(ភ្នំពេញ)៖ ​លោកបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋាននៃមូលនិធិគន្ធបុប្ផាកម្ពុជា បានដឹកនាំកិច្ចប្រជុំពិភាក្សាជាបន្តបន្ទាប់ជាមួយតំណាងក្រសួង-ស្ថាប័ន រដ្ឋបាលរាជធានី-ខេត្ត និងតំណាងក្រុមហ៊ុនសហគ្រាស និងសមាគមធុរកិច្ចពាក់ព័ន្ធ ដើម្បីជំរុញនិងលើកទឹកចិត្តដល់ស្ថាប័នទាំងនោះពិនិត្យលទ្ធភាពក្នុងការបង្កើតគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំក្រុមហ៊ុនស្ថាប័ន។

​កិច្ចប្រជុំដែលបានចំឡើងនៅទី២២ និង២៣ ខែមិថុនា ឆ្នាំ២០២៣​ គឺជាវេទិកាមួយដែលផ្ដល់ភាពងាយស្រួលដល់ភាគីពាក់ព័ន្ធបានពិភាក្សា ផ្ដល់ធាតុចូល ដើម្បីឱ្យយន្តការគណៈកម្មការទ្រទ្រង់នេះ កាន់តែមានភាពរលួន និងជោគជ័យ ក៏ដូចជាការរួមគ្នាឱ្យបានកាន់តែផុសផុលថែមទៀត ក្នុងស្មារតី «ខ្មែរជួយខ្មែរ» ដើម្បីជួយសង្រ្គោះកុមារនៅកម្ពុជា។

​នៅក្នុងឱកាសនេះលោកបណ្ឌិត ចន ណារិទ្ធ ប្រធានលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា មានប្រសាសន៍ថាកិច្ចប្រជុំនេះមានគោលបំណងផ្សព្វផ្សាយចលនា កៀរគរការបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ជាពិសេសតាមរយៈយន្តការគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជាប្រចាំក្រសួង-ស្ថាប័ន, រដ្ឋបាលរាជធានី-ខេត្ត, ក្រុមហ៊ុនសហគ្រាស និងសមាគមធុរកិច្ចពាក់ព័ន្ធមួយៗ ដែលជាយន្តការមួយដ៏មានសារៈសំខាន់ ក្នុងការចូលរួមរក្សានិរន្តរភាពនៃកិច្ចដំណើការរបស់មន្ទីរពេទ្យគន្ធបុប្ផា ស្របតាមការតាំងចិត្តរបស់សម្ដេច​តេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានថ្លែងក្នុងអំឡុងពេលពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវមូលនិធិគន្ធបុប្ផាកម្ពុជា កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨។

​លោកបានអំពាវនាវ និងលើកទឹកចិត្តឱ្យក្រសួង-ស្ថាប័ន​ រដ្ឋបាលរាជធានី-ខេត្ត​ ក្រុមហ៊ុនសហគ្រាស និងសមាគមធុរកិច្ចនីមួយៗ ពិនិត្យលទ្ធភាពក្នុងការបង្កើតគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំក្រុមហ៊ុនស្ថាប័ន ដែលតាមរយៈនេះ ថ្នាក់ដឹកនាំ​ មន្ត្រី និងបុគ្គលិក តាមបណ្ដាស្ថាប័ននីមួយៗ អាចចូលជាសមាជិកគាំទ្ររបស់មូលនិធិគន្ធបុប្ផា តាមរយៈការបរិច្ចាគ ៥ពាន់រៀល ក្នុងមួយខែ ឬ ៦ម៉ឺនរៀល ក្នុងមួយឆ្នាំ ដើម្បីរួមគ្នាជាមួយរាជរដ្ឋាភិបាលក្នុងការរក្សានិរន្តភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាក្នុងការបន្តបេសកកម្មពិនិត្យ និងព្យាបាលទារក និងកុមារនៅកម្ពុជាដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង។

