(ភ្នំពេញ)៖ ថ្លែងក្នុងកម្មវិធីប្រគល់សញ្ញាបត្រលើកទី៣០ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣នេះ លោកសាស្ដ្រាចារ្យមហាបរិញ្ញបណ្ឌិត សាបូ អូហ្សាណូ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យអន្ដរជាតិ បានបញ្ជាក់ឲ្យដឹងថា ការអភិវឌ្ឍន៍សាកលវិទ្យាល័យ មិនអាចកាត់ផ្តាច់ចេញ ពីការធានាឲ្យបានសុខសន្តិភាពស្ថេរភាព នយោបាយ និងម៉ាក្រូសេដ្ឋកិច្ចបានទេ។
បណ្ឌិត សាបូ អូហ្សាណូ បានបន្ថែមទៀតថា អាស្រ័យហេតុដូច្នេះ អនុវត្តតាមអនុសាសន៍ណែនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងមតិណែនាំរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានចលនាយុវជនគណបក្សប្រជាជនកម្ពុជា សាកលវិទ្យាល័យ អន្តរជាតិ សូមធ្វើការបញ្ជាក់ដូចខាងក្រោម៖
១៖ ចូលរួមថែរក្សាសុខសន្តិភាព ស្ថេរភាព នយោបាយជាមួយរាជរដ្ឋាភិបាលកម្ពុជា ឲ្យបានជាដាច់ខាត់។ «អរគុណសន្តិភាព»។
២៖ បន្តគាំទ្រយ៉ាងពេញទំហឹង ចំពោះសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី សម្រាប់អាណត្តិទី៧ និងអាណត្តិបន្តបន្ទាប់ និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជន នាយករដ្ឋមន្ត្រី នាពេលអនាគត របស់គណបក្សកម្ពុជា។
៣៖ សូមផ្តាំផ្ញើ លោក-លោកស្រី និស្សិតជ័យលាភីទាំងអស់ អញ្ជើញចូលរួមទៅបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។
បើតាមបណ្ឌិត សាបូ អូហ្សាណូ, សាកលវិទ្យាល័យ អន្តរជាតិ សង្ឈឹមយ៉ាងមុតមាំថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្តី្រនៃកម្ពុជា នាពេលបច្ចុប្បន្ន និងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់លោកបណ្ឌិត ហ៊ុន ម៉ាណែត នាពេលអនាគត។
ទន្ទឹមគ្នានេះ បណ្ឌិត សាបូ អូហ្សាណូ ក៏បន្តលើកទឹកចិត្ត ជំរុញឲ្យមានការអភិវឌ្ឍន៍ធនធានមនុស្សទ្វេដង ពិសេសអត្រានិស្សិតចូលរៀន ក្នុងវិស័យសុខាភិបាល វិស័យស្ទែម (STEM) និងវិស័យកសិកម្ម អភិវឌ្ឍន៍ជនបទ ដើម្បីឲ្យកម្ពុជា ក្លាយជាប្រធានអភិវឌ្ឍន៍ នាឆ្នាំ២០៥០។ ម្យ៉ាងទៀត សាកលវិទ្យាល័យ អន្តរជាតិ ក៏ចង់បាននិស្សិតបរទេសឲ្យមកសិក្សានៅកម្ពុជា ឲ្យបានច្រើនជាងឆ្នាំកន្លងមក។
បណ្ឌិត សាបូ អូហ្សាណូ បានលើកឡើងថា សាកលវិទ្យាល័យ អន្តរជាតិ ដែលបានគាំទ្រពីបណ្ឌិត ហ៊ុន ម៉ាណែត លោក លោកស្រី ជារដ្ឋមន្ត្រី ជាថ្នាក់ដឹកនាំក្រសួងស្ថាប័នរដ្ឋ ដៃគូអភិវឌ្ឍ សាស្ត្រាចារ្យបុគ្គលិក និស្សិត អាណាព្យាបាលនិស្សិត នឹងអតីតនិស្សិត នឹងបន្តជួយអភិវឌ្ឍសាកលវិទ្យាល័យនេះ ក្នុងផែនការ ៥ឆ្នាំបន្តទៀត៕