(កំពង់ចាម)៖ អតីតសកម្មជនគណបក្សភ្លើងទៀន បានបន្តលាលែង និងឈប់គាំទ្រការដឹកនាំបែបបោកប្រាសរបស់មេដឹកនាំបក្សរត់ចោលស្រុក លោក សម រង្សីទៀតហើយ។

ជាក់ស្ដែង នៅរសៀល ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២៣ អតីតសកម្មជនចំនួន ២គ្រួសារ រស់នៅស្រុកបាធាយ ខេត្តកំពង់ចាម បាននាំគ្នាចូលរួមជាមួយបក្សពួក សម្រេចចិត្តលាលែងពីបក្សភ្លើងទៀន និងអស់ជំនឿជឿលើការដឹកនាំមេដឹកបក្សមួយនេះទៀតហើយ។

លោក ជ្រៃ វ៉េត អាយុ ៤៧ឆ្នាំ និងប្រពន្ធឈ្មោះ ឡេន ម៉ុន អាយុ ៤៨ឆ្នាំ ព្រមទាំងកូនចំនួន ៣នាក់មានលោក វ៉េត វឿន លោក វ៉េត សុវណ្ណ និង លោក ជួន ជាត រស់នៅក្នុងភូមិស្តុបធំ ឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាម ដែលមានស្លាកគណបក្សភ្លើងទៀនពីមុខផ្ទះ តែពេលនេះសម្រេចចិត្តថាឈប់ជឿទៀតហើយ។ លោក សម រង្សី ប្រេីនយោបាយបោកប្រាស់ និងតែងតែជំរុញប្រជាពលរដ្ឋឲ្យស្អប់អាជ្ញាធរ សមត្ថកិច្ច និងរាជរដ្ឋាភិបាលស្របច្បាប់ ខណៈមេដឹកនាំរូបនេះរត់ចោលស្រុក។

ទន្ទឹមនឹងនេះដែរ គ្រួសារចំនួន ២ទៀត សម្រេចចិត្តនាំគ្នាដកស្លាកគណបក្សភ្លើងទៀន ចេញពីមុខផ្ទះតែម្តង ព្រោះវាគ្មានប្រយោជន៍ បើនៅតែគាំទ្របក្សភ្លើងទៀនទៀត។

គ្រួសារនេះ មានឈ្មោះ ហុន សុខម៉ាច និងប្រពន្ធ ឈ្មោះ យុន វ៉ាន់ដា និងលោក អឿ មុត និងប្រពន្ធឈ្មោះ តៃ ម៉េងហំ មានទីលំនៅក្នុងភូមិជ្រែក ឃុំបាធាយ ស្រុកបាធាយ បានអស់ជំនឿ និងឈប់គាំទ្រគោលនយោបាយបក្សភ្លើងទៀនទៀតផងដែរ៕