(កណ្តាល)៖ បណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកៀនស្វាយ តំណាងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល និងជាប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងអរិយក្សត្រ ស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម និងស្រុកកៀនស្វាយ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣នេះ បានអញ្ជើញក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា របស់ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង៨ ក្នុងស្រុកកៀនស្វាយ។
ពិធីនេះធ្វើឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ដោយមានការចូលរួមពីសមាជិក សមាជិកាក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកៀនស្វាយ, គណៈកម្មាធិការគណបក្សស្រុក-ឃុំ និងប្រធានសាខាបក្សភូមិ ក្នុងស្រុកកៀនស្វាយ សរុបចំនួន ៣៣៤រូប។
សមិទ្ធផលសំខាន់ៗ ដែលត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នាឱកាសនេះ រួមមានអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំគគីរធំ, ឃុំបន្ទាយដែក, ឃុំឈើទាល, ឃុំដីឥដ្ឋ, ឃុំកំពង់ស្វាយ, ឃុំគគីរ, ឃុំភូមិធំ, និងឃុំសំរោងធំ និងសមិទ្ធផលផ្សេងៗទៀត ដូចជា ផ្លូវថ្នល់, ប្រឡាយទឹក, ឈាបនដ្ឋាន, រោងចំណតរថយន្ដ, អំពូលសូឡា និងសមិទ្ធផលជួសជុលនិងកែលម្អឡើងវិញ រួមមាន ស្ពាន, សាលារៀន, របងសាលា, បន្ទប់អនាម័យ និងផ្លូវថ្នល់ជាដើម។
ទន្ទឹមនេះ លោកបណ្ឌិត គុណ ញឹម បានជម្រាបអង្គពិធីពីសកម្មភាព របស់ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង៨, ក្រុមការងារគណបក្សស្រុក ឃុំ ភូមិ ក៏បានចូលរួមបំពេញសកម្មភាពការងារសង្គមជាច្រើនទៀតទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រក្នុងមូលដ្ឋាន ដូចជា ការជួយឧបត្ថម្ភគ្រួសារកូនខ្ចី គ្រួសារមានសមាជិកទទួលមរណភាព ជនងាយរងគ្រោះ កុមារកំព្រា ចាស់ជរា អ្នកមានជំងឺ គ្រួសារក្រីក្រ និងគ្រួសារជួបគ្រោះថ្នាក់ផ្សេងៗ ព្រមទាំងចូលរួមប្រគេនទេយ្យទាន និងបច្ច័យដល់ព្រះសង្ឃគង់នៅតាមវត្តអារាមនានា ក្នុងស្រុកកៀនស្វាយ ក្នុងពីធីបុណ្យសាសនាជាតិជាដើម។ សមិទ្ធផលទាំងនេះ ជាការចូលរួមចំណែកអភិវឌ្ឍនៅមូលដ្ឋាន និងជាការពង្រឹងបន្ថែមទៀតដល់ដំណើរការការងារ របស់គណបក្សប្រជាជនកម្ពុជា ក្នុងការបម្រើប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ស្រុកកៀនស្វាយ។
លោកបណ្ឌិត ក៏បានរំលឹកនូវការណែនាំដ៏ខ្ពង់ខ្ពស់របស់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ដល់ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង ៨ ឱ្យបន្ដសហការជិតស្និទ្ធជាមួយគណបក្សស្រុក ឃុំ ភូមិ រួមគ្នាអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវសេចក្ដីណែនាំស្ដីពី (១)ការអនុវត្តភារកិច្ច និងទិសដៅការងារឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣ និងសេចក្ដីណែនាំផ្សេងទៀត ដែលបានដាក់ចេញគណៈអចិន្ដ្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកៀនស្វាយ, (២)ការរៀបចំស្លាកសញ្ញាគណបក្ស និង (៣) ការត្រៀមរៀបចំខួបលើកទី៧២ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា គួបជាមួយនឹងពិធីបើកយុទ្ធនាការ ឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ នៃរដ្ឋសភា នៅថ្ងៃសៅរ៍ ទី០១ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ឱ្យបានល្អប្រសើរ។
អង្គពិធីបានប្រកាសជាឱឡារិក គាំទ្រយ៉ាងពេញទំហឹងចំពោះសម្ដេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ដ្រីសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា និងនីតិកាលបន្ដបន្ទាប់ ព្រមទាំងគាំទ្រដោយស្មោះចំពោះលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ដ្រីសម្រាប់ពេលអនាគត។
នាក្នុងឱកាសនេះដែរ បណ្ឌិត គុណ ញឹម ក៏បានប្រគល់អំណោយរបស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី នូវអាវ និងមួករបស់គណបក្សប្រជាជនកម្ពុជា សរុបចំនួន ៤០០០ឈុត ដល់គណបក្សឃុំទាំង ៨ ក្នុងស្រុកកៀនស្វាយ សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ដ្រនីតិកាលទី៧ ឆ្នាំ២០២៣ ដែលនឹងត្រូវចាប់ផ្ដើមពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ៕