(ភ្នំពេញ)៖ លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ការប្រកួតប្រជែង និងប្រឆាំងការក្លែងបន្លំ (ក.ប.ប) ក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា អគ្គនាយកដ្ឋាន (ក.ប.ប) បានកំពុងធ្វើការជាមួយអង្គការជាតិ និងអន្តរជាតិ ក៏ដូចជាវិស័យឯកជន ក្នុងការរៀបចំបទប្បញ្ញតិ្តស្តីពីការកំណត់អាយុ អប្បរមាសម្រាប់អ្នកដែលអាចជាវ និងប្រើប្រាស់គ្រឿងស្រវឹង ក្នុងគោលបំណងការពារយុវជនមិនទាន់គ្រប់ អាយុទទួលទាន។ 

ការគូសបញ្ជាក់របស់ប្រតិភូបែបនេះ បានក្នុងឱកាសដែលក្រុមហ៊ុន ខេមប្រ៊ូវ (ស្រាប្រៀរ អង្គរ) រួមជាមួយ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ការប្រកួតប្រជែង និងប្រឆាំងការក្លែងបន្លំ (ក.ប.ប) នៃក្រសួងពាណិជ្ជកម្ម ក្រសួងអប់រំ យុវជន និងកីឡា និងសាលារាជធានីភ្នំពេញបានរួមគ្នាបើកយុទ្ធនាការផ្សព្វផ្សាយពីការពិសាគ្រឿងស្រវឹងដោយការទទួលខុសត្រូវ ក្រោមសារ «ពិសាគ្រឿងស្រវឹងសូមកុំបើកបរ» ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង ជាសាធារណៈ និងអប់រំអ្នកប្រើ ប្រាស់អំពីការទទួលទានគ្រឿងស្រវឹងដោយការទទួលខុសត្រូវ ក៏ដូចជាដើម្បីផ្លាស់ប្តូរឥរិយាបថជាវិជ្ជមាន របស់អ្នកប្រើប្រាស់ ដោយចាប់ផ្តើមពីការពិសាគ្រឿងស្រវឹងហើយមិនត្រូវ។

យុទ្ធនាការនេះ បានធ្វើឡើង កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣នៅសណ្ឋាគារ សាន់ & ម៉ូន រីវើសាយ ភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីលោក សោម រតនា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ និងលោក Vladimir Vava អគ្គនាយកគ្រប់គ្រងក្រុមហ៊ុន ខេមប្រ៊ូវ។ យុទ្ធនាការនេះក៏មានអ្នកចូលរួមជាង ១០០នាក់ មកពីវិស័យផ្សេងៗដោយមានទាំងវិស័យសាធារណៈវិស័យឯកជន សមាគមពាណិជ្ជកម្ម អង្គការក្រៅរដ្ឋាភិបាល ក្រុមហ៊ុនផលិតស្រាបៀរ ក្រុមហ៊ុនដឹកជញ្ជូន និងយុវជនក៏ដូចជាអ្នកបើកបររ៉ឺម៉កកង់បីជាដើម។

លោក ផាន អូន បានថ្លែងថា បច្ចុប្បន្ន រាជរដ្ឋាភិបាលក៏ដូចជាក្រសួងពាណិជ្ជកម្ម បាននឹងកំពុងព្យាយាមជំរុញឱ្យប្រជាជនមានកម្រិតការយល់ដឹងខ្ពស់ពីឥរិយា បថ និងរបៀបប្រើប្រាស់គ្រឿងស្រវឹងដោយត្រឹមត្រូវ និងផ្តល់នូវដំណោះស្រាយប្រកបដោយប្រសិទ្ធភាព។ 

