(កណ្ដាល)៖ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣នេះ លោក ជា សុខនី ក្រុមការងារទទួលបន្ទុកប្រជាការពារស្រុកពញាឮ តំណាងលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពញាឮ សហការជាមួយប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំ រួមជាមួយអភិបាលស្រុកពញាឮ បានអញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខប្រជាការពារ ក្នុងឃុំទាំង១១របស់ស្រុកពញាឮ សរុប២,០៧១នាក់ទាំងថ្ងៃ និងទាំងយប់។

មានមតិសំណេះសំណាលនាឱកាសនេះ តំណាងរបស់លោករដ្ឋមន្រ្តី លឹម គានហោ បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ លោករដ្ឋមន្រ្តីប្រធានក្រុមការងារ ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ និងជាពិសេសចំពោះប្រជាការពារទាំងអស់ក្នុងស្រុកពញាឮ។ ប្រជាការពារ ត្រូវមានភាពស្មោះត្រង់ សាមគ្គីភាពផ្ទៃក្នុងល្អ មានទំនាក់ទំនងល្អជាមួយសហគមន៍ និងបានដើរតួនាទីយ៉ាងសំខាន់ ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយបានសហការយ៉ាងល្អប្រសើរ ជាមួយកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីភូមិឃុំមានសុវត្ថិភាព និងសន្តិសុខក្នុងមូលដ្ឋាននីមួយៗ។

លោកបន្ដថា ទោះបីប្រជាការពារបម្រើការងារដោយស្ម័គ្រចិត្ត មិនទទួលបានប្រាក់បៀវត្ស ប៉ុន្តែបានជួយដល់កងកម្លាំងមួយផ្នែកធំ ដូចជាដើរល្បាត ការពារ រៀបចំសណ្តាប់ធ្នាប់មិនថាយប់ ឬថ្ងៃ និងជួយសម្អាតអនាម័យបរិស្ថានបានល្អថែមទៀតផង ជាពិសេសប្រជាការពារ មានតួនាទីស្នូលក្នុងការជួយការពារដំណើការ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។

ក្រុមការងារបានឧបត្ថម្ភថវិកា និងសម្ភារមួយចំនួនរបស់លោករដ្ឋមន្រ្តីប្រធានក្រុមការងារ ជូនដល់ប្រជាការពារចំនួន ២,០៧១នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកា ចំនួន៤ម៉ឺនរៀល, អាវភ្លៀងចំនួន១, ពិលបំភ្លឺ និងភេសជ្ជៈមួយចំនួន និងថវិកាមួយចំនួនទៀតរបស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំ និងថវិការបស់លោកអភិបាលស្រុក ផងដែរ៕