(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអាទិត្យ ៨កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោ​ជិតប្រមាណ ២២,៣៥៨នាក់ មកពីរោងចក្រសហគ្រាចំនួន២៤ នៅក្នុងក្រុងបាវិត ខេត្តស្វាយរៀង។ ជំនួបសំណេះ​សំណាល​​នឹងធ្វើឡើងនៅតំបន់សេដ្ឋកិច្ចពិសេសមេនហាតថេន (MANHATTAN) ក្នុងក្រុងបាវិត។

សម្តេចតេជោនាយករដ្ឋមន្ត្រី ធ្លាប់បានជួបកម្មករ និយោជិតនៅក្នុងក្រុងបាវិត នេះ​ចំនួន៣ដងរួចមកហើយ។ លើកទី១ នៅឆ្នាំ២០០៥ លើកទី២ និងទី៣ នៅឆ្នាំ២០១៨។

លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យ​ដឹង​ថា រោងចក្រ សហគ្រាទាំង២៤ ដែលអនុញ្ញាតឱ្យកម្មករ និយោជិតចូល​រួម​ក្នុងពិធីសំណេះសំណាលនេះ មានរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន៧ ផលិតស្បែកជើងចំនួន៣, កែច្នៃផលិតផលជ័រ និងគ្រឿងផ្លាស្ទិកចំនួន១, ផ្គុំ និងដំឡើងកង់ចំនួន១, អេឡិចត្រូនិចចំនួន៣ និងរោងចក្រផ្សេងៗចំនួន៩។ ផលិតផលរោងចក្រ សហគ្រាសទាំងនេះ ត្រូវបាននាំចេញទៅកាន់ទីផ្សារ​អន្តរ​ជាតិ ដូចជាសហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក ចិន និងអូស្ត្រាលីជាដើម។

ការប្រឹងប្រែងស្វែងរកការងារជូនប្រជាពលរដ្ឋ ជាគោលនយោបាយដ៏ចាំបាច់មួយ​របស់​រាជរដ្ឋាភិបាលកម្ពុជា។ ក្រៅតែពីរកការងារជូនប្រជាពលរដ្ឋហើយនោះ រាជរដ្ឋាភិបាល ក៏នៅគិតថែមទៀតថា តើត្រូវធ្វើបែបណា ដើម្បីកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋ ដែលទៅធ្វើការងារឆ្ងាយផ្ទះ?

ផ្តើមចេញពីហេតុផលនេះហើយ ទើបនៅឆ្នាំ១៩៩៩ សម្តេចតេជោ ហ៊ុន សែន បាន​ដាក់​ចេញ​គោលនយោបាយពង្រាយរោងចក្រចុះទៅតាមខេត្ត ដើម្បីផ្តល់ការងារនៅ​ជិត​ផ្ទះរបស់ប្រជាពលរដ្ឋ។ ខេត្តស្វាយរៀង បានក្លាយជា​ខេត្ត​មួយនៃគោលដៅ​វិនិយោគ​រោងចក្រ សហគ្រាស និងទទួលបានផលប្រយោជន៍ពីនយោបាយពង្រាយរោងចក្រ​នេះ។

យោងតាមការបញ្ជាក់របស់លោក អ៉ិត សំហេង នៅឆ្នាំ២០២៣នេះ ខេត្តស្វាយរៀង មានរោងចក្រ សហគ្រាសចំនួន ២៦៤ មានកម្មករ និយោជិតប្រមាណ ៩ម៉ឺននាក់ ៥ពាន់នាក់ ដែលមានប្រាក់ឈ្នួលមធ្យមប្រមាណ ២៨៤លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ក្នុងនោះ រោងចក្រ សហគ្រាសវិស័យកាត់ដេរចំនួន៤១ មានកម្មករ និយោជិតប្រមាណ ៤ម៉ឺននាក់ មានប្រាក់ឈ្នួលមធ្យមសរុបប្រមាណ ១២៤លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ខេត្តស្វាយរៀង ជាខេត្តទី៦ ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាសវិស័យកាត់ដេរច្រើន។

សូមរំលឹកថា កាលពីឆ្នាំ២០១៧ សម្តេចតេជោនាយករដ្ឋមន្ត្រី បានដាក់កម្មវិធីចុះ​ជួប​សំណេះសំណាលជាមួយកម្មករ កម្មការិនីតាមរោងចក្រ សហគ្រាសនានានៅទូទាំង​ប្រទេស។ ការចុះជួបដោយផ្ទាល់ជាមួយកម្មករ កម្មការិនីតាមរោងចក្រ សហគ្រាស​នេះ សម្តេចតេជោ មានគោលដៅស្វែងយល់ពីសុខទុក្ខរបស់កម្មករ កម្មការិនី ហើយ​ឆ្លើយតបនូវតម្រូវការរបស់ពួកគេ។ គោលដៅពិសេសនោះ សម្តេចតេជោ ចង់បង្កើតឱ្យ​មានភាពសុខដុមនៅតាមរោងចក្រ សហគ្រាសតែម្តង ដើម្បីធានាភាពប្រសើរនៃច្រវាក់​ផ​​លិតកម្មកាត់ដេរ និងវេយណភណ្ឌនៅកម្ពុជា។

