(ក្រចេះ)៖ លោកបណ្ឌិត ពេជ្រ ប៊ុនធិន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានការងាររាជរដ្ឋាភិបាលចុះមូលដា្ឋនខេត្តក្រចេះ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣នេះ បានអញ្ជើញអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវបេតុង១ខ្សែ ជាអំណោយអតីតសិស្សជំនាន់ទី១ (ឆ្នាំ១៩៨៦-១៩៨៩) នៅខេត្តក្រចេះ។
លោក ហេ ប៊ុនឈី នាយកវិទ្យាល័យព្រះមហាក្សត្រិយានីកុសុមៈ បានបញ្ជាក់ថា ផ្លូវបេតុង១ខ្សែនេះ មានប្រវែង១២៩ម៉ែត្រ និងទទឹងប្រវែង៧ម៉ែត្រ លូប្រអប់កាត់ទទឹងផ្លូវ ២កន្លែង មានប្រវែង១៤ម៉ែត្រ មានបង្គោលផ្កាអមផ្លូវ ៣៨បង្គោល និងសួនច្បារដែលចំណាយអស់ថវិកា ២៤,៧៤២.១៤ដុល្លារ ជាអំណោយរបស់អតីតសិស្សជំនាន់ទី១។
ថ្លែងក្នុងឱកាសនោះ លោកទេសរដ្ឋមន្ដ្រី ពេជ្រ ប៊ុនធិន បាននាំនូវការសាកសួរសុខទុក្ខពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងបានបញ្ជាក់ថា ពិធីជួបជុំថ្ងៃនេះ គឺជាការលើកទឹកចិត្តដោយផ្ទាល់ ពីសំណាក់ប្រមុខថ្នាក់ដឹកនាំ ចំពោះលោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំ ហើយកំណែទម្រង់ចុងក្រោយក្នុងវិស័យអប់រំនេះ គឺជាជោគជ័យដ៏ធំក្នុងវិស័យអប់រំ ចំពោះសមិទ្ធផលទាំងនេះ បានមកពីការរួមចំណែករបស់រាជរដ្ឋាភិបាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលបាន កសាងសាលារៀនជាច្រើន ដើម្បីទុកជាមរតកប្រវត្តិសាស្ត្រ និងជាគំរូល្អដល់កូនចៅជំនាន់ក្រោយ ហើយយើងទាំងអស់គ្នា ចងចាំជានិច្ចនូវគុណូបការៈទាំងនេះ និងប្តេជ្ញារួមគ្នាថែរក្សានូវសមិទ្ធផលទាំងនេះ ឲ្យបានគង់វង្សដើម្បីជា ឧត្តមប្រយោជន៍ជាតិ។
លោកកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន បានថ្លែងអំណគុណដល់លោកគ្រូ អ្នកគ្រូ ដែលជាឪពុកម្តាយទី២ ក្នុងការផ្ទេរចំណេះដឹង បទពិសោធន៍ កម្លាំងកាយចិត្ត សីលធម៌ គុណធម៌ ដើម្បីឲ្យមនុស្សម្នាក់ពោពេញសមត្ថភាព ចំណេះដឹង និងជំនាញច្បាស់លាស់ ចូលរួមក្នុងការអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនបន្ថែមទៀត ហើយសិស្សានុសិស្សត្រូវខិតខំសិក្សារៀនសូត្រ ស្តាប់ដំបូន្មានលោកគ្រូ អ្នកគ្រូ គោរពវិន័យ និងបទបញ្ជាផ្ទៃក្នុងរបស់សាលា ដើម្បីក្លាយជាកូនល្អ សិស្សល្អ ជាទំពាំងស្នងឫស្សី និងអ្នកបន្តវេនប្រកបដោយថាមពល និងសក្តានុពលទៅអនាគតសម្រាប់ប្រទេសជាតិ។
ជាមួយគ្នានេះ លោកទេសរដ្ឋមន្ដ្រី ក៏បានចែកវត្តុអនុស្សារីយ៍ ជូនដល់លោគ្រូ អ្នកគ្រូ និងជំរុញឲ្យលោកគ្រូ អ្នកគ្រូ និងក្រុមគ្រួសារទាំងអស់ ដែលគ្រប់អាយុបោះឆ្នោត ត្រូវទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខឲ្យបានគ្រប់ៗគ្នា ដើម្បីជ្រើសរើសមេដឹកនាំ នាំនាវាកម្ពុជាឆ្ពោះទៅរកភាពរីកចម្រើន រក្សានូវសុខសន្តិភាព និងការអភិវឌ្ឍបន្ថែមទៀត៕