(ព្រៃវែង)៖ លោក ជា សុមេធី ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង បានអញើញប្រកាសបញ្ចូលយុវជនជាសមាជិកថ្មីគណបក្សប្រជាជនកម្ពុជាចំនួន ៤២១នាក់ ក្នុងក្រុងព្រៃវែង និងក្នុងស្រុកពោធិ៍រៀង ចំនួន៦៩០នាក់បន្ថែមទៀត នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣។

លោក ជា សុមេធី បានថ្លែងថា យុវជនដែលប្រកាស
បញ្ចូលយុវជនជាសមាជិកថ្មី របស់គណបក្សប្រជាជនកម្ពុជានេះ គឺកម្លាំងចលករមួយដ៏សំខាន់សម្រាប់គណៈបក្សប្រជាជនកម្ពុជា ក្នុងការបន្តការដឹកនាំប្រទេសជាតិឲ្យមានការរីកចម្រើន និងអភិវឌ្ឍន៍ទៅមុខជាលំដាប់។

លោកក៏បានបន្ថែមទៀតថា យុវជនគណបក្សប្រជាជនកម្ពុជា បានធ្វើសកម្មភាពនានាមានការងារមនុស្សធម៌ ដែលបានចុះជួយដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងសកម្មភាពផ្សេងៗជាច្រើនទៀត។

ក្នុងនោះដែរ លោកក៏បានលើកឡើងបន្ថែមទៀតថាក្នុងការដឹកនាំដ៏ប៉ិនប្រសព្វ ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចបាននិងខិតខំប្រឹងប្រែងយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍប្រទេសជាតិ ឱ្យមានការរីកចម្រើន។ ហើយអ្វីដែលពិសេសជាងនេះទៅទៀតនោះ គឺប្រទេសកម្ពុជាក៏បានធ្វើជាម្ចាស់ផ្ទះនៅព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារាហ្គេម ដោយទទូលបានជោគជ័យ ទាំងនេះគឺបង្ហាញឱ្យពិភពលោកបានស្គាល់កាន់តែច្បាស់ថាប្រទេសកម្ពុជាគឺជាប្រទេសពោពេញទៅដោយសុខសន្តិភាព ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។

មួយវិញទៀតនោះក្នុងព្រឹត្តិការណ៍នោះដែរ រាជរដ្ឋាភិបាលកម្ពុជា ក៏មិនបានយកថវិកា ទាំងការហូបចុក ស្នាក់នៅទាំងអស់នេះហើយដែលធ្វើឱ្យពិភពលោកបានឃើញថាប្រទេសកម្ពុជាគឺជាប្រទេសតូច តែបេះដូងធំ។ ហើយគណបក្សប្រជាជនកម្ពុជាគឺធ្វើអ្វីគ្រប់យ៉ាងដើម្បីតែសុខសន្តិភាព ស្ថេរភាព ជូនបងប្អូនប្រជាពលរដ្ឋ និងការអភិវឌ្ឍប្រទេសជាតិ៕