(ភ្នំពេញ)៖ នៅក្នុងវគ្គសិក្សាអំពីជំនាញថតរូប របស់មជ្ឈមណ្ឌលបណ្តុះបណ្តាល Fresh News (FTC) នាចុងសប្តាហ៍មុននេះ លោក ហេង ស៊ីនិត្យ អ្នកជំនាញថតរូបឱ្យសារព័ត៌មានអន្តរជាតិជាង៣០ឆ្នាំ បានលើកឡើងថា រូបថតដែលចុចថតបានល្អ «មានតម្លៃជាងមួយពាន់ពាក្យ» វាបានពិពណ៌នាអំពីទិដ្ឋភាពមួយយ៉ាងល្អឥតខ្ចោះ ប្រសើរជាងពាក្យដែលគ្រាន់តែពណ៌នា។
នៅចំពោះមុខសិក្ខាកាមក្នុងថ្នាក់សិក្សា លោក ហេង ស៊ីនិត្យ បានពន្យល់ថា គំនិតនៃពណ៌ ដែលអណ្ដែតលើសន្លឹកក្រដាស ដែលបង្កើតជារាងធ្លាប់ស្គាល់ ឬការបង្កើតថ្មី គឺទាក់ទាញភ្នែក។ ថ្វីត្បិតតែវាមានច្រើនជាងពណ៌ចម្រុះក៏ដោយ។ ការថតរូបអាចចាប់យកបេះដូង និងព្រលឹងរបស់នរណាម្នាក់។ សូម្បីតែរូបថតសាមញ្ញបំផុត ក៏មានរឿង ដែលជាប់ជា មួយដែរ។
ជាមួយគ្នានេះ លោក ហេង ស៊ីនិត្យ បានបន្ដទៀតថា កាំរស្មីពន្លឺ ដែលបានរីកចម្រើនទៅជាដុំភ្លើងអេឡិចត្រូនិចបង្រួមតូច ប្រអប់កាមេរ៉ា ទៅជាម៉ាស៊ីនថតឆ្លុះកុំព្យូទ័រដ៏ទំនើប ផ្ទាំងរូបភាពសម្រាប់ភាពយន្ត ស-ខ្មៅ ទៅជាពណ៌ដ៏ស្រស់បំព្រង និងភាពអស្ចារ្យដល់អ្នកជំនាញ។ ការប្រើប្រាស់ទូរស័ព្ទកាមេរ៉ា បានធ្វើឱ្យជីវិតមានភាពងាយស្រួល និងកម្សាន្ត។ វាមានការប្រើប្រាស់យ៉ាងច្រើន ហើយជាបច្ចេកទេសសម័យទំនើប ដ៏ល្អបំផុតមួយមកទល់ពេលនេះ។
វគ្គសិក្សាជំនាញថតរូបក្នុងវិជ្ជាជីវៈព័ត៌មាន គឺជាថ្នាក់សិក្សាថ្មីមួយបន្ថែមទៀត របស់មជ្ឈមណ្ឌល FTC បន្ទាប់ពីទទួលបានជោគជ័យក្នុងការបណ្ដុះបណ្ដាលវគ្គសរសេរព័ត៌មានដំណឹង និងបទយកការណ៍ចំនួន៣កន្លងមក ប្រកបដោយរលូន។ វគ្គសិក្សាជំនាញថតរូបនេះ គឺបង្រៀនអំពីបច្ចេកទេសថតរូប ដោយប្រើប្រាស់ការមេរ៉ាទំនើប, បច្ចេកទេសថតរូបដោយប្រើទូរស័ព្ទ Smart Phone ឲ្យមានគុណភាពខ្ពស់បំផុត រួមទាំងការចាប់ប្លង់ផងដែរ។
មជ្ឈមណ្ឌលបណ្ដុះបណ្ដាល Fresh News (FTC) ជាផ្នែកមួយរបស់អង្គភាពព័ត៌មាន Fresh News ដែលត្រូវបានបង្កើតឡើង នៅខែកញ្ញា ឆ្នាំ២០២១ ក្រោមគំនិតផ្ដួចផ្ដើមរបស់ លោក លឹម ជាវុត្ថា ដើម្បីចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ផ្នែកព័ត៌មាន ក៏ដូចជាចូលរួមបណ្តុះបណ្តាលយុវជនជំនាន់ក្រោយ ក្នុងវិស័យព័ត៌មានជាដើម។
FTC មាន លោក ម៉ារ យ៉ារិទ្ធ ជាប្រធាន ដែលលោកមានបទពិសោធន៍ក្នុងវិស័យសារព័ត៌មានជិត៤០ឆ្នាំមកហើយ។ លោកធ្លាប់ជាភ្នាក់ងារសារព័ត៌មានបរទេសល្បីៗជាច្រើនដូចជា UPI, AP និង VOA ជាដើម។ លោកក៏ជាអតីតនិស្សិតខ្មែរ ដែលបានសិក្សាវិស័យវិជ្ជាជីវៈសារព័ត៌មានក្នុង សកលវិទ្យាល័យមីឈីហ្គែន University of Michigan និងសកលវិទ្យាល័យមែរីលែន University of Maryland ក្នុងសហរដ្ឋអាមេរិក។
នៅក្រោយការបញ្ចប់វគ្គសិក្សា សិក្ខាកាមនឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា ផងដែរ៕