(ភ្នំពេញ)៖ លោកបណ្ឌិត សូ ណារ៉ូ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ បានថ្លែងថា មនោគមន៍វិជ្ជា ចំនួន ៣ចំណុច របស់គណបក្សប្រឆាំង ត្រូវបានរលាយដូចក្រមួនត្រូវថ្ងៃ។
ថ្លែងពេលធ្វើសន្និសីទសារព័ត៌មានមួយ នៅវិមានសន្ដិភាព ក្រោយបានធ្វើមាតុភូមិនិវត្តន៍វិញ បន្ទាប់ពីចាកចេញអស់រយៈពេល ១១ឆ្នាំ លោកបណ្ឌិត សូ ណារ៉ូ បានឲ្យដឹងថា នៅកម្ពុជា មានមនោគមន៍វិជ្ជា ៣ចំណុច។
បើតាមលោកបណ្ឌិត សូ ណារ៉ូ មនោគមន៍វិជ្ជានយោបាយ ៣ចំណុច របស់បក្សប្រឆាំង រួមមាន៖
* ចំណុចទី១ គឺការបំផុសការចងកំហឹង ជាមួយរាជរដ្ឋាភិបាល អាជ្ញាធរ និងតុលាការ។ ពេលប្រជាពលរដ្ឋកាន់តែចងកំហឹង បក្សប្រឆាំងកាន់តែមានឱកាស។ ប៉ុន្តែចុងក្រោយ អ្នកដែលជាប់ពន្ធនាគារ គឺអ្នកដែលងប់ងុល ហើយរស់នៅក្នុងស្រុក។
* ចំណុចទី២ គឺការបំផុស ធ្វើយ៉ាងម៉េចឲ្យគេស្អប់រាជរដ្ឋាភិបាល។ គណបក្សប្រឆាំង បានធ្វើគ្រប់យ៉ាងដើម្បីឲ្យគេស្អប់រាជរដ្ឋាភិបាលកម្ពុជា ហើយខ្លួនយកចំណេញលើរឿងនយោបាយ។
* ចំណុចទី៣ គឺការបដិសេធការពិត។ ការបដិសេធការពិតនេះ ធ្វើឡើងសូម្បីតែរឿងស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ខ្មែរយើងនៅក្រៅស្រុក មើលឡើងព្រឺរោម សឹងស្រក់ទឹកភ្នែក ដោយមិននឹកថា ខ្មែរយើងមានការរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ កម្រិតសឹងស្មើនឹងអូឡាំពិក ហើយបរទេសក៏មិននឹកស្មានដែរ។ បក្សប្រឆាំង បំផុសចលនា មិនទទួលយកការពិត ដូចជា គេនិយាយថា ម៉េចបានឲ្យគេទទួលទាន និងស្នាក់នៅដោយឥតគិតថ្លៃ ជាដើម ខណៈគេរៀបចំព្រឹត្តិការណ៍ធំៗ រកប្រាក់បានរាប់លានដុល្លារ។
សូមជម្រាបថា លោកបណ្ឌិត សូ ណារ៉ូ បានមកដល់ស្រុកវិញក្រោយចាកចេញអស់រយៈពេល ១១ឆ្នាំ ហើយមុនពេលមកស្រុកវិញ លោកតែងតែបានធ្វើសកម្មភាពប្រឆាំងរាជរដ្ឋាភិបាល ពីនាយសមុទ្ទ។
លោក សូ ណារ៉ូ ត្រូវបាន ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យតែងតាំង ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣។
បន្ទាប់ពីមានការតែងតាំងនេះ លោកបណ្ឌិត សូ ណារ៉ូ បានប្រកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ លោកបានបង្ហាញសមិទ្ធផល និងស្នាដៃធំៗដែលគណបក្សប្រជាជនកម្ពុជាសម្រេចបាន ដែលនាំមកនូវភាពរុងរឿងសម្រាប់ជាតិ និងធ្វើឱ្យប្រជាពលរដ្ឋមានជីវភាពល្អប្រសើរ។ ស្នាដៃដ៏អស្ចារ្យទៀតនោះ ការរៀបចំព្រឹត្តិការណ៍កម្រិតតំបន់ និងអន្តរជាតិ ដូចជាការប្រកួតកីឡាស៊ីហ្គេមជាដើម នាំឱ្យកិត្តិស័ព្ទជាតិល្បីខ្ទរខ្ទារជាមោទនភាពសម្រាប់ជាតិ និងប្រជាជន។
ក្នុងសេចក្តីថ្លែងការណ៍នេះ លោក សូ ណារ៉ូ បានឆ្លៀតវាយប្រហារលើភាពកម្សោយនៃការដឹកនាំ និងការធ្វើនយោបាយរបស់បក្សប្រឆាំង ដែលដឹកនាំដោយជនក្បត់ជាតិ សម រង្ស៉ី ផងដែរ។
មួយរយៈចុងក្រោយនេះ សកម្មជនសំខាន់ៗជាច្រើនរបស់ក្រុមប្រឆាំង បានប្រកាសផ្តាច់ខ្លួន ហើយចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា៕