(ភ្នំពេញ)៖ ក្រុមប្រឹក្សាវប្បធម៌អាស៉ី នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ព្រះរាជពិធីថ្វាយ ព្រះគោរមងារ «ព្រះរាជពុទ្ធមាមកាភិបាល នៃអង្គការពុទ្ធសាសនិកពិភពលោក» ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

តាមរយៈសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបានមុននេះ ក្រុមក្រុមប្រឹក្សាវប្បធម៌អាស៉ី បានឱ្យដឹងថា «ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជានុញ្ញាតដល់គណៈប្រតិភូក្រុមប្រឹក្សាវប្បធម៌អាស៊ីដឹកនាំដោយ លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី ប្រធានក្រុមប្រឹក្សាវប្បធម៌អាស៊ី ព្រមទាំងគណៈប្រតិភូអង្គការពុទ្ធសាសនិកពិភពលោក ដឹកនាំដោយព្រឹទ្ធបុរស ផាឡុប ធារី ប្រធានអង្គការ ចូលក្រាបបង្គំគាល់ដើម្បីថ្វាយជាផ្លូវការនូវព្រះរាជគោរមងារ «ព្រះរាជពុទ្ធមាមកាភិបាលនៃអង្គការពុទ្ធសាសនិកពិភពលោក» ដល់ព្រះករុណាជា អម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត»។

ព្រះរាជពិធីដ៏ឧត្ដុង្គឧត្តមនាពេលនេះប្រារព្ធធ្វើឡើងក្នុងព្រះបរមរាជវាំង ដែលមានព្រះវត្តមាន និងវត្តមាននៃប្រមុខដឹកនាំព្រះសង្ឃព្រះពុទ្ធសាសនានិមន្តមកពីប្រទេសថៃ ប្រទេសកូរ៉េ និងប្រទេសជប៉ុន សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ និងសម្ដេចព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងប្រធានអង្គការពុទ្ធសាសនិកពិភពលោក អមដោយគណៈប្រតិភូជាតិនិងអន្តរជាតិជាច្រើនរូប។

ព្រះរាជគោរមងារដ៏វិសេសវិសាលនេះឧទ្ទិសដល់ ព្រះមហាករុណាទិគុណដ៏ឧត្ដុង្គឧត្តមថ្លៃថ្លារបស់ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គបានយកព្រះរាជហឫទ័យទុកដាក់ក្នុងព្រះរាជសទ្ធា និងព្រះរាជតួនាទីដ៏ប្រសើរខ្ពង់ខ្ពស់ក្រៃលែង លើកតម្កើងព្រះពុទ្ធសាសនា ដរាបបានក្លាយជា ព្រះរាជនិមិត្តរូបដ៏ល្អបរិសុទ្ធឧត្តុង្គឧត្តម នៃឯកភាពជាតិ និងសុខដុមរមនាសង្គម និងសាសនា ជាព្រះរាជគំរូក្នុងការប្រតិបត្តិព្រះធម៌ និងជាពន្លឺដល់ការផ្សព្វផ្សាយ មេត្តាធម៌និងតម្លៃព្រះពុទ្ធសាសនាលើសកលលោក ជាពិសេសការបន្តបវេណីអភិរក្ស និងអភិវឌ្ឍព្រះពុទ្ធ
សាសនានៅកម្ពុជា។

លោកស្រីកិត្តិសង្គហបណ្ឌិត បានទូលថ្វាយព្រះអង្គថា ឆ្នាំនេះជាខួបលើកទី៣០ នៃការប្រកាស ដាក់ឱ្យប្រើប្រាស់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនោះ មាត្រា៤៣ ចែងថា “ប្រជាពលរដ្ឋខ្មែរទាំង ពីរភេទ មានសិទ្ធិពេញទីខាងជំនឿ។ សេរីភាពខាងជំនឿ និងការប្រតិបត្តិខាងផ្លូវសាសនា ត្រូវបានរដ្ឋធានា ក្នុងលក្ខខណ្ឌ ដែលមិនប៉ះពាល់ដល់ជំនឿ ឬសាសនាដទៃទៀត ដល់សណ្តាប់ធ្នាប់ និងសន្តិសុខសាធារណៈ។

ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ។ កម្ពុជាគឺជាប្រទេសស្ថាបនិកមួយនៃអង្គការពុទ្ធសាសនិកពិភពលោក នៅពេលដែលអង្គការមួយនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៥០ នៅប្រទេសស្រីលង្កា។ នៅខែវិច្ឆិកា ឆ្នាំ១៩៦១ ព្រះរាជាណាចក្រកម្ពុជាបានទទួលកិត្តិយសដ៏ខ្ពង់ខ្ពស់ និងឧត្តុង្គឧត្តមធ្វើជាម្ចាស់ផ្ទះន មហាសន្និបាតលើកទី៦ នៃអង្គការពុទ្ធសាសនិកពិភពលោក ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ព្រះមហាក្សត្រីយានី ស៊ីសុវត្ថិ មុនីវង្ស កុសុមៈ នារីរតន៍ សេរីវឌ្ឍនា ព្រះមហាក្សត្រីនៃ ព្រះរាជាណាចក្រកម្ពុជា និងមានការចូលរួមដឹកនាំផ្ទាល់ពី ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ដែលពេលនោះ ព្រះអង្គជាព្រះប្រមុខរដ្ឋ។

ទន្ទឹមនឹងនោះ ព្រឹទ្ធបុរស ផាឡុប ធារី តាងនាមក្រុមប្រឹក្សាភិបាល និងជាប្រធានអង្គការពុទ្ធសាសនិកពិភពលោក តំណាងឱ្យប្រទេសចំនួន៥៥ នៃអ្នកកាន់ព្រះពុទ្ធសាសនា បានអានសេចក្ដីសម្រេចដែលមានសេចក្ដីកោតសរសើរយ៉ាងក្រៃលែង ចំពោះព្រះរាជតួនាទីដ៏ឧត្ដុង្គឧត្តមថ្លៃថ្លាមិនអាចកាត់ថ្លៃបាន របស់ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្ដម សីហនុ ព្រះវររាជបិតា ព្រះបរមរតនកោដ្ឋ ក្នុងការដឹកនាំលើមាគ៌ានៃការបង្រួបបង្រួមជាតិ ដែលបាននាំមកនូវសុខសន្តិភាពយូរអង្វែងដល់សព្វថ្ងៃ។

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានថ្លែងអំណរគុណយ៉ាងក្រៃលែងចំពោះអង្គការពុទ្ធសាសនិកពិភពលោក ដែលបានថ្វាយព្រះរាជគោរមងារនេះជូនព្រះអង្គ ដែលនេះពិតជាកិត្តិយស និងគុណធម៌ដ៏ឧត្តុង្គឧត្តម ក្នុងការបង្ហាញពីតួនាទីមិនអាចខ្វះបានរបស់ព្រះពុទ្ធសាសនា ក្នុងការសម្រេចបាននូវសន្តិភាព និងសុខដុមរមនានៃមនុស្សជាតិ ធម្មជាតិ និងសត្វមានជីវិតដទៃទៀត ហើយក៏បានកោតសរសើរក្រុមប្រឹក្សាវប្បធម៌អាស៊ីចំពោះការបន្តកិច្ចការតភ្ជាប់របៀងវប្បធម៌ និងស្តារឡើងវិញនូវទំនាក់ទំនងអរិយធម៌នៃបណ្តាប្រទេសជុំវិញពិភពលោក ដើម្បីលើក កម្ពស់ភាពអត់ឱន និងសន្តិសហវិជ្ជមាន កសាងនិងរក្សានូវសុខសន្តិភាព និងជំរុញវិបុលភាពសម្រាប់ មនុស្សជាតិ។

ជាមួយគ្នានេះផងដែរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានមានព្រះរាជបន្ទូលកោតសរសើរការដឹកនាំដ៏ឈ្លាសវៃ និងការទទួលខុសត្រូវ របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចមហាពញាចក្រី ហេង សំរិន ប្រធាន រដ្ឋសភា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

គួរបញ្ជាក់ផងដែរថា ព្រះរាជាណាចក្រកម្ពុជា គឺជារដ្ឋតែមួយគត់នៅក្នុងពិភពលោកដែលបានចែងនៅក្នុងរដ្ឋធម្មនុញ្ញថា ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ។ ការប្រគល់ព្រះគោរមងារថ្វាយជូនព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះ រាជាណាចក្រកម្ពុជា និងគោរមងារជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងលោកបណ្ឌិត ហ៊ុន ម៉ាណែត សរបញ្ជាក់ថាជាការទទួលស្គាល់ជាសកលនូវ តម្លៃព្រះពុទ្ធសាសនានៅព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានប្រតិបត្តិយ៉ាងពេញលេញ តាមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ៕