(សៀមរាប)៖ បន្ទាប់ពីបានឃើញការចុះផ្សាយ មានការលេងល្បែងស៉ីសង នៅចំណុចសាលាឆទាន ខាងលិចរបងផ្សាម៉ាក្រូ ស្ថិតក្នុងភូមិកណ្តែក ឃុំកណ្តែក ស្រុកប្រាសាទបាគង គ្មានសមត្ថកិច្ចណាចុះបង្ក្រាបឡើយ, លោកវរសេនីយ៍ឯក លឹម សម្បត្តិ អធិការនគរបាលស្រុកប្រាសាទបាគង បានបញ្ជាកម្លាំងជំនាញចុះស្រាវជ្រាវជាបន្ទាន់។

ជាលទ្ធផលនៃការចុះស្រាវជ្រាវ និងរុករកទីតាំងលេងល្បែងស៉ីសង និងសាលាឆទាន នៅខាងលិចរបងផ្សាម៉ាក្រូ ព្រមទាំងបានសាកសួរប្រជាពលរដ្ឋ នៅក្បែរទីតាំងខាងលើ តែមិនមានដូចការលើកឡើងឡើយ។ លោកបន្ដថា ម្យ៉ាងវិញទៀត ទីតាំងខាងលើនេះ គឺស្ថិតក្នុងភូមិគោកត្នោត ឃុំកណ្តែក ស្រុកប្រាសាទបាគង មិនមែនស្ថិតក្នុងភូមិកណ្តែក ដូចការលើកឡើងរបស់អង្គភាពសារព័ត៌មាននេះឡើយ។

ក្នុងនាមអធិការ នៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង លោកសូមស្វាគមន៍ និងត្រៀមកិច្ចសហការជានិច្ចជាមួយអ្នកសារព័ត៌មាន និងប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ក្នុងករណីឃើញមានការលែងល្បែងស៉ីសងខុសច្បាប់ ក្នុងភូមិសាស្ត្រស្រុកប្រាសាទបាគង សូមផ្តល់សេចក្តីរាយការណ៍ តាមរយៈលេខទូរស័ព្ទ Hotline 0977780126 សមត្ថកិច្ចនឹងចុះបង្ក្រាប ឲ្យបានទាន់ពេលវេលា ដើម្បីភូមិឃុំយើងមានសុវត្ថិភាព៕