(ស្វាយរៀង)៖ លោក លី ធុជ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត បានលើកឡើងនូវចរិកលក្ខណៈភាពជាអ្នកដឹកនាំសំខាន់ៗ១០ចំណុចរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលស័ក្តិសមជានាយករដ្ឋមន្រ្តីនៃកម្ពុជាសម្រាប់អនាគត។
ការលើកឡើងនោះធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយជាមួយមេគ្រួសារបក្សចំនួន៨៧១នាក់ មកពីសង្កាត់បាវិត ក្រុងបាវិត នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្នាក់ការគណបក្សក្រុងបាវិត។
ចរិកលក្ខណៈភាពជាអ្នកដឹកនាំសំខាន់ៗចំនួន១០ចំណុចនោះ រួមមាន៖
១. ជាមេដឹកនាំពិតប្រាកដ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត មានភាពស្មោះត្រង់ចំពោះជាតិ និងប្រជាជនកម្ពុជា។
២. ជាអ្នកដឹកនាំដែលមានការយល់ដឹង៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត តែងតែយកចិត្តទុកដាក់ និងព្រួយបារម្ភពីសុខទុក្ខរបស់ប្រជាជន។
៣. ជាអ្នកដឹកនាំដែលមានការលះបង់ខ្ពស់៖ លោកបណ្ឌិតមានការទទួលខុសត្រូវលើទង្វើខ្លួនឯង។
៤. ជាអ្នកដឹកនាំជាទីគោរពស្រឡាញ់៖ លោក ហ៊ុន ម៉ាណែត តែងតែជំរុញលើកទឹកចិត្ត និងផ្តល់ការគោរពចំពោះប្រជាជនកម្ពុជា។
៥. ជាអ្នកដឹកនាំប្រកបដោយគុណធម៌៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត មានភាពសុច្ចរិត ស្មោះត្រង់ និងមានចរិតលក្ខណៈល្អគ្រប់បែបយ៉ាង។
៦. ជាអ្នកដឹកនាំដែលមានគោលបំណង៖ លោកបំពេញបេសកកម្មការងារប្រកបចក្ខុវិស័យវែងឆ្ងាយ។
៧. ជាអ្នកដឹកនាំស្មោះត្រង់៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត គោរពភាពស្មោះត្រង់ និងសច្ចធម៌។
៨. ជាអ្នកដឹកនាំក្លាហាន៖ លោកតាំងចិត្តខ្ពស់ ហ៊ានគិត និងហ៊ានធ្វើ។
៩. ជាអ្នកដឹកនាំប្រកបដោយសុទិដ្ឋិនិយម៖ លោកបណ្ឌិតអាចមើលឃើញទស្សនវិស័យរយៈពេលវែង និងអនាគតសម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជា។
១០. ជាមេដឹកនាំដែលមានចរិតសុភាពរាបសារ៖ លោកតែងតែយកឧត្តមប្រយោជន៍ប្រទេសជាតិ និងប្រជាជនកម្ពុជាជាចម្បង និងតែងតែដឹងគុណ និងកត្តញ្ញូតាធម៌ចំពោះប្រជាជន។
លោក លី ធុជ បានលើកឡើងពីវីរភាពអង់អាចក្លាហាន ការលះបង់ខ្ពស់ និងការពលីគ្រប់បែបយ៉ាងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំគណបក្សទាំងអស់ សម្រាប់ឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាកម្ពុជា។ ដំណើរការស្វែងរកសុខសន្តិភាពរបស់សម្តេចតេជោ គឺបានមកមិនមានភាពងាយស្រួលនោះទេ ត្រូវមានការតាំងចិត្តខ្ពស់ និងចក្ខុវិស័យដឹកនាំច្បាស់លាស់។ រយៈពេល៤៥ឆ្នាំមកនេះ គណបក្សប្រជាជនកម្ពុជាបានដឹកនាំប្រទេសកម្ពុជាជាមួយនឹងការដាក់ចេញនូវកម្មវិធីនយោបាយត្រឹមត្រូវ និងប្រកបដោយឆន្ទៈខ្ពស់។
ជាមួយគ្នានោះ លោក លី ធុជ បានថ្លែងទៀតថា បន្ទាប់ពីការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បានសម្រេចចិត្តជ្រើសរើសយកបុគ្គលដ៏ឆ្នើមគំរូ មានឆន្ទៈ និងប្រកបគុណធម៌ ដើម្បីបន្តវេនដឹកនាំប្រទេសកម្ពុជា គឺការជ្រើសតាំងលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់អនាគត។
លើសពីនេះ លោក លី ធុជ បានគូសបញ្ជាក់ថា លោក ហ៊ុន ម៉ាណែត នឹងបន្តដឹកនាថែរក្សាសន្តិភាព និងផ្តល់ក្តីសង្ឃឹម និងអនាគតដ៏ភ្លឺស្វាងសម្រាប់ជាតិមាតុភូមិ និងប្រជាជនកម្ពុជា៕