(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលរងខេត្តពោធិ៍សាត់ តំណាងលោក ម៉ៅ ធនិន អភិបាលខេត្ត នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦នេះ បានផ្ដល់ពូជស្រូវខាបួនចំនួន ៧តោន ជូនប្រជាកសិករក្នុងឃុំអូរសណ្តាន់៣៥០គ្រួសារ ដែលរៀបចំដោយមន្ទីរកសិកម្មខេត្ត គឺក្នុងមួយគ្រួសារទទួលបានស្រូវខាបួន២០គីឡូក្រាម សម្រាប់ចាប់ផ្ដើមធ្វើស្រូវរដូវវស្សាឲ្យបានទាន់ពេលវេលា។
ពិធីនេះត្រូវបានធ្វើឡើងនៅបវិវេណវត្តពុទ្ទ្រាម ស្ថិតក្នុងឃុំអូរសណ្តាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយមានការចូលរួមពី លោក លោកស្រីតំណាងមន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។ លោក ខូយ រីដា បានថ្លែងថា ដោយផ្អែកតាមរបាយការណ៍របស់ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តឃើញថា គិតត្រឹមដើមរដូវវស្សាឆ្នាំ២០១៦នេះ ការងារបង្កបង្កើនផលសម្រេចបាន ៨៤,៩៦៧ហិកតាស្មើនឹង៨៤,៩៧% នៃផែនការឆ្នាំ ១០០,០០០ហិកតា បើប្រៀបធៀបរយៈពេលដូចគ្នានឹងឆ្នាំមុន គឺកើនជាង១៤.៨១៣ហិចតា។ ស្ថានភាពទឹកភ្លៀងនៅក្នុងសប្តាហ៍មុននេះ ខេត្តពោធិ៍សាត់ ទទួលទឹកភ្លៀងបាន ៩៥.៤៨មីលីម៉ែត្រ បូកយោងពីដើមរដូវកំរិតទឹកភ្លៀងវាស់បាន ៤០៧.៩៣មីលីម៉ែត្រ ច្រើនជាងឆ្នាំ២០១៥ ចំនួន ៦៨.២១មីលីម៉ែត្រ។ ការធ្វើស្រែរបស់ប្រជាកសិករ ក្នុងរដូវវស្សាឆ្នាំ២០១៦នេះ សរុបសន្ទូង និងពង្រោះ ៨៤,៩៦៧ហិចតា ស្មើនឹង ៨៤,៩៧%។ លោកបានបញ្ជាក់ថា បើទោះបីជាមានការកើនឡើងសន្ទុះនៃការងារបង្កបង្កើនផលក្តី ក៏អាជ្ញាធរខេត្ត និងមន្ទីរកសិកម្មខេត្ត បានសម្រេចនាំយកពូជស្រូវល្អៗ ជាក់ស្តែងស្រូវខាបួន ចំនួន ៧តោន មកចែកជូនប្រជាកសិករទាំង ៣៥០គ្រួសារ និងបន្តចែកជូនទៅតាមបណ្តាទីតាំងផ្សេងៗទៀត សម្រាប់ចាប់ផ្ដើមធ្វើស្រូវរដូវវស្សា ឲ្យបានទាន់ពេលវេលា។
នេះបង្ហាញពីការយកចិត្តទុកដាក់ ពីសំណាក់ថ្នាក់ដឹកនាំខេត្ត និងមន្ទីរជំនាញ ចំពោះប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់ទីកន្លែងទូទាំងខេត្ត។ លោកបន្ថែមថា ប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ទាំងមូល មានភ័ព្វសំណាងណាស់ ដោយទទួលបាននូវសមិទ្ធិផលជាច្រើនពី រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដូចជាទំនប់វ៉ារីអគ្គិសនីអូរសោម, ទំនប់ស្ទាក់ទឹកទី៣ និងទី៥, ផ្លូវជាតិលេខ ៥៥ ពិសេសផ្លូវជាតិលេខ ៥ ដែលជាផ្លូវភ្លោះ នឹងចាប់ផ្តើមសាងសង់នាពេលខាងមុខ។ ក្រោយពីចែកជូនរួចមក លោកអភិបាលរងខេត្ត ក៏បានដឹកនាំមន្ទីរជំនាញ ចុះស្ទូងស្រូវជូនប្រជាពលរដ្ឋនៅទីនោះផងដែរ៕