(បាត់ដំបង)៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានយុទ្ធនាការអន្ទាក់សូន្យរូបនេះ បានលើកទឹកចិត្ត សូមសំណូមពរយ៉ាងទទូចឱ្យសាធារៈជនទាំងអស់ចូលរួមជាមួយក្រសួង និងអ្នកអភិរក្ស និងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋក្លាយជាទូតសុឆន្ទៈសម្រាប់សត្វព្រៃ ដោយការនិយាយថាទេ ចំពោះសាច់សត្វព្រៃ និងផលិតផលពីសត្វព្រៃគ្រប់ប្រភេទទាំងអស់ បូករួមនឹងការផ្សព្វផ្សាយបន្ថែមពី សារៈសំខាន់នៃការអភិរក្សសត្វព្រៃ ទៅដល់មិត្តភក្តិ គ្រួសារ និងសហគមន៍របស់អ្នក។
យុទ្ធនាការ «អន្ទាក់សូន្យ» ដំណាក់កាលទី២ ប្រារព្ធយុទ្ធនាការតាមខេត្តចុងក្រោយក្នុងខេត្តបាត់ដំបង និងប៉ៃលិន ក្រុងបាត់ដំបង នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ ក្រោមការដឹកនាំរបស់ក្រសួងបរិស្ថាន ដោយមានកិច្ចសហការ ពីរដ្ឋបាលខេត្តបាត់ដំបង និងអង្គការដៃគូរអភិក្សនានាក្នុងប្រទេសកម្ពុជា។ យុទ្ធនាការអន្ទាក់សូន្យក្នុងខេត្តនេះ ត្រូវបានជួយសម្រប សម្រួលនិងគាំទ្រថវិកាមួយចំណែកដោយមូលនិធិម៉ាដក្សចូលីភីត (MJP)។
អ្នកនាំពាក្យរូបនេះ បានគូសបញ្ជាក់ថា៖ «ការបាត់បង់សត្វព្រៃ និងជីវៈចម្រុះ នឹងបង្កឱ្យមានអតុល្យភាពក្នុងប្រព័ន្ធអេកូឡូស៊ី។ ដូច្នេះ ខ្ញុំសូមសំណូមពរយ៉ាងទទូចឱ្យសាធារៈជនទាំងអស់ចូលរួមជាមួយយើង។ វាដល់ពេលហើយ សម្រាប់ អ្នកនិយមបរិភោគសាច់សត្វព្រៃបញ្ឈប់ការបរិភោគ អ្នកជួញដូរបញ្ឈប់ការជួញដូរ ហើយអ្នកដាក់អន្ទាក់បញ្ឈប់សកម្មភាពដាក់អន្ទាក់។ សម្រាប់សាធារៈណជនទូទៅ ខ្ញុំសូមលើកទឹកចិត្តឱ្យពួកគាត់ក្លាយជាទូតសុឆន្ទៈ សម្រាប់សត្វព្រៃ ដោយការនិយាយថាទេ ចំពោះសាច់សត្វព្រៃ និងផលិតផលពីសត្វព្រៃគ្រប់ប្រភេទទាំងអស់ បូករួមនឹងការផ្សព្វផ្សាយបន្ថែមពី សារៈសំខាន់នៃការអភិរក្សសត្វព្រៃ ទៅដល់មិត្តភក្តិ គ្រួសារ និងសហគមន៍របស់អ្នក»។