លោកបានបញ្ជាក់ថា៖ «ផ្អែកលើការយល់ឃើញរបស់ខ្ញុំ ផ្ទាល់ ខ្ញុំអាចមើលឃើញថា ប្រជាជននៅក្នុងប្រទេសអភិវឌ្ឍន៍ និងកំពុងអភិវឌ្ឍន៍កំពុងប្រើប្រាស់គ្រឿងស្រវឹងតែឥរិយាបថ ឬរបៀបនៃការទទួលទាន របស់អ្នកប្រើប្រាស់អាស្រ័យលើចំណេះដឹង និងការ អប់រំក្នុងប្រទេសនោះ»។ លោក ផាន អូន បានអះអាងថា ថ្ងៃនេះការចាប់ផ្តើមយុទ្ធនាការ ពិសាគ្រឿងស្រវឹងដោយទំនួលខុសត្រូវ កំពុងដើរលើវិធីសាស្រ្តដ៏ត្រូវ និងស្របតាមរបៀបវារៈរបស់រដ្ឋាភិបាលឆ្ពោះទៅកាន់ភាពរីកចម្រើនប្រកបដោយនិរន្តរភាព។ 

ប្រតិភូក៏បានសម្ដែងនូវការសាទរ និងផ្តល់កិច្ចសហការជាមួយវិស័យ ឯកជនជានិច្ចចំពោះគំនិតផ្តួចផ្តើមនានា ដែលមានគោលដៅរួម គឺការអភិវឌ្ឍប្រទេស ឱ្យកាន់តែប្រសើរប្រកបដោយភាពស្វាហាប់។ ជាមួយគ្នានេះលោក សោម រតនា បានគាំទ្រចំពោះយុទ្ធនាការនេះ ដែលផ្តោតលើការអប់រំ ព្រោះជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ និងភាពរីកចម្រើន។ លោកថាយុទ្ធនាការនេះ មិនត្រឹមតែមានប្រយោជន៍សម្រាប់បុគ្គលម្នាក់ៗប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ប្រទេសជាតិទាំង មូលផង ដែរ។

អនុរដ្ឋលេខាធិការជឿជាក់ថា ការបង្កើនការយល់ដឹងអំពីការប្រើប្រាស់គ្រឿងស្រវឹង នឹងផ្តល់អត្ថប្រយោជន៍យ៉ាងពិតប្រាកដដល់យុវជនដែល ដើរតួយ៉ាងសំខាន់ ក្នុងកិច្ចអភិវឌ្ឍប្រកបដោយនិរន្តរ ភាព ហើយយុវជនក៏នឹងចូលរួមជួយបន្ទរ និងផ្សព្វផ្សាយ អំពីយុទ្ធនាការនេះឱ្យកាន់តែទូលំទូលាយ។

លោក នួន ផារ័ត្ន បានការកោតសរសើរចំពោះគំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុន ខេមប្រ៊ូវ ដែលជាគំនិតផ្តួចផ្តើមដ៏មានសារៈសំខាន់ហើយក៏នឹងរួមជាប្រយោជន៍ និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការលើក កម្ពស់ការយល់ដឹងជាសាធារណៈទាក់ទងនឹងការពិសាគ្រឿងស្រវឹងជាពិសេសក្នុងយុទ្ធនាការសុវត្ថិភាពចរាចរណ៍ផ្លូវគោក។ 

លោកអភិបាលរងបានគូសបញ្ជាក់ ថា៖ «យើងចង់ឃើញឧស្សាហកម្មគ្រឿងស្រវឹងទាំងអស់រួមគ្នាជាមួយរាជរដ្ឋាភិបាលដើម្បីផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹង អំពីការពិសាដោយការទទួលខុសត្រូវក៏ដូចជា៖ ចូលរួមឱ្យសកម្មក្នុងការដោះស្រាយបញ្ហា ប្រឈមទាក់ទងនឹងគ្រឿងស្រវឹង។ យើងត្រូវរួមគ្នាក្នុងគោលបំណងតែមួយគឺដើម្បីប្រយោជន៍សង្គមជាតិយើងទាំងមូល»

