(កំពង់ធំ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងលោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣នេះ បានចុះបើកការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូប្រវែងជាង២២គីឡូម៉ែត្រ ជូនប្រជាពលរដ្ឋនៅស្រុកតាំងគោក ខេត្តកំពង់ធំ។

លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក បានឱ្យដឹងថា គម្រោងសាងសង់ផ្លូវក្រាលកៅស៊ូប្រវែង២២គីឡូម៉ែត្រនេះ ចាប់ផ្ដើមពីចំណុចគល់ស្ពានភូមិអ្នកវាំង ឃុំស្រឡៅ ស្រុកតាំកគោក ខេត្តកំពង់ធំ ឆ្ពោះទៅភូមិរោធ ស្រុកបាធាយ ខេត្តកំពង់ចាម ដែលជាគម្រោងរបស់រដ្ឋបាលខេត្តកំពង់ធំ និងស្ថាបនាដោយក្រុមហ៊ុនឯកជន។

លោកអភិបាលស្រុកតាំងគោកបានបញ្ជាក់ថា ផ្លូវមួយខ្សែនេះនឹងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងការដឹកជញ្ជូនកសិផល ផលិតផលរបស់ប្រជាកសិករទៅមកកាន់តែងាយស្រួល ពិសេសនៅរដូវវស្សា ខណៈនៅរដូវវស្សាម្ដងៗផ្លូវចាស់ត្រូវបានទឹកជំនន់ ទឹកទន្លេលិចធ្វើដំណើរមិនបាននោះឡើយ។

លោករដ្ឋមន្ត្រី ថោង ខុន បានឱ្យដឹងថា នេះជាសមិទ្ធផលប្រវត្តិសាស្ត្រថ្មីមួយនៅក្នុងមូលដ្ឋានស្រុកតាំងគោក ខេត្តកំពង់ធំ ពិសេសសម្រាប់ពលរដ្ឋដែលត្រូវធ្វើដំណើររវាងផ្លូវជាតិលេខ៦ ទៅកាន់តំបន់វាលក្រាម ទៅកាន់ស្រែចម្ការ និងសម្រាប់អ្នកភូមិគោកត្របែក ដែលនឹងមានផ្លូវក្រាលកៅស៊ូដ៏រឹងមាំសម្រួលដល់ការធ្វើដំណើរ។

លោកថា សមិទ្ធផលទាំងនេះកើតចេញពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជន ហើយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃយើង ក៏តែងតែគិតគូរយ៉ាងយកចិត្តទុកដាក់ចំពោះសុខទុក្ខជីវភាពរស់នៅរបស់ប្រជាជនផងដែរ។

លោករដ្ឋមន្ត្រីក៏បានណែនាំក្រុមហ៊ុនសាងសង់អនុវត្តឱ្យបានត្រឹមត្រូវតាមកិច្ចសន្យារបស់ខ្លួន និងធានាលក្ខណៈបច្ចេកទេស ស្ដង់ដា និងគុណភាពផ្លូវក្រាលកៅស៊ូ ដើម្បីធានាគុណភាពផ្លូវ និងប្រើប្រាស់ឱ្យបានយូរអង្វែង។

លោកបានអំពាវនាវថា នៅពេលផ្លូវស្ថាបនារួចរាល់និងដាក់ឱ្យប្រើប្រាស់ សូមប្រជាពលរដ្ឋចូលរួមថែរក្សា និងការពារផ្លូវនេះឱ្យនៅគង់វង្សបានយូរ ពិសេសសូមឱ្យអ្នកបើកបររថយន្តធុនធំ រថយន្តដឹកទំនិញ កុំដឹកលើសទម្ងន់កំណត់ និងបើកបរប្រកបដោយសុវត្ថិភាព។

លោករដ្ឋមន្ត្រីបានបង្ហាញក្ដីសង្ឃឹមថា ការស្ដាបនាផ្លូវក្រាលកៅស៊ូនេះ ពិតជាមានសារសំខាន់ និងផ្ដល់ប្រយោជន៍ដល់ការភ្ជាប់ទំនាក់ទំនង ពាណិជ្ជកម្ម ការដឹកជញ្ជូន និងការរកស៉ីរវាងប្រជាពលរដ្ឋនៃស្រុកតាំងគោក ខេត្តកំពង់ធំ និងស្រុកបាធាយ ខេត្តកំពង់ចាម និងចូលរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។

នាឱកាសនោះ លោក ងួន រតនៈ បានលើកឡើងថា ការណ៍ដែលរដ្ឋបាលខេត្តកសាងផ្លូវជូនប្រជាពលរដ្ឋនេះ គឺដោយសារប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលដែលមានគណបក្សប្រជាជនកម្ពុជាជាគណបក្សឈ្នះឆ្នោត។

លោកថា នេះជាយន្តការដោះស្រាយរបស់រដ្ឋបាលខេត្តជូនចំពោះប្រជាពលរដ្ឋ ដែលទទួលអនុវត្តស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ពិសេសគឺយុទ្ធសាស្ត្រចតុកោណដំណាក់លទី៤ ដែលកំពុងខិតខំកសាងធនធានមនុស្ស អភិវឌ្ឍប្រព័ន្ធទឹក អគ្គិសនី និងកសាងហេដ្ឋារចនាសម្ពន្ធ មានផ្លូវថ្នល់ ស្ពាន សាលារៀនជាដើម។

ថ្នាក់ដឹកនាំទាំងពីរក៏មិនភ្លេចអំពាវនាវដល់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត សូមចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់ៗគ្នា ដើម្បីគាំទ្រដំណើរការលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា៕