ថ្លែងក្នុងនាមជាប្រធានយុទ្ធនាការអន្ទាក់សូន្យ លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា សូមថ្លែងអំណរគុណ ចំពោះអ្នកពាក់ព័ន្ធគ្រប់រូបទាំងពីរដំណាក់កាលកន្លងមកនេះ។ ក្នុងការអនុវត្តយុទ្ធនាការរយៈពេលជិត១២ខែកន្លងមកនេះ យើងមើលឃើញផ្លែផ្កាជាច្រើន ដែលវាមិនចាំបាច់ធ្វើការវាយតម្លៃតាមលក្ខណៈវិទ្យាសាស្រ្តនោះទេ។ ក្នុងនោះ គឺការសម្របសម្រួលដ៏ល្អ ការប្តេជ្ញាចិត្តខ្ពស់ និងការខិតខំប្រឹងប្រែងដ៏សស្រាកសស្រាំពីបណ្តាអ្នកពាក់ព័ន្ធទាំងអស់។ ក្នុងកំឡុងពេលអនុវត្តយុទ្ធនាការនេះដែរ យើងសង្កេតឃើញវប្បធម៌ធ្វើការថ្មីមួយ ដែលក្នុងនោះគឺការសហការដ៏ល្អរវាងអង្គការដៃគូទាំងអស់ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ ជាពិសេស គឺបណ្តាមន្ទីរបរិស្ថានទាំង១២ខេត្ត។
មានភូមិសាស្ត្រក្នុងភាគពាយ័ព្យនៃប្រទេសកម្ពុជា ខេត្តបាត់ដំបងនិងប៉ៃលិន គឺជាខេត្តដែលមានធនធានធម្មជាតិដ៏សំបូរបែបមួយ រាប់ចាប់ពីភ្នំ ដល់ទន្លេ ហើយរួមទាំងធនធានសត្វព្រៃផងដែរ។ លើសពីនេះ ខេត្តទាំងពីរក៏មានប្រវត្តិយូរលង់ផងដែរ។ ក៏ប៉ុន្តែ ចំនួនសត្វព្រៃក្នុងខេត្តបាត់ដំបងនិងប៉ៃលិន រួមទាំងនៅតាមបណ្តាខេត្តផ្សេងៗទៀត បាននឹងកំពុងមានការថយចុះគួរឲ្យកត់សម្គាល់ ពីសកម្មភាពអន្ទាក់ក្នុងតំបន់ការពារធម្មជាតិ ដែលបណ្តាលមកពីទីផ្សារសាច់សត្វព្រៃ សម្រាប់បរិភោគនិងសម្រាប់ប្រើប្រាស់ជាថ្នាំព្យបាល។
រដ្ឋលេខាធិការបានបន្ថែមថា៖ «កម្ពុជាយើងកំពុងធ្វើដំណើរឈានទៅទទួលបាន ចំនួនអន្ទាក់ធ្លាក់មកសូន្យក្នុងតំបន់ការពារធម្មជាតិ ការអភិវឌ្ឍប្រកបដោយចីរភាព និង ការរីកចម្រើនផ្នែកសេដ្ឋកិច្ច ហេតុដូចនេះ វិធីសាស្រ្តនៃការអនុវត្តការងារតាមទម្លាប់ចាស់ និងផ្នត់គំនិតចាស់ៗ មិនអាចជម្រុញឲ្យយើងទទួលបានគោលដៅនេះនោះទេ។ ហើយ ដើម្បីទទួលបានផ្លែផ្កាដូចដៅទុក យើងត្រូវការការចូលរួមពីប្រជាជនគ្រប់មជ្ឈដ្ឋានទាំងអស់។ យើងត្រូវរួមគ្នា ដើម្បីអនាគតល្អប្រសើររបស់យើងទាំងអស់គ្នា»។
