(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្ដីជូនដំណឹងពិសេសមួយទៅកាន់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ យ៉ាងដូច្នេះថា ចំពោះអ្នកបោះឆ្នោតដែលកាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ដែលអស់សុពលភាពប្រើប្រាស់ក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៣នោះ គឺអាចប្រើប្រាស់អត្តសញ្ញាណប័ណ្ណនេះយកទៅបំពេញលក្ខខណ្ឌបោះឆ្នោតក្នុងថ្ងៃបោះឆ្នោតបាន។
នេះជាការបន្តសុពលភាពពិសេសដាច់ដោយឡែកសម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ស្របតាមអនុក្រឹត្យលេខ ១៣២ អនក្រ.បក ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ របស់រាជរដ្ឋាភិបាលកម្ពុជា។
សេចក្ដីជូនដំណឹងដដែលបានបន្តថា ចំពោះប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ ហើយដែលបានប្រើឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការចុះឈ្មោះបោះឆ្នោត ហើយមិនទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (អ.ខ) ឬមិនទាន់ទទួលបាន ឬបាត់ ឬខូច ឬកែតម្រូវ សូមប្រញាប់រួសរាន់ទៅស្នើសុំឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត (ឯ.អ) ពីគណៈកម្មការឃុំ/សង្កាត់រៀបចំការបោះឆ្នោត (SEC) និងត្រូវបញ្ជាក់សុពលភាពដោយអាជ្ញាធរឃុំ/សង្កាត់ដែលខ្លួនត្រូវទៅបោះឆ្នោតឱ្យបានទាន់ពេលវេលា។ ការចេញ ឯ.អ មានរយៈពេល៣០ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី២២ ខែមិថុនា នឹងត្រូវបញ្ឈប់នៅថ្ងៃសុក្រ ទី២១ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង៥៖៣០នាទីល្ងាច។
គ.ជ.ប ក៏បានណែនាំដល់គណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធ អនុវត្តសេចក្តីជូនដំណឹងនេះឱ្យមានប្រសិទ្ធភាពខ្ពស់ចំពោះប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២៕