(ត្បូងឃ្មុំ)៖ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣នេះ លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បានដឹកនាំលោកគ្រូ អ្នកគ្រូបង្រៀន តាមគ្រឹះស្ថានសិក្សាសាធារណៈនានាក្នុងរាជធានីភ្នំពេញ ប្រមាណជាង៣០០នាក់ ធ្វើទស្សនកិច្ចសិក្សាស្វែងយល់ ពីតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X-16 ដែលជាកន្លែងតស៊ូរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត កាលពីថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ១៩៧៧ ស្ថិតនៅឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ព្រំដែនកម្ពុជា-វៀតណាម។

ក្នុងដំណើរទស្សនកិច្ចនោះ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការទំនាក់ទំនងកិច្ចការសាធារណៈ នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើបទបង្ហាញ អំពីដំណើរនៃការតស៊ូរបស់សម្ដេចតេជោ ហ៊ុន សែន ជូនដល់លោកគ្រូអ្នកគ្រូ ឲ្យបានយល់ជ្រួតជ្រាប អំពីទីតាំងដែលសម្ដេចបានគិតទុក និងធ្វើដំណើរឆ្ពោះទៅរកការសង្គ្រោះជាតិ នៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម X16។

ជាមួយគ្នានេះ លោក នួន ផារ័ត្ន បានបញ្ជាក់ជូនលោកគ្រូ អ្នកគ្រូថា ដំណើរទស្សនកិច្ចនេះ មានគោលបំណងធំៗ ចំនួនបី គឺ៖ ១.ការសិក្សាស្វែងអំពីវីរភាពពិតរបស់ថ្នាក់ដឹកនាំកម្ពុជា ជាពិសេសសម្ដេចតេជោ ហ៊ុន សែន ដែលបានលះបង់គ្រប់បែបយ៉ាង ដើម្បីសង្គ្រោះជាតិកម្ពុជាពីរបបខ្មែរក្រហម; ២.ការចុះមកសិក្សាស្វែងយល់ដល់ទីតាំងប្រវត្តិសាស្ត្រជាក់ស្តែងដែលស្ថិតនៅជាប់បន្ទាត់ព្រំដែនកម្ពុជា-វៀតណាម និង ៣.ការប្រែក្លាយ និងអភិវឌ្ឍតំបន់ជាប់ព្រំដែន ជាពិសេសតំបន់ X16 នេះ ឲ្យក្លាយជាតំបន់សេដ្ឋកិច្ច និងទេសចរណ៍ដ៏មានសក្តានុពលសម្រាប់ពេលខាងមុខ។ លោកបានបន្ថែមថា បើគ្មានការសម្រេចចិត្តត្រឹមត្រូវ ក្នុងការចាប់ផ្ដើម នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ នាពេលនោះទេ ក៏គ្មានអ្វីៗនៅពេលបច្ចុប្បន្ននេះដែរ។

នៅក្នុងឪកាសនោះ លោកគ្រូ អ្នកគ្រូ ដែលបានអញ្ជើញចូលរួម បានបង្ហាញអារម្មណ៍រំភើបរីករាយ ដែលមកដល់ទីតាំងជាក់ស្តែង នៃដំណើរឆ្ពោះទៅការសង្គ្រោះជាតិកម្ពុជា ក្រោមការលះបង់របស់ សម្ដេចតេជោ ដែលនេះជាគំរូវីរភាពមួយសម្រាប់យុវជនជំនាន់ក្រោយ៕