បើតាមលោក គង់ មុនីច័ន្ទ នាយកមូលនិធិ MJP ប្រចាំនៅកម្ពុជា បានចង្អុលបង្ហាញថា៖ «ការអភិរក្សនិងការពារសត្វព្រៃ គឺជានិន្នាការរួមនៃពិភពលោក។ បទពិសោធន៍នៅប្រទេសជាច្រើនបានបញ្ជាក់ឱ្យឃើញថា ការអភិរក្សសត្វព្រៃបានផ្តល់មកវិញនូវផលប្រយោជន៍សេដ្ឋកិច្ច សហគមន៍ និងប្រទេសទាំងមូល។ ការសិក្សាថ្មីៗនេះ បានបញ្ជាក់ឱ្យដឹងថា នៅមានសត្វព្រៃជាច្រើនប្រភេទ កំពុងរស់នៅក្នុងតំបន់ព្រៃនានា នៃប្រទេសកម្ពុជាយើង ក្នុងនោះរួមមានទាំងប្រភេទសត្វព្រៃកម្រ និងជិតផុតពូជផងដែរ។ ការបញ្ឈប់នូវការបរបាញ់ដាក់អន្ទាក់ចាប់សត្វព្រៃ និងប្តូរមកជាការជួយការពារសត្វព្រៃ គឺជាជម្រើសមួយដ៏ត្រឹមត្រូវ សម្រាប់កម្ពុជា។ យុទ្ធនាការអន្ទាក់សូន្យ គឺជាសំឡេងដាស់តឿនដ៏ប្រសើរ និងទាន់ពេលវេលា ក្នុងការជួយប្តូរទស្សនាទាន ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ឲ្យងាកមកចូលរួមសង្គ្រោះ និងអភិរក្សសត្វព្រៃ ដ៏កម្រនិងមានតម្លៃ នៃប្រទេសយើង»។
លោក សេង ទៀក នាយកអង្គការ WWF កម្ពុជា បានគូសបញ្ជាក់ថា៖ «យុទ្ធនាការអន្ទាក់សូន្យក្នុងខេត្តបាត់ដំបងនេះ គឺជាយុទ្ធនាការចុងក្រោយគេនៅតាមបណ្តាខេត្តសរុបចំនួនទាំង ១២ ដែលបានអនុវត្តក្នុងប្រទេសកម្ពុជាចាប់តាំងពីខែមិនា ឆ្នាំ២០២២មកម្លេះ។ ការកៀរគរសាធារណៈជន មកចូលរួមនិងឯកភាពលើគំនិតនិងសកម្មភាពរួមគ្នាដើម្បីប្រយោជន៍រួម មិនមែនជារឿងងាយស្រួលនោះទេ ក៏ប៉ុន្តែស្ថិតក្រោមភាពជាដៃគូយុទ្ធសាស្រ្ត យើងធ្វើការងារនេះបានដោយជោគជ័យ។ ថ្វីត្បិតថាយុទ្ធនាការរបស់យើងត្រូវបានបញ្ចប់ ប៉ុន្តែបេសកកម្មដើម្បីបង្កើតទីជម្រកសុវត្ថិភាពដល់សត្វព្រៃនៅមិនទាន់បញ្ចប់នៅឡើយទេ។ ក្រសួងបរិស្ថាន និងអង្គការដៃគូរនឹងបន្តធ្វើការរួមគ្នាលើការត្រួតពិនិត្យទីផ្សារសាច់សត្វព្រៃ បញ្ឈប់ការបរបាញ់ និងការជួញដូរសត្វព្រៃខុសច្បាប់ក្នុងប្រទេសកម្ពុជា»។
លោក សេង ទៀក បានបន្ថែមថា ដើម្បីធានាបានចំនួនអន្ទាក់ធ្លាក់មកសូន្យក្នុងព្រៃ និងតំបន់ការពារធម្មជាតិ យើងត្រូវបង្កើតនិងអនុវត្តគម្រោងបង្កើនសេដ្ឋកិច្ចមូលដ្ឋានឱ្យបានច្រើន ដែលអាចជួយដល់ជីវភាពសហគមន៍ មូលដ្ឋានដើម្បីកុំឱ្យពួកគាត់ពឹងអាស្រ័យតែលើធនធានព្រៃឈើនិងសត្វព្រៃ។ ដោយឡែកលោក ងួន លីណា អភិបាលរងខេត្តប៉ៃលិន បានឱ្យដឹងថា យុទ្ធនាការអន្ទាក់សូន្យបានផ្តល់នូវសារៈប្រយោជន៍ យ៉ាងសំខាន់ក្នុងការចូលរួមទប់ស្កាត់ការសម្លាប់សត្វព្រៃ។
