(អ៊ីស្តង់ប៊ុល)៖ អាជ្ញាធរតួកគី បានចេញដីការចាប់អ្នកសារព័ត៌មាន ៤២នាក់យកមកឃុំខ្លួន ដែលពួកគេទំនងជា បានជាប់ពាក់ព័ន្ធនឹងបទចោទប្រកាន់ ក្នុងការផ្សាយព័ត៌មានបំផ្លើស ឬមិនពិតនៅអំឡុងថ្ងៃកើតមានរដ្ឋប្រហារទម្លាក់ រដ្ឋាភិបាលប្រធានាធិបតីលោក Tayyip Erdogan នាយប់ថ្ងៃទី១៥ ឈានចូលថ្ងៃទី១៦ ខែកក្កដាកន្លងទៅនេះ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយChannel News Asia នារសៀលថ្ងៃចន្ទ ទី២៥ ខែកក្កដា ឆ្នាំ២០១៦។
តាមការផ្សាយរបស់ទូរទស្សន៍ជាតិតួកគី NTV បានឲ្យដឹងទៀតថា អ្នកវិភាគតាមទូរទស្សន៍ និងជាអតីត សមាជិកសភាតួកគី លោក Nazli Ilicak ក្នុងស្ថិតនៅក្នុង បញ្ជីឈ្មោះនៃអ្នកដែលរដ្ឋាភិបាលចេញបញ្ជាឲ្យចាប់ឃុំខ្លួននោះផងដែរ។ ភាគច្រើននៃអ្នកចាប់ខ្លួន ត្រូវបានគេដឹងថា ជាអ្នកផ្សាយព័ត៌មានតាមវិទ្យុ ទូរទស្សន៍ និងបណ្តាញព័ត៌មានក្នុងស្រុកធំៗ ដែលធ្លាប់ចេញផ្សាយថា យោធាបានទម្លាក់រដ្ឋាភិបាលបានសម្រេច។
សូមជំរាបថា ចាប់តាំងពីកើតមានរដ្ឋប្រហារ១០ថ្ងៃមកនេះ រដ្ឋាភិបាលតួកគីដែលកំពុងគ្រប់គ្រងអំណាចឡើងវិញ បានចាប់ឃុំ, ដកតំណែង, និង បើកការស៊ើបអង្កេត មន្ត្រីពាក់ព័ន្ធគ្រប់ស្ថាប័នសរុបជាង ៦០,០០០នាក់។ មន្ត្រីភាគច្រើនមកពីស្ថាប័នយោធា, ប៉ូលិស, គ្រូបង្រៀន, និង រួមមានទាំងមន្ត្រីរដ្ឋជាច្រើនទៀត ដែលអាជ្ញាធរអះអាងថាបានជាប់ពាក់ព័ន្ធ នឹងការធ្វើរដ្ឋប្រហារតែបរាជ័យនោះ៕