ដំណើរចុះជួបកម្មករ កម្មការិនីជុំទី១ ចាប់តាំងពីថ្ងៃអាទិត្យ ទី២០ ខែសីហា ឆ្នាំ២០​១៧ ដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ សម្តេចតេជោ បានជួប​សំណេះសំណាល​ជាមួយកម្មករ និយោជិតចំនួន ៧៧លើក ដែលមានកម្មករនិយោជិត​ចំនួន​ប្រមាណ ១លាននាក់។

ជំនួបក្នុងជុំទី១ សម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍គន្លឹះ ១០ចំណុច ដែល​បានសម្រួលដល់បរិយាកាសវិនិយោគ, ផ្តល់នូវការលើកកម្ពស់សិទ្ធិ អត្ថប្រយោ​ជ​ន៍ និងកិច្ចគាំពារសង្គមយ៉ាងច្រើនដល់បងប្អូនកម្មករនិយោជិត ហើយដែលក្រសួង​ការ​ងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិងកំពុងសហការជាមួយក្រសួង ស្ថាប័នអនុវត្ត​បានជោគជ័យ។

បន្ទាប់ពីបានខកខានជាច្រើនឆ្នាំដោយសារការរាតត្បាតនៃជំងឺកូវីដ១៩នោះ។ សម្តេចតេជោ ហ៊ុន សែន ក៏បានដាក់ចេញកម្មវិធីចុះជួបកម្មករ កម្មការិនីជុំទី២ ដោយចាប់ផ្តើមនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣កន្លងទៅនេះ។

ជំនួបថ្ងៃស្អែកនេះ គឺជាជំនួបលើកទី១៥ហើយ សម្រាប់ជុំទី២នេះ។ ជំនួប ១៥លើក នេះ មានកម្មករ និយោជិតចូលរួមសរុប​​ប្រមាណ ២៧ម៉ឺន ៨ពាន់នាក់។ សម្តេចតេជោ គ្រោងជួបចំនួន៤លើកទៀត ដែល​នឹង​ជួបកម្មករនិយោជិតសរុបប្រមាណ ៥ម៉ឺន ៨ពាន់នាក់បន្ថែមទៀត។

ក្នុងជំនួបជាមួយកម្មករ កម្មការិនីជុំទី២ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅ សម្ដេច​តេជោ បានប្រកាសអនុវត្តកម្មវិធីចាស់ សកម្មភាពថ្មី និងបន្ថែមវិសាល​ភាព​ដល់​កម្ម​ការិនី ដែលមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំផងដែរ។

ឧស្សាហកម្មកាត់ដេរ គឺជាចំណែកមួយដ៏សំខាន់ជំរុញដល់កំណើនសេដ្ឋកិច្ចជាតិ និង​ផ្តល់​ការងារជូនប្រជាពលរដ្ឋ។ ក្រោមគោលនយោបាយប្រកបដោយសក្តានុពល​របស់​រាជ​រដ្ឋាភិបាល បានធ្វើឱ្យឧស្សាហកម្មកាត់ដេរមានកំណើនជាបន្តបន្ទាប់។

របាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា នៅឆ្នាំ១៩៩៧ រោងចក្រ សហគ្រាសវិស័យកាត់ដេរនៅកម្ពុជា មានចំនួនត្រឹមតែ៦៤ មានកម្មករ និយោជិតប្រមាណ ៨ម៉ឺននាក់ ការនាំចេញមានចំនួនប្រមាណ ២២៧លានដុល្លារអាមេរិកប៉ុណ្ណោះ។
នៅឆ្នាំ២០២៣ រោងចក្រ សហគ្រាសក្នុងវិស័យកាត់ដេរ បានកើនដល់ចំនួន១,៣២៦ មានកម្មករ និយោជិតប្រមាណ ៨៤ម៉ឺននាក់ (ស្រី ៦៦ម៉ឺននាក់)។ ការនាំចេញមាន​រហូត​ដល់​ទៅ ១៣ពាន់លានដុល្លារអាមេរិក។ តាមរយៈការងារក្នុងវិស័យកាត់ដេរនេះ បានធ្វើឱ្យប្រជាពលរដ្ឋធានាបាននូវប្រាក់ចំណូលប្រចាំខែ និងមានជីវភាពកាន់តែល្អប្រសើរ៕

view-source: