(ភ្នំពេញ)៖ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងរដ្ឋមន្ដ្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ ជាមួយមន្ដ្រីជំនាញពាក់ព័ន្ធ រួមទាំងអាជ្ញាធរខេត្ដកំពង់ស្ពឺ និងមានការចូលរួមពីលោកស្រីអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ញឹក ប៊ុនថា ប្រធានមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣នេះ បានចុះពិនិត្យទីតាំងរៀបចំដាំដើមឈើ នៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជានៃឧទ្យាជាតិព្រះសុរាម្រឹតកុសុមៈ-គីរីរម្យ។

ការចុះមកពិនិត្យទីតាំងខាងលើនេះ ដើម្បីត្រៀមទទួលគណៈប្រតិភូសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ី-អាគ្នេយ៍ រួមទាំងអគ្គលេខាអាស៊ាន និងតំណាង IFRC និងICRC អញ្ជើញទៅដាំដើមឈើនៅទីនោះ ដែលដឹកនាំដោយ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសធ្វើជាម្ចាស់ផ្ទះថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហមភូមិភាគអាស៊ីអាគ្នេយ៍។

លោកស្រី ម៉ែន នារីសោភ័គ បានថ្លែងថា ការចុះមកពិនិត្យមើលទីតាំងរៀបចំដាំដើមឈើនេះ គឺជាលើកទី៣ហើយ សម្រាប់កាកបាទក្រហមកម្ពុជា និងលើកទី២ ដែលចូលរួមពីលោករដ្ឋមន្ដ្រីក្រសួងបរិស្ថាន។ ការចុះពិនិត្យលើកទី១ បានធ្វើឡើងកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣, លើកទី២ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣។

លោកស្រីបានឱ្យដឹងថា ការចុះមកពិនិត្យនេះដើម្បីកំណត់ឱ្យបានជាក់លាក់នូវការដាំដើមឈើ ដែលប្រព្រឹត្ដទៅនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ខាងមុខនេះ ក្រោមវត្ដមានដ៏ខ្ពង់ខ្ពស់ របស់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំថ្នាក់ដឹកនាំសមាគមជាតិកាកបាទក្រហមអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍។ នៅក្នុងការរៀបចំដាំដើមឈើនេះ នឹងមានគណៈប្រតិភូសមាគមជាតិ ដែលជាយុវជននៃសមាគមជាតិចំនួន ១១ រួមទាំងកម្ពុជាផងដែរ ចូលរួមនៅក្នុងការដំាដើមឈើ។

«ដូច្នេះសម្រាប់លទ្ធផលនៃកិច្ចពិភាក្សាការងារនៅព្រឹកនេះ ក្រុមការងារបានសម្រេចជ្រើសយកតំបន់ចំនួន៣ សម្រាប់ដាក់ដាំដើមឈើ គឺទី១៖ ស្ថិតនៅក្នុងបរិវេណកសិណទឹកជុំវិញព្រះចុល្លាមុនីចេតិយនៃមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា-គីរីរម្យ, ទី២៖ នៅតាមដងផ្លូវចូលមកប្រវែង ៨៥០ម៉ែត្រ ដាំដើមឈើ និងផ្កាចម្រុះ តាមសងខាងផ្លូវ និងទីតាំងទី៣ គឺលើផ្ទៃដីជាង២ហិចតា ដែលជាទីតាំងដែលធ្លាប់បានដាំកាលពីឆ្នាំ២០២២កន្លងមក»។ នេះការបញ្ជាក់បន្ថែមរបស់ លោកស្រី ម៉ែន នារីសោភ័គ។

លោកស្រីបានថ្លែងបន្ដថា នៅក្នុងប្រជុំនេះ លោករដ្ឋមន្ដ្រីក្រសួងបរិស្ថាន ដែលទទួលបានប្រសាសន៍ណែនាំផ្ទាល់ពី សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ក្នុងការរៀបចំបច្ចេកទេស ពាក់ព័ន្ធនឹងបរិស្ថានផង និងការដំាដុះកសិកម្មផង ដូច្នេះលោកបានដាក់ចេញការងារបន្ថែមទៀតចំនួន ៩ចំណុច ដោយបានចាត់តាំងមន្ដ្រីក្រុមជំនាញនីមួយៗទទួលខុសត្រូវតាមមុខងារ ដើម្បីរៀបចំការដំាដើមឈើ និងការងារផ្សេងៗទៀត ដើម្បីឈានទៅសម្រេចបានយ៉ាងរលូន ក្នុងឱកាសកាកបាទក្រហមកម្ពុជា ធ្វើជាម្ចាស់ផ្ទះថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហមភូមិភាគអាស៊ីអាគ្នេយ៍ ដែលនឹងប្រព្រឹត្ដទៅនៅខែកញ្ញាមុខនេះ។

លោកស្រីបានបន្ថែមទៀតថា ការជ្រើសយកទីតំាងនៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា-គីរីរម្យ ដាំដើមឈើ សម្រាប់គណៈប្រតិភូ ដើម្បីបង្ហាញពីសុខដុមរមនានៃជាតិសាសន៍ និងសាសនាទាំងអស់នៅកម្ពុជា និងការចូលរួមលេីកកម្ពស់បរិស្ថាន​ ទប់ស្កាត់ការប្រែប្រួលអាកាសធាតុ និងបន្សល់ទុកជាមរតកជូនកូនចៅជំនាន់នេះ និងជំនាន់ក្រោយៗទៀត ពេលដែលមកកម្សាន្តនៅទីនេះ៕