(តាកែវ)៖ លោកបណ្ឌិត ពេជ សោភ័ន រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី រដ្ឋលេខាធិការប្រចាំការ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាសហប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកព្រៃកប្បាស ខេត្តតាកែវ បានផ្ដាំផ្ញើដល់ក្រុមការងារ បន្តចុះសួរសុខទុក្ខ ជួយឧបត្ថម្ភគាំទ្រ និងដោះស្រាយសំណូមពរ ក៏ដូចជាទុក្ខលំបាករបស់ប្រជាពលរដ្ឋ។

ការផ្ដាំផ្ញើបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកបណ្ឌិត ពេជ សោភ័ន អញ្ជើញចូលរួម ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ អគារមណ្ឌលសុខភាពចារ ស្ថិតនៅភូមិអង្គស្វាយចេក ឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣នេះ។

បន្ថែមពីនោះទៀត លោកបណ្ឌិត ពេជ សោភ័ន ក៏សូមផ្ដាំផ្ញើដល់ក្រុមការងារ ក៏ដូចជាក្រុមប្រឹក្សាឃុំ បន្តខិតខំចូលរួមអនុវត្តឲ្យបានជោគជ័យ តាមគោលនយោបាយនានារបស់រាជរដ្ឋាភិបាល ជាពិសេសគោលនយោបាយអភិវឌ្ឍន៍ឃុំចារ ឆ្នាំ២០២២-២០២៧។

លោកបណ្ឌិត ពេជ សោភ័ន បានប្រាប់ឲ្យបន្តចុះសួរសុខទុក្ខ ជួយឧបត្ថម្ភគាំទ្រ និងដោះស្រាយសំណូមពរ ក៏ដូចជាទុក្ខលំបាករបស់ប្រជាពលរដ្ឋ ហើយផ្ដល់អាហារូបករណ៍ដល់កូនចៅប្រជាពលរដ្ឋ បានទទួលការសិក្សាលើមុខជំនាញវិជ្ជាជីវៈ ដើម្បីមានជំនាញច្បាស់លាស់សម្រាប់រកការងារធ្វើ ឬប្រកបមុខរបរចិញ្ចឹមជីវិត ជួយជីវភាពក្រុមគ្រួសារ ឲ្យកាន់តែប្រសើរ។

ជាមួយគ្នានេះ លោកបណ្ឌិត ពេជ សោភ័ន ក៏បានប្រាប់ឲ្យត្រូវរួមគ្នាប្រឆាំងដាច់ខាត មិនឲ្យពួកអ្នកនយោបាយជ្រុលនិយម និងជនក្បត់ជាតិ ដែលតែចិញ្ចឹមចិត្ត ចង់បានអំណាចតាមរូបភាព យកលេសប្រជាធិបតេយ្យ និងសិទ្ធិមនុស្សធ្វើជាខែល តែប្រព្រឹត្តនូវសកម្មភាព និងទង្វើសាបព្រោះនូវមនោគមវិទ្យាដ៏គ្រោះថ្នាក់ ដោយវាយប្រហាររាជរដ្ឋាភិបាល មួលបង្កាច់ លាបព័ណ៌ ញុះញុង

«យកប្រទេសជិតខាងធ្វើជាសត្រូវ មិនដែលគិតគូរធ្វើអ្វីឲ្យជីវភាពប្រជាជនបានល្អប្រសើរ ធ្វើម៉េចឲ្យប្រជាជនខឹង រាជរដ្ឋាភិបាល ចូលចិត្តធ្វើបាតុកម្មខុសច្បាប់ អំពាវនាវឲ្យកងទ័ពផ្ដួលរំលំរាជរដ្ឋាភិបាល ប្រមាថព្រះមហាក្សត្រ ដើរអំពាវនាវឲ្យបរទេសដាក់ការកៀបសង្កត់មកលើប្រទេសខ្លួន កាត់ជំនួយ បិទទីផ្សារ ដើម្បីឲ្យកម្មករ កម្មការិនីអត់ការងារធ្វើ គ្មានប្រាក់ចំណូល សេដ្ឋកិច្ចជាតិធ្លាក់ចុះ»។
«រាជរដ្ឋាភិបាលជួបវិបត្តិ ដើម្បីជាឱកាសល្អរបស់ពួកគេបំផុសបំផុល ឲ្យប្រជាជន និងបងប្អូនកម្មករចូលរួមប្រឆាំងតវ៉ាឈានទៅផ្ដួលរំលំរាជរដ្ឋាភិបាល»។ នេះជាការគូសបញ្ជាក់ របស់លោកបណ្ឌិត ពេជ សោភ័ន។

លោកបណ្ឌិត ពេជ សោភ័ន បានលើកឡើងថា នយោបាយដ៏ថោកទាបនេះ យើងមិនអាចបណ្ដោយឲ្យកើតមានទៀតទេ ចំពោះកម្ពុជាដ៏អភ័ព្វរបស់យើង ដែលយើងខិតខំស្តាររហូតបានដល់ថ្ងៃនេះ។

ទន្ទឹមគ្នានេះ លោកបណ្ឌិត ពេជ សោភ័ន បានឲ្យដឹងថា នៅសល់តែ២៨ថ្ងៃទៀតប៉ុណ្ណោះ ដល់ថ្ងៃបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ យើងទាំងអស់គ្នាទៅបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាដែលមាន លេខរៀងទី១៨ ដើម្បីចូលរួមជួយថែរក្សាសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិយើង ឲ្យចម្រើនរុងរឿងថែមទៀត៕