(កំពត)៖ លោកស្រី ហ៊ុន ចាន់ធី ម៉ៅធនិន ប្រធានកិត្តិយសគណៈកម្មការសាខាសមាគមនារីកម្ពុជា បានលើកឡើងថា ការចូលរួមរបស់បងប្អូនជាស្ត្រីសមាគមនារី ក្នុងសកម្មភាពជាអ្នកសង្កេតការណ៍ជាតិ គឺពិតជាមានសារសំខាន់ណាស់ ក្នុងការចូលរួមការពារភាពស្របច្បាប់ និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខនេះ និងដើម្បីបន្តថែរក្សាការពារសន្តិភាព និងការអភិវឌ្ឍសង្គមជាតិឱ្យកាន់តែមានការរីកចំរើនថែមទៀត។

លោកស្រី ហ៊ុន ចាន់ធី ម៉ៅធនិន ថ្លែងក្នុងពិធីជួបសំណេះសំណាល និងពង្រឹងសមត្ថភាពដល់អ្នកសង្កេតការណ៍ជាតិ របស់សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្តកំពត។

លោកស្រី ហ៊ុន ចាន់ធី ម៉ៅ ធនិន បានបន្តថា ក្នុងនាមខ្លួនលោកស្រីផ្ទាល់ និងក្នុងនាមលោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត សូមសំដែងនូវការកោតសរសើរ ដល់បងប្អូននារីទាំងអស់ ដែលបានតស៊ូព្យាយាមយកចិត្តទុកដាក់ចូលរួមយ៉ាងសកម្ម ក្នុងការបំពេញការងារ ជាអ្នកសង្កេតការណ៍ជាតិ របស់សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២កន្លងទៅ។

នាឱកាសនោះដែរ ប្រធានកិត្តិយសគណៈកម្មការសាខា ក៏បានលើកបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននាំមកនូវសុខសន្តិភាព ព្រមទាំងការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស។ សម្តេចតេជោ ជានិច្ចជាកាលតែងតែបានផ្ដល់ការគាំទ្រលើកទឹកចិត្ត ការពារសិទ្ធិ និងផលប្រយោជន៍របស់ស្រ្តី និងក្មេងស្រី ព្រមទាំងមានគោលនយោបាយ និងយុទ្ធសាស្ត្រផ្តោតយ៉ាងជាក់លាក់ ទៅលើការលើកកម្ពស់សមភាពយេនឌ័រ ការបង្កើនភាពអង់អាចដល់ស្ត្រី និងការអភិវឌ្ឍន៍ធនធានមនុស្ស ដែលគ្រប់ក្រសួងស្ថាប័ន កំពុងអនុវត្ត ដើម្បីប្រជាពលរដ្ឋកម្ពុជា ជាពិសេសស្ត្រី និងយុវវ័យ។

យោងតាមរបាយការណ៍ របស់លោកស្រី យូ សុគន្ធ ប្រធានប្រត្តិបត្តិ សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត បានឱ្យដឹងថា ពាក់ព័ន្ធនឹងការងារជាអ្នកសង្កេតការណ៍បោះឆ្នោតសាខាសមាគម បានចូលរួមជានិច្ច ទាំងការបោះឆ្នោតសកល និងអសកល។

កន្លងមកសាខាសមាគម បានចូលរួមសកម្មភាពជាអ្នកសង្កេតការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ កាលពីឆ្នាំ២០២១ ដែលមានអ្នកសង្កេតការណ៍ចំនួន ២នាក់, ការបោះឆ្នោតជ្រើសរើសក្រុប្រឹក្សា ឃុំ-សង្កាត់ អណត្តិទី៥ មានអ្នកសង្កេតការណ៍ចំនួន ១,០៥០នាក់ ក្នុង ១,០៥០ការិយាល័យ, ហើយសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខនេះ សាខាសមាគមន៍ បានរៀបចំអ្នកសង្កេតការណ៍ ចំនួន ១,០៥៤នាក់ ដើម្បីចូលរួមសង្កេតការណ៍ក្នុងការរិយាល័យបោះឆ្នោតទាំង ១,០៥៤ ការិយាល័យ ទូទាំងខេត្តកំពតផងដែរ។

ក្នុងពិធីនេះដែរ លោកស្រី ហ៊ុន ចាន់ធី ម៉ៅ ធនិន បានឧបត្ថម្ភដល់អ្នកសង្កេតការណ៍របស់សមាគម ចំនួន ១,០៥៤នាក់ ក្នុងម្នាក់ៗទទួលបានថវិការ ចំនួន ២ម៉ឺនរៀល និងអាវយឺតសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ម្នាក់ ១ផងដែរ៕