សូមបញ្ជាក់ថា គណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ជាទម្រង់នៃក្រុមការងារមួយប្រចាំស្ថាប័ននីមួយៗ (ទាំងវិស័យសាធារណៈ និងឯកជន) និងមានតួនាទីផ្សព្វផ្សាយ និងកៀរគរថវិកាបរិច្ចាគពីសប្បុរសជននានា ជាពិសេសពីថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក គ្រប់ជាន់ថ្នាក់ប្រចាំស្ថាប័ននីមួយ ដោយធ្វើការផ្ទេរថវិកាបរិច្ចាគ ប្រចាំគ្រា (ត្រីមាស, ឆមាស, ឬឆ្នាំ) មកលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា ដែលមានទីតាំងនៅក្នុងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

​លោកមានប្រសាសន៍បន្តថា មូលនិធិគន្ធបុប្ផាកម្ពុជា ជាមូលនិធិជាតិតែមួយគត់ដែលត្រូវបានបង្កើត និងដាក់សម្ពោធឱ្យដំណើការជាផ្លូវការកាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ និងដោយមាន សម្តេច​តេជោ ហ៊ុន សែន និង សម្តេចគិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាស្ថាបនិក និងជាប្រធានកិត្តិយស។ មូលនិធិនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងកៀរគរអំណោយ ឧបត្ថម្ភធន និងវិភាគទានពីគ្រប់ប្រភពស្របច្បាប់នានា ធានាចីរភាពនៃប្រភពចំណូលសម្រាប់ទ្រទ្រង់ផ្នែកហិរញ្ញវត្ថុចំពោះមន្ទីរពេទ្យគន្ធបុប្ផា ឱ្យអាចដំណើរការជាប្រក្រតីប្រកបដោយនិរន្តរភាព បម្រើដល់គោលនយោបាយលើកម្ពស់សុខុមាលភាពសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា។

ក្នុងអំឡុងកិច្ចពិភាក្សានោះ​ តំណាងក្រសួង-ស្ថាប័ន, រដ្ឋបាលរាជធានី-ខេត្ត, ក្រុមហ៊ុនសហគ្រាស និងសមាគមធុរកិច្ច បានបង្ហាញនូការគាំទ្រនូវគំនិតផ្ដួចផ្ដើមនៃការបង្កើតគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជានេះឡើង និងបានផ្ដល់ជាមតិយោបល់ដែលអាចប្រើជាធាតុបន្ថែម ព្រមទាំងបានសន្យាផ្ដល់ការគាំទ្រពាក់ព័ន្ធនឹងការរៀបចំយុទ្ធនាការផ្សព្វផ្សាយ និងកៀរគរការបរិច្ចាគនានា ដែលមូលនិធិគន្ធបុប្ផាកម្ពុជាត្រូវការកិច្ចសហការរៀបចំ នាពេលខាងមុខ។

ក្នុងនាមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលគន្ធបុប្ផាកម្ពុជា​ លោកបណ្ឌិត ចន ណារិទ្ធ បានថ្លែងអរគុណដល់តំណាងក្រសួង-ស្ថាប័ន, រដ្ឋបាលរាជធានី-ខេត្ត, ក្រុមហ៊ុនសហគ្រាស និងសមាគមធុរកិច្ច ដែលបានចូលរួមកិច្ចប្រជុំពិភាក្សាដ៏មានសារៈសំខាន់នេះ។

​សូមជម្រាថា មន្ទីរពេទ្យគន្ធបុប្ផាដែលត្រូវបានបើកឱ្យដំណើរការឡើងវិញកាលពីឆ្នាំ១៩៩២ បាន និងកំពុងសង្រ្គោះជីវិតទារក និងកុមារនៅកម្ពុជារាប់លាននាក់រហូតមកដល់បច្ចុប្បន្ន ប្រកបដោយគុណភាព មិនគិតថ្លៃ និងមិនមានការរើសអើង ជាមួយនឹងទំហំចំណាយប្រមាណ ៤០លានដុល្លារអាមេរិក ក្នុង១ឆ្នាំៗ​៕