លោកអភិបាលរងខេត្ដបានបង្ហាញការប្ដេជ្ញាចិត្ដថា រដ្ឋបាលខេត្តប៉ៃលិន នឹងសហការជាមួយមន្រ្តីពាក់ព័ន្ធក្នុងបទល្មើសដូចជាការទន្ទ្រានដី ការដាក់អន្ទាក់ សម្លាប់សត្វព្រៃ ក៏ដូចជាការជួញដូរសត្វព្រៃ។ ចំណែកលោក ផេង សិទ្ធី អភិបាលរងខេត្តបាត់ដំបង ក៏បានបញ្ជាក់ថា អាជ្ញាធរខេត្ដប្តេជ្ញាចូលរួមលុបបំបាត់នូវការដាក់អន្ទាក់ ដែលជាការបំផ្លាញសត្វព្រៃដ៏មានតម្លៃសម្រាប់ទឹកដីខេត្តបាត់ដំបង។ លោកបានអះអាងថា សម្រាប់តំបន់ព្រៃឈើនៅក្នុងខេត្តបាត់ដំបងត្រូវតែអស់អន្ទាក់ ហើយព្រមជាមួយគ្នានេះដែរ នៅតាមភោជនីយដ្ឋានក៏មិនត្រូវមានការលក់មុខម្ហូបធ្វើពីសត្វព្រៃផងដែរ។
យុទ្ធនាការមហាជនមួយនេះ ផ្តោតលើការបង្កើនការយល់ដឹងនិងទាញការចូលរួមពីសាធារណជនគ្រប់ស្រទាប់ដើម្បីជួយការពារសត្វព្រៃយើងកុំឱ្យបាត់បង់ដោយការដាក់អន្ទាក់ ការបរបាញ់ និងការជួញដូរសត្វព្រៃខុសច្បាប់។ ជាងនេះទៀត យុទ្ធនាការអន្ទាក់សូន្យនេះ ក៏ឆ្លុះបញ្ចាំងឱ្យឃើញផងដែរពីកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងក្រសួងបរិស្ថាន ជាមួយនឹងស្ថាប័នដៃគូអភិក្សនានា រួមមាន៖ អង្គការ មូលនិធិសកលសម្រាប់ធម្មជាតិ (WWF) មូលនិធិម៉ាដក្សចូលីភីត (MJP) មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) អង្គការសម្ព័ន្ធសត្វព្រៃនិងធម្មជាតិ(Wild Earth Allies) អង្គការអភិរក្សអន្តរជាតិប្រចាំកម្ពុជា (CI) អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា(WCS) អង្គការជីវិតធម្មជាតិកម្ពុជា (Nature Life) អង្គការសត្វព្រៃនិងរុក្ខជាតិ កម្ពុជា(FFI) អង្គការរីខូហ្វកម្ពុជា (RECOFTC) និងក្រុមហ៊ុនវីតាល់និងមីជាតិ (Vital and Mee Chiet)។ ដៃគូសហការទាំងអស់នៃយុទ្ធនាការ បានធ្វើការរួមគ្នាយ៉ាងសកម្ម ដើម្បីកាត់បន្ថយ និងលុបបំបាត់អន្ទាក់នៅក្នុងតំបន់ការពារធម្មជាតិនានា ក្នុងគោលដៅផ្តល់នូវជម្រកសុវត្ថិភាពដល់សត្វព្រៃ និងជីវៈចម្រុះផ្សេងៗទៀតដែលមានតួនាទីយ៉ាងសំខាន់ក្នុងប្រព័ន្ធអេកូឡូស៊ី៕