(ភ្នំពេញ)៖ ក្រោយពេល ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឬទ័យព្រះរាជានុញ្ញាតឱ្យគណៈប្រតិភូ WFB ដឹកនាំដោយ លោកព្រឹទ្ធបុរស Phallop Thaiarry ប្រធាន WFB ព្រមទាំងថ្នាក់ដឹកនាំព្រះសង្ឃមកពីប្រទេស ជប៉ុន កូរ៉េ ថៃ ចូលក្រាបបង្គំគាល់ និងថ្វាយព្រះរាជគោរមងារ «ព្រះរាជពុទ្ធមាមកាភិបាល នៃអង្គការពុទ្ធសាសនិកពិភពលោក» នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ នៅព្រះបរមរាជវាំង, នៅយប់ថ្ងៃដដែល គណៈប្រតិភូនៃអង្គការពុទ្ធសាសនិកពិភពលោក បាននិមន្ត និងចាកចេញពីកម្ពុជាហើយ។
មុននិមន្ត និងចាកចេញនេះ លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា និងជាប្រធានក្រុមប្រឹក្សាវប្បធម៌អាស៊ី បានអញ្ជើញទទួលអាហារស្វាគមន៍ ជូនគណៈប្រតិភូនៃអង្គការពុទ្ធសាសនិកពិភពលោក (The World Fellowship of Buddhists-WFB) នៅសណ្ឋាគារ Raffle Le Royal Phnom Penh នៅល្ងាចថ្ងៃដដែលផងដែរ៕