(ពោធិ៍សាត់)៖ នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ស្អែកនេះ រង្វង់មូលដំរី៥០៥, សួនច្បារគោព្រៃ និងរូបសំណាកព្រះគណេស ដែលមានតម្លៃជិត៤០០លានរៀល នឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ រួមគ្នា ក្រោមអធិបតីភាពលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តពោធិ៍សាត់ និងលោកស្រី ប៉ុក ណាឌី អភិបាលរងខេត្ត តំណាងលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត។

លោក វង្ស អេង អភិបាលនៃគណៈអភិបាលស្រុកវាលវែង បានថ្លែងប្រាប់ភ្នាក់ងារអង្គភាពព័ត៌មាន Fresh News ឱ្យដឹងនាយប់នេះថា ដោយមានគំនិតផ្តួចផ្តើមពីសំណាក់ លោកបណ្ឌិត ទី ថានី បេក្ខជនតំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ និងជាប្រធានក្រុមការងារចុះជួយស្រុកវាលវែង និងដោយមានការចូលរួមជួយជ្រោមជ្រែង ពីថ្នាក់ដឹកនាំ និងព្រឹទ្ធាចារ្យនៅក្នុងស្រុកវាលវែងផងនោះ, លោកបានផ្ដើមគំនិតអនុវត្ត តាមពាក្យស្លោករបស់ព្រឹទ្ធាចារ្យ អួន យ៉ង់ គឺ «សាមគ្គី១០ ជ័យជំនះ១០»។

លោកអភិបាលស្រុកវាលវែង បន្ថែមថា មូលហេតុដែលនាំឲ្យលោកបណ្ឌិត ទី ថានី ផ្តួចផ្តើមគំនិតជួសជុលរង្វង់មូលដំរី៥ ដើម្បីបន្ថែមដំរី ចំនួន៥០០ ឲ្យគ្រប់ចំនួន៥០៥ កាន់តែមានសោភ័ណ្ឌភាពបន្ថែមទៀតនោះគឺ៖
ទី១-លោកយល់ឃើញថា សត្វដំរីគឺជាសត្វ ដែលកម្រមានមាឌធំ ស្លូតបូត សាមគ្គីភាពគ្នា ចេះជួយគ្នា មិនចោលគ្នា អង់អាចក្លាហាន ជាពិសេសមានភាពត្រជាក់ត្រជុំសុខុដុមរមនា។
ទី២-ដោយសារភូមិសាស្ត្រស្រុកវាលវែង ដែលមានផ្លូវជាតិ៥៥ កាត់ប្រសពគ្នាជាមួយផ្លូវជាតិលេខ១០ ត្រង់រង្វង់មូល ៥០៥ ឆ្ពោះទៅកាន់ឃុំទាំង៥ នៃស្រុកវាលវែង។
ទី៣-ស្រុកវាលវែង មានឈ្មោះភ្នំ១៥០០ ព្រមទាំងមានផ្លូវអន្ទង់អាំង ដែលត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ប្រសិទ្ធនាមថា «ផ្លូវបុប្ផាលាក់ខ្លួន មានកេរ្តិ៍ឈ្មោះបោះសម្លេង ល្បីល្បាញទាំងក្នុងនិងក្រៅប្រទេស ដែលមានទេសភាពធម្មជាតិ ស្រស់ស្អាតគ្មានពីរ ប្រៀបដូចជានៅលើឋានសួគ៌។
ទី៤-ស្រុកវាលវែង មានចំនួន៥ឃុំ ហើយឃុំនីមួយៗមានក្រុមប្រឹក្សាឃុំ ចំនួន៥នាក់
ទី៥-ស្រុកវាលវែង មានអភិបាលនៃគណៈអភិបាលស្រុក ដឹកនាំចំនួន៥ជំនាន់ ហើយបច្ចុប្បន្ននេះ ជាអភិបាលនៃគណៈអភិបាលស្រុក ជំនាន់ទី៥ផងដែរ។

លោកអភិបាលស្រុករូបនោះ ក៏បានបញ្ជាក់អំពីការចាប់ផ្តើមកសាងកែលម្អរ រង្វង់មូលខាងលើនេះ ពោលគឺចាប់ពីខែមេសា ឆ្នាំ២០២៣ រហូតមកដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ សរុបថវិកាចំណាយក្នុងការជួសជុលកែលម្អររង្វង់មូលដំរី៥០៥ និងកម្មវិធីសម្ភោធ អស់ថវិកា ចំនួន៣៩៩,០០០,០០០រៀល។ បន្ថែមពីនោះ ថវិកាដែលបានមកពីការចូលរួមរបស់សប្បុរសជន មានចំនួន២៨៤,១១៨,០០០រៀល នៅខ្វះថវិកាចំនួន១១៤,៨៨២,០០០រៀល៕