(ភ្នំពេញ)៖ រឿងមិនមានឈ្មោះប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដោយគ្មានឯកសារគ្រប់គ្រាន់ គឺលិខិតចុះឈ្មោះផ្លូវការច្បាប់ដើម របស់គណបក្សភ្លើងទៀន គឺជាចេតនាមួយ ចង់ទម្លាក់កំហុសលើ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងដើម្បីថា សម្តេចតេជោ ហ៊ុន សែន ជាអ្នកគ្រប់គ្រងលើ គ.ជ.ប។
នេះបើតាមលោកបណ្ឌិត សូ ណារ៉ូ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ថ្លែងនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ ពេលធ្វើសន្និសីទសារព័ត៌មានមួយ នៅវិមានសន្តិភាព ក្រោយធ្វើមាតុភូមិនិវត្តន៍ បន្ទាប់ពីចាកចេញអស់រយៈពេល ១១ឆ្នាំ។
លោកបណ្ឌិត សូ ណារ៉ូ បានថ្លែងថា ការមិនមានឈ្មោះប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ គឺជាល្បែងនយោបាយ ដែលបង្កើតឡើងដោយគណបក្សភ្លើងទៀន ខ្លួនឯងតែម្តង ពោលគឺជារឿងស្វាស៉ីបាយលាបមាត់ពពែ។ លោកបន្តថា លិខិតដើមរបស់គណបក្សភ្លើងទៀន ប្រហែលជានៅប្រទេសបារាំង។
បើតាមលោកបណ្ឌិត សូ ណារ៉ូ បើបងប្អូនចង់ធ្វើបាតុកម្ម ទាមទារឲ្យគណបក្សភ្លើងទៀនមានវត្តមាន សម្រាប់ការបោះឆ្នោតខាងមុខ សូមធ្វើបាតុកម្មនៅប្រទេសបារាំង ទើបត្រឹមត្រូវ មិនមែនយកកំហឹង ទៅខឹងនឹងគជប នោះទេ ព្រោះតែ គជប ចុះឈ្មោះគ្រប់គណបក្សនយោបាយ ដែលមានឯកសារគ្រប់គ្រាន់។ លោកបណ្ឌិត អះអាងថា នេះមិនមែនជាលិខិតដែលបាត់ទេ តែជាលិខិតដែលគេមិនចង់បង្ហាញ ដើម្បីឲ្យគេថា សម្តេចតេជោ ហ៊ុន សែន គ្រប់គ្រងលើ គជប។
លោកបណ្ឌិត សូ ណារ៉ូ កត់សម្គាល់ទៀតថាថ ការលាក់លិខិតនេះ ក៏ជាចេតនារបស់គណបក្សភ្លើងទៀន ឲ្យគណបក្សប្រជាជនកម្ពុជា ប្រឈមមុខនឹងសហគមន៍អន្តរជាតិ និងមិនឲ្យសហគមន៍អន្តរជាតិ មិនទទួលស្គាល់ការបោះឆ្នោតនៅកម្ពុជា។
សូមជម្រាបថា នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ក្រុមប្រឹក្សាធម្មនុញ្ញ បានសម្រេចបដិសេធចោលបណ្តឹងរបស់បក្សភ្លើងទៀន និងបក្សមហាសាមគ្គីជាតិខ្មែរ ជុំវិញការមិនចុះបញ្ជីឈ្មោះចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រពីសំណាក់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ មានគណបក្សចំនួន ១៨ ចូលរួម៕