន ៤៥,៤៥០(សែសិបប្រាំពាន់ បួនរយហាសិប)ដុល្លារអាមេរិច។ ថវិកាសម្រាប់សាងសង់សូរ៉ាវ ភូមិបន្ទាយប្រិយ៍ ឃុំអណ្ដូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ទឹកប្រាក់ត្រូវសាងសង់ចំនួន ២៧,០០០ ដុល្លារអាមេរិច។

សមាគមរាជសីហ៍ថ្នាក់កណ្តាល បានប្រគល់ជូននូវម៉ាស៊ីនចម្រោះទឹកស្អាតខ្នាតធំ១គ្រឿង ដែលមានតម្លៃ ២៥,៥៥០ដុល្លារអាមេរិច ដែលនឹងតំឡើងជូនឱ្យប្រើប្រាស់នៅឃុំអូរជ្រៅ ស្រុកព្រៃនប់។

លោក ស៊ូម សារឿន ប្រធានប្រតិភូ បានសម្តែងក្តីរីករាយ និងជូនពរជ័យ សិរីបវរដល់ គណៈអធិបតី តំណាងអាជ្ញាធរមូលដ្ឋាន សប្បុរសជនក្នុង និងក្រៅប្រទេស និងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាទូទាំងប្រទេស ទទួលបាននូវសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច។

ឆ្លៀតក្នុងឱកាសនេះដែរ ដើម្បីដឹងគុណ និងរក្សាសន្តិភាពឱ្យបានស្ថិតស្ថេរជានិរន្ត លោកប្រធានបានអំពាវនាវដល់សមាជិក សមាជិកា និងអង្គពិធីទាំងមូល សុំអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នានាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។

សមាគមរាជសីហ៍ សូមសំដែងការគាំទ្រ សម្តេចមហាអគ្គសេនាបតីតេជោ ហ៊ុន សែន ជាបេក្ខភាព នាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា និងគាំទ្រយ៉ាងពេញទំហឹង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ពេលអនាគត៕