លោក Vladimir Vava អគ្គនាយកគ្រប់គ្រង ខេមប្រ៊ូវ បានលើកឡើងថា គ្រឿងស្រវឹងនៅពេលទទួលទានក្នុងកម្រិតសមស្របប្រកបដោយការទទួលខុសត្រូវ អាចជាផ្នែកមួយនៃបែបផែនជីវិតរស់នៅក្នុងសង្គមដ៏មានតុល្យភាព រវាងសុខភាព និងទំនាក់ទំនងក៏ដូចជា៖ ចូលរួមរិតចំណងមិត្តភាពកាន់តែរីករាយ។

លោកបានបញ្ជាក់ថា៖ «ទោះជាយ៉ាងណាការពិសាដោយគ្មានទំនួលខុសត្រូវ អាចប្រែក្លាយពេលវេលាវិជ្ជមានទាំងនោះទៅជាចំណុចអវិជ្ជមានទៅវិញ។ ពី ខេមប្រ៊ូវ ជាក្រុមហ៊ុនផលិតស្រាបៀរដែលមានការទទួលខុសត្រូវខ្ពស់មួយយើងចង់ឃើញអ្នកប្រើប្រាស់រីករាយពិសាគ្រឿងស្រវឹងក្នុងកម្រិតសមស្រប និង ដឹកនាំភាពជាគំរូលើការពិសាដោយការទទួលខុសត្រូវ»

លោកអគ្គនាយកគ្រប់គ្រងក្រុមហ៊ុន ខេមប្រ៊ូវ បានបញ្ជាក់ទៀតថា៖ «គ្មានការពិសាគ្រឿងស្រវឹងដោយគ្មានការទទួលខុសត្រូវ» ត្រូវបានដាក់បញ្ចូលទៅក្នុងយុទ្ធសាស្ត្រ អាជីកម្មរបស់ខ្លួនដែលមានទាំងគោលដៅ និងផែនការសកម្មភាពជាក់លាក់ និងជាផ្នែកនៃគោលបំណងនិរន្តរភាពរបស់ក្រុមហ៊ុនគឺ «អភិវឌ្ឍឱ្យកាន់តែប្រសើរ ទាំងថ្ងៃនេះ និងថ្ងៃស្អែក»

លោកបានសម្តែងនូវសុទិដ្ឋិនិយមថា ក្រោមកិច្ចសហការ ការជួយជ្រោមជ្រែង និងការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល អតិថិជន អ្នកប្រើប្រាស់ និងការចូលរួមពីដៃគូពាក់ ព័ន្ធនានានៃឧស្សាហកម្មគ្រឿងស្រវឹង គឺជាគន្លឹះដ៏សំខាន់ដែលនឹងផ្លាស់ប្តូរឥរិយាបថរបស់ អ្នកប្រើប្រាស់ប្រកបដោយភាពវិជ្ជមាន។

លោក Vladimir Vava បានលើកឡើងឱ្យដឹងដែរថា៖ «ក្នុងខណៈពេលនេះ ក្រុមហ៊ុន ខេមប្រ៊ូវ ក៏កំពុងស្វែងរកដៃគូបន្ថែមទៀត ដើម្បីចូលរួមដំណើរជាមួយគ្នាឆ្ពោះទៅកាន់អនាគតដ៏ល្អប្រសើររួមគ្នា»។

សូមជម្រាបជូនថា ព្រឹត្តិការណ៍នេះមិនត្រឹមតែជាថ្ងៃសក្ខីកម្មនៃការចាប់ផ្តើមយុទ្ធនាការប៉ុណ្ណោះទេតែក៏ដើម្បីបន្ទរ និងផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយអំពីគោលដៅនៃយុទ្ធនាការ និងប្រកាសស្វែងរកដៃគូបន្ថែមដើម្បីចូលរួមក្នុងដំណើរឆ្ពោះកាន់ «គ្មានការពិសាគ្រឿងស្រវឹងដោយគ្មានទំនួលខុសត្រូវ» ព្រោះថាយើងម្នាក់ៗសុទ្ធតែជាអ្នកដឹកនាំដ៏សំខាន់ដើម្បីបង្កើតការផ្លាស់ប្តូរជាវិជ្ជមានឱ្យសង្គមរបស់យើងកាន់តែប្រសើរ៕