(ព្រៃវែង)៖ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រៃវែង ដឹកនាំដោយលោក ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងាចុះជួយ ឃុំកំពង់ត្របែក និងលោកឧកញ៉ា ឆាយ សុធា ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង និងជាអនុប្រធានក្រុមការងាចុះជួយឃុំកំពង់ត្របែក រួមទាំងក្រុមយុវជនសប្បុរសធម៌ជាតិ-អន្តរជាតិ១៨ បាននាំយកអំណោយចុះចែកជូន ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ៥០០គ្រួសារ នៅឃុំជ្រៃ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

លើកឡើងនាឱកាសចុះចែកអំណោយកាលពីចុងសប្តាហ៍កន្លងទៅនេះលោកឧកញ៉ា ឆាយ សុធា បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ជូនដល់ប្រជាពលរដ្ឋគ្រប់រូប ក្នុងមូលដ្ឋានឃុំកំពង់ត្របែក និងបានអះអាដែរថា សម្តេចក្រឡាហោម តែងគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនគិតពីនិន្នាការណ៍នយោបាយនោះឡើយ។

ជាមួយគ្នានេះ លោកឧកញ៉ា ឆាយ សុធា បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ អញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅក្នុងពេលឆាប់ៗខាងមុខនេះឱ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីឱ្យសម្តេចតេជោ បានបន្តដឹកនាំប្រទេសបន្តទៅមុខទៀត និងរក្សាបាននូវសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍជាបន្តបន្ទាប់ទៀតផងដែរ។

ប​ន្ថែ​មពីនេះលោកឧកញ៉ា ឆាយ សុធា ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ កុំជឿលើការញុះញង់របស់ក្រុមប្រឆាំងមួយក្តាប់តូច ដែលមានចេតនាចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងមានចេតនាចង់ឱ្យប្រទេសជាតិ ធ្លាប់ចូលក្នុងបង្គ្រាមឡើងវិញ។ លោកឧកញ៉ាក៏បានអះអាងថា មានតែគណបក្សប្រជាជនមួយប៉ុណ្ណោះ ដែលបានដឹកនាំប្រទេសជាតិដោយបានបញ្ចប់សង្គ្រាម និងនាំមកនូវសុខសន្តិភាពពេញផ្ទៃប្រទេសផងដែរ។

សូមបញ្ជាក់ថា អំណោយដែលបានប្រគលជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតទាំង ៥០០គ្រួសារនាឱកាសនោះរួមមាន៖ អង្ករ ២៥គីឡូក្រាម មី ១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៉ីវ ១យួរ ត្រីខ ១យួរ និងថវិកា ២០,០០០រៀល៕