(កំពង់ចាម)៖ លោក អ៊ុក ប្រជា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃឈរ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំត្រពាំងព្រះ និងសហការី បានចូលរួមជាអធិបតីក្នុងពិធីប្រកាសបញ្ចូលសមាជិកថ្មី គណបក្សប្រជាជនកម្ពុជា ចំនួន ១១៥០នាក់ ដែលប្រព្រឹត្តទៅនៅវត្តមៀន ភូមិត្រពាំងក្រសាំង ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣។

ពិធីនេះមានការចូលរួមពីសមាជិកក្រុមការងារចុះជួយស្រុកព្រៃឈរ អនុប្រធានក្រុមការងារចុះជួយឃុំ ដែលមានសមាសភាពចូលរួមសរុបចំនួន១២៩១នាក់ ក្នុ្ងងនោះសមាជិក សមាជិកាថ្មីចំនួន ១១៥០នាក់ មានជាយុវជន ចំនួន៧៣០នាក់ មកពី២៤ភូមិ ក្នុងឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

បន្ទាប់ពីបានពីស្តាប់ពីចំណាប់អារម្មណ៍ និងការប្តេជ្ញាចិត្តរបស់តំណាងសមាជិក សមាជិកាថ្មីរួចមក លោក អ៊ុក ប្រជា ក៏បានស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះបងប្អូនប្រជាពលរដ្ឋ ទាំងអស់ ជាពិសេសយុវជនដែលបានសម្រេចចិត្ត ដ៏ត្រឹមត្រូវបំផុត ក្នុងការមកចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ហើយបងប្អូនទាំងអស់នឹងក្លាយជាកំលាំងថ្មី សម្រាប់ចូលរួមអភិវឌ្ឍឃុំត្រពាំងព្រះរបស់យើងឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ក៏ដូចជាសម្រាប់អនាគតប្រទេសជាតិ។

ក្នុងឱកាសនោះ លោក អ៊ុក ប្រជា ក៏បានជម្រាបជូនពីសមិទ្ធិផលនានារបស់គណបក្សប្រជាជនកម្ពុជា ដែលសម្រេចបានកន្លងមក រួមមានការរំដោះប្រទេសជាតិ ប្រជាជនចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នាំមកនូវសិទ្ធិសេរីភាពជូនប្រជាជនឡើងវិញ។ ផ្តើមចេញពីនយោបាយឈ្នះឈ្នះ ដែលបានដាក់ចេញដោយសម្ដេចតេជោ ហ៊ុន សែន កម្ពុជាបានធ្វើឲ្យមាននូវសន្តិភាព ឯកភាពជាតិពេញលេញ ស្ថេរភាពនយោបាយ ដែលធ្វើឱ្យយើងមានឱកាសក្នុងការអភិវឌ្ឍប្រទេសជាតិដូចសព្វថ្ងៃ។

លោក អ៊ុក ប្រជា បានបន្តថា ក្នុងនាមជាសមាជិកគណបក្សយើងត្រូវខិតខំកសាងខ្លួន និងចូលរួមកសាង និងអភិវឌ្ឍប្រទេសជាតិ ព្រមទាំងបម្រើប្រជាជនឱ្យបានល្អ ដើម្បីធ្វើឱ្យបក្សយើងកាន់តែ ខ្លាំងហើយអាចឈរជើង រឹងមាំ ដើម្បីបន្តដឹកនាំប្រទេសក្នុងរយៈពេលវែងទៅមុខទៀត។ យើងក៏ត្រូវមានកាតព្វកិច្ចថែរក្សាសន្តិភាព ឯកភាពជាតិ និងការរួបរួមជាតិ ព្រមទាំងព្រលឹងជាតិខ្មែរយើង កុំឱ្យបាត់បង់ទៅវិញ។
 
លោក អ៊ុក ប្រជា បានផ្តាំផ្ញើដល់សមាជិកគណបក្សដែលទើបត្រូវបានបញ្ចូលថ្មីទាំងអស់ ត្រូវគោរពតាមលក្ខន្តិកៈរបស់គណបក្ស និងត្រូវទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងបោះឆ្នោតគាំទ្រជូនគណបក្ស ប្រជាជនកម្ពុជា ពោលគឺសមាជិកគណបក្សម្នាក់ ស្មើនឹងសន្លឹកឆ្នោតមួយសន្លឹក ហេតុនេះសន្លឹកឆ្នោតរបស់លោកយាយលោកតា អ៊ុំ ពូ មីង បងប្អូនទាំងអស់ពិតជាមានសារៈសំខាន់ណាស់ សម្រាប់អនាគតប្រទេសជាតិយើង ដូចនេះសូមមេត្តាត្រៀមខ្លួនឲ្យរួចជាស្រេចសម្រាប់ការបោះឆ្នោត និងអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ហើយជាពិសេសសូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ និងមានរូបសញ្ញាទេវតាបាចផ្កា ជាសម្គាល់ ដើម្បីបន្តការអភិវឌ្ឍ និងភាពរីកចម្រើនរបស់ជាតិយើងបន្ថែមទៀត។

យើងទាំងអស់គ្នា សូមធ្វើការគាំទ្រយ៉ាងពេញទំហឹងសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជាបេក្ខភាពនាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា និងសូមគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី បន្តវេននាពេលអនាគត៕